ក្រុមយោធារបបដឹកនាំស៊ីរីចាស់ ប្រយុទ្ធគ្នា ជាថ្មី បណ្ដាលឲ្យស្លាប់ ជនស៊ីវិល យ៉ាងតិច ៧៤៥ នាក់
ចេញផ្សាយថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥៖
ពួក ក្រុម ប្រដាប់អាវុធនៅ ប្រទេស ស៊ីរី បាន ប្រយុទ្ធគ្នា ជាថ្មី និង បណ្តាល ឲ្យ ស្លាប់ ពលរដ្ឋ ស៊ីវិល ជាង ៧០០នាក់ ហើយ អ្នក ស្លាប់ ៣០០នាក់ទៀត ជាយោធា និងកងរក្សាសន្តិសុខ ។ អំពើហិង្សាសម្លាប់ គ្នានេះ ផ្ទុះឡើងជាច្រើនថ្ងៃជាប់គ្នា ចាប់ពីថ្ងៃព្រហស្បតិ៍ ទី៦មីនាមក ដែល បង្កឡើង ដោយពួក ជាតិពន្ធុមួយក្រុម និង ក្រុមយោធា គាំទ្រ របបដឹកនាំស៊ីរី ចាស់ របស់ អតីត ប្រធានាធិបតី បាស្ហា អាល់អាសាដ។ ថ្ងៃអាទិត្យ ទី ៩មីនា ប្រមុខដឹកនាំស៊ីរីថ្មី បាន ចេញមុខ អំពាវនាវឲ្យរក្សាសន្តិភាព។
នៅស៊ីរី ប៉ែក ខាងលិច និងភាគខាងជើង ប្រទេស អំពើហិង្សាកាប់ សម្លាប់គ្នា ផ្ទុះឡើងជាថ្មី ច្រើន ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃព្រហស្បតិ៍ ទី៦មីនាមក។ ការវាយប្រហារ គ្នា នេះ ជាស្នាដៃ របស់ ក្រុមយោធារបបដឹកនាំស៊ីរីចាស់ ដែល បន្ត គាំទ្រអតីតប្រធានាធិបតី បាស្ហា អាល់អាសាដ និងពួកក្រុមជាតិពន្ធុប្រដាប់អាវុធ Alaouite។ គួរ បញ្ជាក់ថា លោក បាស្ហា អាល់អាសាដ ក៏ជាខ្សែស្រឡាយ សហគមន៍ ក្រុម ជាតិពន្ធុ Alaouite នេះដែរ។ មុន នឹង រត់ភៀសខ្លួន ទៅជ្រកកោននៅក្រុង ម៉ូស្គូ ប្រទេសរុស្ស៊ី មេដឹកនាំ ផ្តាច់ការ អាសាដ បាន ត្រូវ ផ្តួលរំលំ ពីសំណាក់ ក្រុម ប្រដាប់អាវុធ ចលនាអ៊ីស្លាម HTS ប្រកាន់និកាយ ស៊ុននីត។
ការប្រយុទ្ធគ្នារវាង កងកម្លាំង រក្សាសន្តិសុខ ស៊ីរី របស់ រដ្ឋអំណាច ថ្មី និងក្រុមយោធាគាំទ្រ របបដឹកនាំស៊ីរីចាស់ ក៏ បាន ធ្វើ ឲ្យ បាត់បង់ជីវិតយោធានិង ក្រុម រក្សាសន្តិសុខ រាប់សិប នាក់ ដែរ។ ក្នុងការ ប៉ះទង្គិច គ្នា ប៉ុន្មាន ថ្ងៃ មកនេះ កម្លាំង សន្តិសុខ ស៊ីរី និង សម្ព័ន្ធមិត្ត បាន សម្លាប់ពួកក្រុម ជាតិពន្ធុ Alaouite មិនតិច ជាង ៣០០នាក់ នោះឡើយ ។ ចំណែក អ្នក ស្លាប់ ជា ជន ស៊ីវិល បើគិត ត្រឹម ព្រឹក ថ្ងៃអាទិត្យ ទី ៩មីនា ទីសង្កេតការណ៍ សិទ្ធិមនុស្ស ស៊ីរី (OSDH ) បញ្ជាក់ថា មាន ស្លាប់ ប្រជាព លរដ្ឋមូលដ្ឋាន ចំនួន យ៉ាង តិច ៧៤៥ នាក់ ដែល ភាគច្រើន សុទ្ធសឹង ជា ស្ត្រី និងកុមារ។
