រុស្ស៊ី ចោទបារាំងថា ជាអ្នកបញ្ឆេះសង្គ្រាមនៅអ៊ុយក្រែន
ចេញផ្សាយថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥៖
ថ្ងៃព្រហស្បតិ៍ ទី ៦ ខែមីនា ម៉ូស្គូបានបរិហារ សុន្ទរកថាដែលថ្លែងមួយថ្ងៃមុន ដោយលោក ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដោយចាត់ទុកថា បារាំងកំពុងគម្រាមកំហែងមកលើរុស្ស៊ី តាមរយៈការប្រើឆ័ត្រនុយក្លេអ៊ែរបារាំង ដើម្បីការពារទ្វីបអឺរ៉ុបទាំងមូល។ ចំពោះរដ្ឋាភិបាលរុស្ស៊ី នេះជាទង្វើ ដែលសឲ្យឃើញច្បាស់ថា បារាំងមានចេតនា បញ្ឆេះសង្គ្រាមនៅអ៊ុយក្រែន ឲ្យកាន់តែអូសបន្លាយយូរទៅមុខទៀត។
ពេលថ្លែងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃ ពុធ ទី ៥ ខែមីនា លោក
ម៉ាក្រុង បានបរិហារ ចរិតឈ្លានពាន របស់ ក្រុងម៉ូស្គូ ហើយបានប្រកាសពីចេតនាបើក
ការតទល់យុទ្ធសាស្ត្រ ដើម្បីការពារទ្វីបអឺរ៉ុប ដោយកងកម្លាំង នុយក្លេអ៊ែរបារាំង។
ជាប្រតិកម្មឆ្លើយតប ក្រុងម៉ូស្គូ នៅថ្ងៃព្រហស្បត៏ ទី ៦ ខែ មីនា
តាមរយៈលោកប្រមុខការទូតរុស្ស៊ី ស៊ែរហ្គៃ ឡាវ្រ៉ូវ បានថ្លែងដូចតទៅ ៖ ប្រាកដណាស់
ដែលវោហាររបស់ លោក ម៉ាក្រុង គឺជាការគម្រាមប្រទេសរុស្ស៊ី យ៉ាងពេញទី។
បើគាត់មើលមកយើងថាជាគ្រោះថ្នាក់សម្រាប់អឺរ៉ុប ហើយគិតថា
អឺរ៉ុបត្រូវតែប្រើអាវុធនុយក្លេអ៊ែរ ប្រឆាំងរុស្ស៊ី នោះវាបានស្តែងឲ្យឃើញច្បាស់ថា
បារាំងកំពុងគម្រាមកំហែងមកលើយ៉ាងពិតប្រាកដ។
លោក ឡាវ្រ៉ូវ ចាត់ទុកសំដីចោទប្រកាន់មកលើរុស្ស៊ី ពីសំណាក់លោក ម៉ាក្រុង
ថាជារឿងមិនទំនង និង រវើរវាយ ដែលយល់ថារុស្ស៊ីមានគម្រោងវាយប្រហារលើប្រទេសអឺរ៉ុប។
ចំណែក អ្នកនាំពាក្យវិមានក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ
បានចោទប្រធានាធិបតីបារាំងថា ចង់ឲ្យសង្គ្រាមនៅអ៊ុយក្រែន ឆាបឆេះតទៅទៀត ចំពេលដែល
រុស្ស៊ី និង សហរដ្ឋអាមេរិក កំពុងចាប់ដៃគ្នា
សំដៅទៅកាន់កិច្ចចរចាខណ្ឌបញ្ចប់សង្គ្រាមនេះ។ លោក ពេស្កូវ បន្តថា លោកម៉ាក្រុង
និយាយអំពី ប្រទេសរុស្ស៊ី ប្រៀបបានជា ខ្មាំងពេញទីរបស់បារាំង ។ ទន្ទឹមគ្នានេះ
អ្នកនាំពាក្យផ្លូវការនៃ ការទូតរុស្ស៊ី លោកស្រី Maria Zakharova ក៏បានថ្លែងថា៖
គ្មានលោះថ្ងៃណាឡើយ ដែលលោកម៉ាក្រុង ធ្វើសេចក្តី ថ្លែងការណ៍ ឃ្លាតឆ្ងាយពី
ស្ថានការណ៍ពិតជាក់ស្តែង ហើយជួនកាលថែមទាំង បញ្ច្រាសនឹងសេចក្តី ថ្លែងការណ៍ មុនៗ
របស់គាត់ទៅផង ។ តាមលោកស្រី លោកម៉ាក្រុង ត្រូវតែសុំទោស ប្រជាជនខ្លួន ចំពោះ
ការពោលពាក្យ ដែលនាំឲ្យមហាជនយល់ច្រឡំមកលើរុស្ស៊ី។ ប្រមុខការទូតរុស្ស៊ី លោក
ឡាវ្រ៉ូវ បានទាញយកសេចក្តីសន្និដ្ឋានថា ៖ ម៉ូស្គូ មិនអាចធ្វើសម្បទានអ្វីណាឡើយ ចំពោះ
ការពង្រាយទ័ពអឺរ៉ុប ក្រោមហេតុផល រក្សាសន្តិភាពនៅអ៊ុយក្រែន។ លោកថា រុស្ស៊ីនឹងមិនអាចបើកការចរចាណាមួយ
ដើម្បីស្វែងរកបទឈប់បាញ់ ឬ ការបញ្ចប់សង្គ្រាម នៅអ៊ុយក្រែនបានឡើយ ប្រសិនបើអឺរ៉ុប បន្តប្រកាន់ជំហរខាងលើនេះ៕
Nº.0501