អាមេរិក វាយប្រហារលើ់ពួកហ៊ូទី នៅយេម៉ែន ស្លាប់ មនុស្សអស់យ៉ាង ហោច៦៨នាក់

7News

អាមេរិក វាយប្រហារលើ់ពួកហ៊ូទី នៅយេម៉ែន ស្លាប់ មនុស្សអស់យ៉ាង ហោច៦៨នាក់

ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥៖

ក្នុង ក្របខ័ណ្ឌ នៃ ប្រតិបត្តិការ Rough Rider អាមេរិក បាន បាញ់ ប្លោង ស្ទើរជា រៀង រាល់ ថ្ងៃ តាំងពី ថ្ងៃទី ១៥ មីនា មក លើ ទី តាំង ជាង ៨០០ កន្លែង នៅយេម៉ែន និង បាន កម្ចាត់ ពួក ឧទ្ទាម ហ៊ូទី អស់ ជាច្រើន រយ នាក់។ នេះ បើ តាម សេចក្តី ជូន ដំណឹង របស់ យោធា អាមេរិក កាលពី ថ្ងៃ អាទិត្យ ទី ២៧ មេសា។ ហើយ នៅ ថ្ងៃ ចន្ទ នេះ ពួក ហ៊ូទី នៅយេម៉ែន ដែល គាំទ្រ ដោយអ៊ីរ៉ង់ បាន អះអាង ថា ការ វាយប្រហារ អាមេរិកកាលពីម្សិលមិញ បានដៅ ចំ លើ មជ្ឈមណ្ឌល ឃុំ ឃាំង ជន អន្តោប្រវេសន៍ នៅ Saadah ស្លាប់ មនុស្ស អស់ យ៉ាង ហោច ៦៨នាក់ ។

បណ្តាញ ផ្សព្វផ្សាយ របស់ ចលនា ឧទ្ទាម ហ៊ូទី បាន បង្ហាញ រូបភាព ជន រងគ្រោះ របួស ឬ ជាប់ កុន ក្នុង គំនរ អគារ បាក់ រលំ ព្រមទាំង ក្រុម សង្គ្រោះ កំពុង ប្រឹង ជួយ ជនរងគ្រោះ នៅ កន្លែង កើត ហេតុផង នៅ មន្ទីរ ពេទ្យផង។ ជា សរុប មាន ស្លាប់ យ៉ាង ហោចណាស់ ៦៨ នាក់ នៅ ក្នុង ការ វាយប្រហារ របស់ អាមេរិក ដែល ដៅ លើ មជ្ឈមណ្ឌល ឃុំឃាំង ជន អន្តោប្រវេសន៍ Saadah និង ជា មូលដ្ឋាន ដ៏ ធំ របស់ហ៊ូទី ប្រចាំ ភាគ ខាង ជើង នៃ ប្រទេស យេម៉ែន។ នេះ បើ តាម ការ អះអាង របស់ ពួក ឧទ្ទាម ហ៊ូទីដដែល ដោយ បន្ថែម ថា មន្ទីរ ឃុំឃាំង នេះ មាន អ្នក ទោស អន្តោប្រវេសន៍ ខុស ច្បាប់ ចំនួន ១១៥ នាក់។

អង្គការ អន្តោប្រវេសន៍ អន្តរជាតិ កំពុង តាម ដាន ស្ថានការណ៍ យ៉ាង ល្អិតល្អន់ តែ គ្មាន លទ្ធភាព ធ្វើ អន្តរាគមន៍ បញ្ចៀស គ្រោះភ័យ និង ការពារ ជន ងាយរងគ្រោះ ក្នុង ស្ថានភាព ដ៏ លំបាក នេះទេ។ ទីភ្នាក់ងារ សារព័ត៌មាន បារាំង ក៏ មិន អាច ផ្ទៀង ផ្ទាត់ ព័ត៌មាន ដោយ ឯករាជ្យ បាន ដែរ ។

ប៉ុន្តែ កាលពី ថ្ងៃអាទិត្យ ពោលគឺ ប៉ុន្មាន ម៉ោងមុន សេចក្តី ប្រកាស របស់ចលនា ហ៊ូទី យោធា អាមេរិក បានចេញ សេចក្តី ថ្លែងការណ៍ គូស បញ្ជាក់ ថា ការ វាយប្រហារ អាមេរិក យ៉ាង សន្ធាប់និង ស្ទើរ ជា រៀង រាល់ ថ្ងៃ លើ ទីតាំង ពួក ឧទ្ទាម ហ៊ូទីតាំងពី ថ្ងៃ ទី ១៥ មីនា ២០២៥ បាន ដៅកម្ទេច ផ្ទាំង ស៊ីប សរុប ប្រមាណ ជាង ៨០០កន្លែង និង កម្ចាត់ ទាហាន ហ៊ូទី បាន ជា ច្រើន រយ នាក់ ហើយ ខ្លះ ជា សមាជិក ក្នុង ជួរ ដឹកនាំផង។ ការ វាយប្រហារ នេះ ស្ថិត នៅក្នុង ក្របខ័ណ្ឌ នៃ ប្រតិបត្តិការ Rough  Rider សំដៅ បិទ បញ្ចប់ការ គំរាមកំហែង របស់ ពួក ឧទ្ទាម ហ៊ូទី លើ តំបន់ សមុទ្ទ ក្រហម និង តំបន់ ឈូង សមុទ្ទAden ដែល ប៉ះពាល់ យ៉ាង ខ្លាំង ដល់ ពាណិជ្ជកម្ម ពិភពលោក។ អាមេរិក ចាប់ វាយប្រហារតាម ផ្លូវ អាកាស លើ ពួក ហ៊ូទីនៅយេម៉ែន តាំងពី ខែ មករា ២០២៤មក តែ ចាប់ មាន សន្ធឹកកាន់ តែ ខ្លាំង នៅ ពេល លោក ដូណាល់ត្រាំ ត្រលប់ មក កាន់ តំណែង នៅ សេតវិមានវិញ។

តាំងពី ចុង ឆ្នាំ ២០២៣ មក ដើម្បីសម្តែង សាមគ្គីភាព ជាមួយ ពលរដ្ឋ ប៉ាឡេស្ទីន នៅ ហ្កាហ្សា និង ដោយ មានការគាំទ្រឧបត្ថម្ភ ពី សំណាក់ អ៊ីរ៉ង់ ក្រុម ឧទ្ទាមហ៊ូទី ដែល ត្រួត ត្រា ប្រទេស យេម៉ែន មួយភាគ ធំ បាន បាញ់ មីស៊ីល ជា រឿយៗ ដៅ ទៅ រក ប្រទេស អ៊ីស្រាអែល ព្រមទាំង វាយ ឆ្មក់ លើ នាវាយោធា អាមេរិក អ៊ីស្រាអែល ឬ នាវា ទំនិញ ផ្សេងៗ ជា ញឹក ញយ ដែល ឆ្លងកាត់ តំបន់ នោះ។ បង្កើត ឡើង ដោយ អ៊ីរ៉ង់ ពួក ឧទ្ទាម ហ៊ូទីបច្ចុប្បន្ន ជា ចលនាតស៊ូ អ៊ីរ៉ង់ ដ៏ សកម្មជាងគេ បំផុត ក្រោយ ពី ចលនាហេសបូឡា លីបង់ និង ហាម៉ាស ត្រូវ ចុះ ខ្សោយ ឯ របប បាស្ហាអាល់អាសាទ នៅ ស៊ីរី បាន ដួល រលំ៕

Nº.0637

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top