ការ ផ្ទះ អាវុធប៉ុន្មានថ្ងៃ នេះ បង្កជាក្តីបារម្ភ ថ្មី ចំពោះប្រជាជនស៊ីរី ដ្បិតថា ចាប់តាំងពី របបដឹកនាំ ចាស់ របស់ អតីតប្រធានាធិបតី បាស្ហា អាល់អាសាដ ដួល រលំ កាលពី ៣ខែមុន នេះជាលើកទី១ ដែល មាន ការ បង្ហូរ ឈាម គ្នា យ៉ាង ច្រើន សន្ធឹក យ៉ាងដូច្នេះ។
ពីរដ្ឋធានី ដាម៉ាស ប្រមុខ ដឹកនាំ ស៊ីរីថ្មី លោក Ahmed al Charaa បាន ចេញមុខ ថ្លែង តាម វីដេអូ ប្រកាសឲ្យ គ្រប់ភាគី បង្រួបបង្រួមសាមគ្គីគ្នា ដើម្បី រក្សា សន្តិភាព សម្រាប់ ប្រជាជាតិ ស៊ីរី។ ក្រៅពី ថ្កោលទោស ពួក បាត់ដៃប្រឡាក់ ឈាម ដែល សម្លាប់ ពលរដ្ឋស៊ីវិលស្លូតត្រង់ លោកប្រធានាធិបតី បណ្តោះអាសន្នរូប នេះ ក៏បាន សន្យា តាម អូសក ជន បង្កអំពើហិង្សា មក កាត់ទោស តាម ផ្លូវ ច្បាប់។ បើតាម ប្រភព ពី ទីភ្នាក់ងារ ព័ត៌មាន Sana ប្រមុខដឹកនាំស៊ីរីថ្មីបាន ព្រមាន ដាស់តឿន ឲ្យ ពួក ប្រដាប់ អាវុធប្រឆាំង ពិសេសពួ ក បះបោល Alaouite ឲ្យ ទម្លាក់ អាវុធចុះចាញ់ មុន នឹង យឺតពេល ជ្រុលហួស ។
ទន្ទឹម នឹងគ្នានេះ ក្រសួង ការពារជាតិ ស៊ីរី ប្រកាស បិទផ្លូវ ក្នុង បណ្តា ខេត្តដែល ផ្ទុះ ភាព ចលាចល ដើម្បីរៀបចំ សណ្តាប់ ធ្នាប់ ឡើងវិញ ហើយ អាជ្ញាធរ ស៊ីរីថ្មី បញ្ជាក់ថា បាន ចាប់ខ្លួនជន សង្ស័យជា ក្រុម ប្រដាប់ អាវុធ ចំនួន ច្រើន នាក់។ ចំណែក ឯ រដ្ឋមន្ត្រីក្រសួង អប់រំ ស៊ីរី Nazir al-Qadri បា នប្រកាស បិទសាលា នៅថ្ងៃ អាទិត្យនិង ថ្ងៃចន្ទ ក្នុង ខេត្ត ដែល ផ្ទុះ ជម្លោះ នៅ ទិសឧត្តរ និង បស្ចិម នៃផ្ទៃប្រទេស ។
សភាពការណ៍ថ្មីនេះ បង្ហាញឲ្យ ឃើញច្បាស់ថា រដ្ឋាភិបាល ស៊ីរីថ្មី មាន ភាព ផុយស្រួយ ខ្លាំង នៅឡើយ ។ នៅឆាកអន្តរជាតិ ថ្មីៗនេះ ប្រទេស សម្ព័ន្ធ អារ៉ាប់ និង អង្គការ សហប្រតិបត្តិ ការ អ៊ីស្លាម ទើបតែសម្រេច អនុញ្ញាត ឲ្យ ថ្នាក់ដឹកនាំ ស៊ីរីថ្មី ចូលរួម ប្រជុំ កំពូលនៅ អេហ្ស៊ីប និង ប្រជុំ ថ្នាក់ រដ្ឋមន្ត្រី នៅ អារ៉ាប៊ី សាអូឌីត ក្រោយ បាន ព្យួរ សមាជិកភាព របស់ ស៊ីរី តាំងពីឆ្នាំ២០១១មក៕
Nº.0510