កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងសម្ពោធ បើក ឱ្យប្រើប្រាស់ជាផ្លូវការនៅសប្តាហ៍ក្រោយនេះ

7News

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងសម្ពោធ បើក ឱ្យប្រើប្រាស់ជាផ្លូវការនៅសប្តាហ៍ក្រោយនេះ

ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥៖

កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ មន្រ្តីក្រសួង សាធារណការ និង ដឹកជញ្ជូន ដឹកនាំដោយ លោក អៀង វ៉េងស៊ុន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ បាន ដឹកនាំកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធ បើក ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សប្តាហ៍ ក្រោយនេះ ក្រោម វត្តមាន នាយករដ្ឋមន្រ្តីកម្ពុជា។

កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យលើវឌ្ឍនភាពនៃដំណើរការរៀបចំ ដែលបានផ្ដល់ជូនដល់សមាជិក សមាជិកាគណៈកម្មការ និងអនុគណៈកម្មការសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដើម្បីជំរុញបញ្ចប់ការងារដែលនៅសេសសល់ឱ្យបានរួចរាល់តាមផែនការដែលបានគ្រោងទុក។

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត សាងសង់នៅ លើផ្ទៃដី ទំហំ ៤ ហិកតា ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត ដែល ចាប់ផ្ដើមសាងសង់នៅខែសីហា ឆ្នាំ២០១៨ និងសម្រេចរួចរាល់នាចុងឆ្នាំ២០២២ ដោយប្រើប្រាស់ ថវិកាជាង ១១ លានដុល្លារ ក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។


រដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះកិច្ចព្រមព្រៀង ផ្តល់សិទ្ធិ ដល់ ក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ ឯ.ក (AZ Builders) ក្នុងការ ធ្វើ ប្រតិបត្តិការគ្រប់គ្រង និងថែទាំកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត។ ក្នុង កិច្ច ព្រមព្រៀង ភាពជាដៃគូរវិនិយោគ រវាងរដ្ឋ និងឯកជន (PPP) ក្រុមហ៊ុន AZ Builder ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនខ្មែរ AZ GROUP ត្រូវអនុវត្តកាតព្វកិច្ចចាំបាច់មួយចំនួនដូចជា ការជីកបូមស្ដារផ្លូវទឹកឱ្យបានធំទូលាយ ការសិក្សា បន្ថែម លើបច្ចេកទេសនាវាចរ ការបំពាក់ឧបករណ៍សញ្ញាជំនួយនាវាចរ និងការវិនិយោគមួយចំនួនលើហេដ្ឋារចនាសម្ព័ន្ធ សុវត្តិភាពកំពង់ផែ ដែលធានាថាកំពង់ផែនេះនឹងក្លាយជាកំពង់ផែទេសចរណ៍អន្តរជាតិពេញលេញ ស្របតាមបទដ្ឋានបច្ចេកទេស ជាតិ និងអន្តរជាតិ។

បើតាមមន្រ្តី ក្រសួង សាធារណការនិង ដឹកជញ្ជូន កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត អាចតភ្ជាប់ប្រព័ន្ធផ្លូវទឹកដ៏សំខាន់រវាង ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកែប ក៏ដូចជាតភ្ជាប់ផ្លូវទស្សនាចរសមុទ្រជាមួយបណ្ដាកំពង់ផែទេសចរណ៍នៅកោះត្រល់ ប្រទេសវៀតណាម និងបណ្ដាកំពង់ផែទេសចរណ៍នៅប្រទេសថៃជាដើម ដែលអាចឱ្យនាវាដឹកភ្ញៀវទេសចរចូលចតយ៉ាង ងាយស្រួល៕

Nº.0608




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top