ACU ឃាត់ខ្លួនអភិបាលរងខេត្តកំពង់ស្ពឺម្នាក់ រួមនឹងបក្ខពួក២នាក់ទៀត ពាក់ព័ន្ធនឹងករណីស៊ីដាច់លុយជនជាតិចិន ៤០ម៉ឺនដុល្លាររឿងរត់ការអាជ្ញាបណ្ណរ៉ែ
ចេញផ្សាយថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥៖
កំពង់ស្ពឺ៖ អភិបាលរងខេត្តកំពង់ស្ពឺ លោក ទិត វុទ្ធី និងបក្ខពួក២នាក់ទៀត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីស៊ីដាច់លុយពីជនជាតិចិនចំនួន ៤០ម៉ឺនដុល្លារ រឿងរត់ការអាជ្ញាបណ្ណរ៉ែមិនបានសម្រេច។
អភិបាលរងខេត្តកំពង់ស្ពឺ លោក ទិត វុទ្ធី និងបក្ខពួក២នាក់ទៀត ឈ្មោះ ហ៊ាវ ខន ហៅតង ភេទប្រុស អាយុ៤៥ឆ្នាំ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ឃាត់ខ្លួនពីបទរំលោភអំណាច ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង ក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅចំណុចក្នុងខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ២០២៣។ បទល្មើសនេះមានបញ្ញត្តិ និងចែងឱ្យផ្ដន្ទាទោសតាមមាត្រា ៦៦៦, ៦២៧, ៦៦៨, ៦២៩, ៦៣០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៥ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ។ និងឈ្មោះ អ៉ឹង សារឿន (ឈ្មោះជាភាសាចិន អ៊ុង វិនឆាយ) ភេទប្រុស អាយុ៤៤ឆ្នាំ ត្រូវបានឃាត់ខ្លួនពីបទ សមគំនិតក្នុងអំពើរំលោភអំណាច ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង ក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅចំណុចខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ២០២៣ បទល្មើសដែលមានបញ្ញត្តិ និងចែងឱ្យផ្តន្ទាទោសតាមមាត្រា ២៩, ៦២៦ ៦២៧, ៦២៨, ៦២៩, ៦៣០, នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
ប្រភពបានបញ្ជាក់ថា អភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួក២នាក់ទៀត បច្ចុប្បន្នកំពុងស្ថិត
ក្រោមការសួរនាំពីអយ្យការអមសាលាដំបូងខេត្ត និងសម្រេចឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺ។