ស៊ូដង់ ស្លាប់ជាង ៣០នាក់ ក្រោមការវាយប្រហារផ្លូវអាកាសរបស់ក្រុមប្រដាប់អាវុធទាហានប៉ារ៉ា

7News

ស៊ូដង់ ស្លាប់ជាង ៣០នាក់ ក្រោមការវាយប្រហារផ្លូវអាកាសរបស់ក្រុមប្រដាប់អាវុធទាហានប៉ារ៉ា

ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥៖

នៅស៊ូដង់ នាថ្ងៃសៅរ៍ ទី១០ ឧសភា យ៉ាងហោចណាស់មនុស្សចំនួនជាង ៣០នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងការវាយប្រហាររបស់ក្រុមប្រដាប់អាវុធទាហានប៉ារ៉ា ទៅលើជំរំជនភៀសខ្លួនស៊ូដង់ និង ពន្ធនាគារមួយកន្លែង។ រដ្ឋាភិបាលស៊ូដង់និងអង្គការ Amnesty International បានចោទប្រកាន់អេមីរ៉ាត អារ៉ាប់រួម ថាជាអ្នកផ្គត់ផ្គង់អាវុធចិនដល់ក្រុមប្រដាប់អាវុធស៊ូដង់។

នៅស៊ូដង់ នាយប់ថ្ងៃសុក្រ ឈានចូលថ្ងៃសៅរ៍ ទី១០ ឧសភា ក្រុមប្រដាប់អាវុធទាហានប៉ារ៉ាស៊ូដង់បានបើកការវាយប្រហារទម្លាក់គ្រាប់និងដោយដ្រូន ទៅលើទីតាំងពីរកន្លែងផ្សេងគ្នា។ ទីតាំងទី១ នៅជំរំជនភៀសខ្លួន អាប៊ូ ឈូក Abou Chouk នៅតំបន់ដារហ្វួរខាងជើង (Darfour-Nord) ដែលស្ថិតនៅភាគខាងលិចប្រទេស ដោយបានផ្តាច់ជីវិតជនស៊ីវិលស៊ូដង់មួយគ្រួសារ ប្រមាណ១៤នាក់។ ទីតាំងទី២ នៅមន្ទីឃុំឃាំងមួយកន្លែង ក្នុងរដ្ឋ កូរដូហ្វង់ខាងជើង (Kordofan-Nord) នៅភាគខាងត្បូងប្រទេស បណ្តាលឲ្យអ្នកទោស ១៩នាក់ ស្លាប់បាត់បង់ជីវិត និង មនុស្ស ៤៥នាក់ផ្សេងទៀត រងរបួស។ បើគិតមកត្រឹមថ្ងៃសៅរ៍ ទី១០ ឧសភា យ៉ាងហោចមនុស្ស ៣៣នាក់ បានស្លាប់ នៅក្នុងការវាយប្រហារនេះ។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមជួយសង្រ្គាះស្ម័គ្រចិត្តនិងក្រុមគ្រូពេទ្យ។

ចំណែកឯ កងទ័ពរដ្ឋាភិបាលស៊ូដង់ ក្រោមការដឹកនាំរបស់ឧត្តមសេនីយ អាប់ឌែល ហ្វាតា អាល់ បួរ៉ាន (Abdel Fattah al-Burhane) ក៏បានវាយបកវិញតាមផ្លូវអាកាស ដោយបានកម្ទេចឃ្លាំងស្តុកអាវុធជាច្រើនកន្លែង និង គ្រឿងសព្វាវុធយោធារបស់ក្រុមប្រដាប់អាវុធទាហានប៉ារ៉ា នៅទីក្រុង នីយ៉ាឡា (Nyala) និង អែល ហ្គេណេណា (El Geneina) នៅតំបន់ដារហ្វួរខាងលិច។ 

រដ្ឋាភិបាលស៊ូដង់និងអង្គការ Amnesty International បានចោទប្រកាន់អេមីរ៉ាត អារ៉ាប់រួម ថាជាអ្នកផ្គត់ផ្គង់អាវុធចិនដល់ក្រុមប្រដាប់អាវុធស៊ូដង់។ ទង្វើ នេះ ជា ការ រំលោភបំពាន បម្រាម របស់ អង្គការសហប្រជាជាតិ ។ អេមីរ៉ាត អារ៉ាប់រួម បាន ច្រាន ចោល រាល់ គ្រប់ពាក្យ ចោទ ប្រកាន់ដោយ បដិសេធ ថា មិន បាន ជ្រៀត ជ្រែក ក្នុង ជម្លោះ នៅ ស៊ូដង់។

សូមរំឭកថា តាំង ពី ថ្ងៃទី១៥ មេសា ជម្លោះ រវាង កងទ័ព របស់ ឧត្តមសេនីយ ពីរ រូប គឺ លោក អាប់ឌែល ហ្វាតា អាល់ បួរ៉ាន ដែល ជា អគ្គមេបញ្ជាការ កងទ័ពជាតិ និង លោក ម៉ូហាម៉េដ ហាំដាន ដាហ្កាឡូ ដែល ជា មេបញ្ជាការ ក្រុមប្រដាប់អាវុធទាហានប៉ារ៉ា បាន បណ្តាល ឲ្យមាន មនុស្ស ស្លាប់ រាប់ពាន់នាក់ និង មាន អ្នក បម្លាស់ទី ក្នុង ស្រុក និង អ្នកភៀសខ្លួន ចេញ ពី ស្រុក កំណើត សរុប ជាង ១៣លាននាក់។ បើយោងតាមអង្គការសហប្រជាជាតិ នេះគ្រោះមហន្តរាយមនុស្សធម៌ដ៏អាក្រក់បំផុតមួយ នៅក្នុងសកលលោក។

ការ ប្រឈម មុខ ដាក់ គ្នា រវាង ឧត្តមសេនីយ ជើង ខ្លាំង ទាំង ពីរ រូប កំពុង បន្ត មាន និង បើ តាម មើល ទៅ គ្មាន នរណា ម្នាក់ សុខ ចិត្ត លើក ទង់ជាតិ ស ឬ មួយ ក៏ ធ្វើ សម្បទាន ឲ្យ នរណា ម្នាក់ ឡើយ។ បច្ចុប្បន្ននេះ កងទ័ពរដ្ឋាភិបាល គ្រប់គ្រងនៅតំបន់ភាគកណ្តាល ភាគខាងកើត និង ភាគខាជើងស៊ូដង់។ រីឯ ក្រុមប្រដាប់អាវុធទាហានប៉ារ៉ាវិញ កាន់កាប់ភាគខាងលិចនៃតំបន់ដារហ្វួរ ស្ទើរតែទាំងស្រុង និង តំបន់ខាងត្បូងមួយផ្នែក។

Nº.0668




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top