គម្រោងស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត សាងសង់សម្រេចបាន ៨,៤០%

7News

គម្រោងស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត សាងសង់សម្រេចបាន ៨,៤០%

ចេញផ្សយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥៖

ត្រឹមដើមខែឧសភា ឆ្នាំ២០២៥ ដំណើរការ សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ប្រមាណ ៨,៤០% បន្ទាប់ពី បើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣។

គម្រោងស្ពានដីឥដ្ឋ-ថ្មគរ មានទីតាំងត្រើយខាងលិចស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច ការដឹកជញ្ជូនពីភាគខាងត្បូង និងខាងកើតរាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។


បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងមមាញឹកក្នុងសាងសង់ស្ពានដែកបណ្តោះអាសន្ននៅផ្នែកខាងលិច បានប្រវែង ២៧១ ម៉ែត្រស្មើនឹង ៧០ % នៃប្រវែងសរុប ៥៣៣ ម៉ែត្រ និងផ្នែកខាងកើតកំពុងរៀបចំដំណើរការសាងសង់ស្ពានដែកបណ្តោះអាសន្នប្រវែង ៥៥៤ ម៉ែត្រ ដើម្បីបំពាក់សម្ភារគ្រឿងចក្រខួងសរសរគ្រឹះនាពេលខាងមុខដ៏ខ្លី។

ខណៈ ដែល ការដ្ឋានស្ពាន សាងសង់ កាន់តែមមាញឹក ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើដល់សាធារណជន ក៏ដូចជា ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ ដែលធ្វើដំណើរតាមដងទន្លេមេគង្គ ឆ្លងកាត់តំបន់ការដ្ឋានសាងសង់ យកចិត្តទុកដាក់ក្នុងការបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងឧបទ្ទវហេតុកើតឡើងជាយថាហេតុ ដោយគោរពតាមសេចក្តីណែនាំរបស់ក្រសួង។



គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប ៣ ៧០០ ម៉ែត្រ ដែលក្នុងនោះតួស្ពានមានប្រវែងសរុប ១ ៦០០ ម៉ែត្រ និងទទឹង ២៦ ម៉ែត្រ(៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង ២ ១០០ ម៉ែត្រ ទទឹងផ្លូវ ២៦ ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ ចំនួន ៤ ខ្សែ ដែល រយៈពេលសាងសង់ចំនួន ៤៨ ខែ គ្រោងបញ្ចប់ក្នុងឆ្នាំ២០២៨៕

Nº.0669

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top