អាមេរិក បោះដៃចរចាពាណិជ្ជកម្ម តែ ចិន បន្ត ដាក់សម្ពាធ លើក្រុមហ៊ុនយន្តហោះ អាមេរិក

7News

អាមេរិក បោះដៃចរចាពាណិជ្ជកម្ម តែ ចិន បន្ត ដាក់សម្ពាធ លើក្រុមហ៊ុនយន្តហោះ អាមេរិក

ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥៖

សង្គ្រាម ពាណិជ្ជកម្ម រវាង សហរដ្ឋ អាមេរិក និងមហាយក្ស ចិន កំពុងតែបន្ត ពុះ កញ្ជ្រោល ។ ទន្ទឹម នឹង ការ ដំឡើង ពន្ធសង្កត់កចិន សហរដ្ឋអាមេរិក ក៏ បើកផ្លូវ ច្រកផ្លូវ សម្រាប់ ចរចា បញ្ចប់ ជម្លោះ។ ក៏ប៉ុន្តែ ចិន ប្រតិកម្មវាយ បកថា មិនអាច ចរចា ក្រោម សម្ពាធ នោះទេ។ បន្ថែមពីនេះ រដ្ឋាភិបាល ក្រុង ប៉េកាំង បាន ដាក់ សម្ពាធលើ ក្រុមហ៊ុនផលិតយន្តហោះអាមេរិក។

ជាថ្មី ម្តងទៀត ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ បាន បង្ហាញ ជំហរ យ៉ាង ច្បាស់ថា លោកបើកដៃចំហជានិច្ចសម្រាប់ ចរចាចុះកិច្ចព្រមព្រៀង ជាមួយ ចិន ។ ចិនពិត មានភាព ចាំបាច់ ត្រូវ ចុះ កិច្ចព្រមព្រៀង ជាមួយ សហរដ្ឋអាមេរិក តែផ្ទុយទៅវិញ អាមេរិកគ្មានភាព ចាំបាច់ នោះទេ ។ នេះបើតាម ការ អះអាង របស់អ្នកនាំពាក្យ សេតវិមាន អា មេរិក លោកស្រី Karonline Leavitt នៅ ក្នុង សន្និសីទ សារព័ត៌មាន ។ មន្ត្រីជាន់ខ្ពស់ របស់ សេតវិមាន អាមេរិក បញ្ជាក់ទៀតថា ចិន ចង់ បាន អតិថិជនអ្នក ប្រើប្រាស់អាមេរិក ។ ឬនិយាយ បែបផ្សេង ចិន ចង់ បាន លុយ អាមេរិក ។ ម្ល៉ោះហើយ ប្រសិន បើ ចិន ចង់ បញ្ចប់ ជម្លោះ ពាណិជ្ជកម្ម រវាង មហាអំណាច ទាំង ពីរ គឺចិន ត្រូវ សុំ ចរចា ។

មហាយក្ស ចិន ហាក់ ពុំ ទាន់ ចុះញ៉ម នោះឡើយ ហើយ រដ្ឋអំណាច ក្រុងប៉េកាំង បាន អះអាង ថា ចិន នឹង មិនព្រម ចរចា ដោយ ស្ថិត ក្រោម សម្ពាធនោះឡើយ ។ អ្នកនាំពាក្យ ក្រសួង ការបរទេស ចិន លោក Lin Jian ប្រកាស ថា ប្រសិន បើ សហរដ្ឋអាមេរិក ចង់ ដោះស្រាយ បញ្ហា ដោយសុទ្ធចិត្តតាមរយៈ កិច្ចជជែកពិ ភាក្សា និង ការ ចរចាគ្នា ពិតមែននោះ អាមេរិក ត្រូវតែ ឈប់ ជំរិតនិង ឈប់ គំរាម កំហែង ហើយ ងាកមក ជជែក គ្នា ដោយ ឈរលើស្មារតីយុត្តិធម៌ស្មើភាពគ្នា និង គោរព គ្នា ទៅវិញទៅមក។

ទន្ទឹម នឹង ពាក្យ សម្តី ការទូត ចិនក៏ បាន ដាក់ វិធានការ វាយ បកចំពោះ រនាំងពន្ធគយ ដែរ ដែល បណ្តាលឲ្យប៉ះពាល់ ដល់ វិស័យ អាកាសចរណ៍ ។ បើតាមទីភ្នាក់ងារ ព័ត៌មាន Blommberg រដ្ឋអំណាចក្រុងប៉េកាំងបាន ចេញបញ្ជា ប្រាប់ ក្រុមហ៊ុន ចិនឲ្យ ផ្អាក ទទួល យក យន្តហោះ អាមេរិក Boeing ដែលបាន កក់បញ្ជាទិញឲ្យ ផលិត រួច ហើយ និង ក៏ ហាម មិនឲ្យ បញ្ជា ទិញ ថ្មីទៀតទេ។ ឧស្សាហកម្ម ផលិត យន្តហោះ នៅស្រុក ចិន ក៏ ត្រូវ ហាម ឃាត់ មិន ឲ្យ នាំចូលសម្ភារៈ គ្រឿង បង្គុំ យន្តហោះ របស់ អាមេរិក ទៀតដែរ។ វិធានការ ថ្មី របស់ ចិនបានជះឥទ្ធិពល ប៉ះពាល់ ផ្ទាល់តែម្តង ទៅ ដល់ ក្រុមហ៊ុនអាកាស ចរណ៍ ចិន ដូចជា Air China, China Eastern និង China Southern ដែល ត្រូវ ទទួលយក យន្តហោះអាមេរិក ១៧៩គ្រឿង ចន្លោះពីឆ្នាំ២០២៥ ទៅ ២០២៧។  នេះបើតាមនាង Cléa Broadhurst អ្នក ឆ្លើយ ឆ្លង ព័ត៌មាន វិទ្យុ បារាំងRFI ប្រចាំក្រុងប៉េកាំង។ ចំពោះក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing គ្រាន់ តែ ស្ថានភាព ក្រឡាប់ចក្រ ប៉ុន្មាន សប្តាហ៍មកនេះ Boeing ត្រូវ រងគ្រោះខាតបង់ប្រាក់ ប្រមាណ ២,៥ ពាន់ លាន ដុល្លារ។

ប្រឈម នឹង ភាព ចលាចលពាណិជ្ជកម្មនិង ការ ដំឡើង រនាំងពន្ធគយ នេះ អង្គការ ពាណិជ្ជកម្ម ពិភពលោក បាន ប្តូរ ការ ព្យាករ សន្ទុះ វឌ្ឍនភាពពាណិជ្ជកម្ម ពិភពលោក ឆ្នាំ២០២៥ ថា នឹង ដាំក្បាល ចុះ ចន្លោះ ពី ០,២% រហូត ដល់ ១,៥% អាស្រ័យ នឹង នយោបាយពន្ធគយ របស់ លោក ដូណាល់ ត្រាំ។ ពោលគឺផ្ទុយពីការ ព្យាករកាលពីលើកមុន ថា ឡើង ៣% សម្រាប់ កាលពីខែ តុលា ឆ្នាំនេះ ៕

Nº.0607




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top