ការវាយប្រហារដោយដ្រូនផ្ទុកគ្រាប់ផ្ទុះ ពីសំណាក់អ៊ុយក្រែនបានបណ្តាលឲ្យប្រជាជនរុស្ស៊ី ២នាក់ស្លាប់ និង១៨នាក់ទៀត រងរបួស

7News

ការវាយប្រហារដោយដ្រូនផ្ទុកគ្រាប់ផ្ទុះ ពីសំណាក់អ៊ុយក្រែនបានបណ្តាលឲ្យប្រជាជនរុស្ស៊ី ២នាក់ស្លាប់ និង១៨នាក់ទៀត រងរបួស

ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥៖

យប់ថ្ងៃចន្ទ ទី ១០ ឆ្លងចូលថ្ងៃ អង្គារ ទី ១១ ខែមីនា អ៊ុយក្រែនបានបញ្ជូនយានដ្រូន ជាង ៣៣០ គ្រឿងបំពាក់ដោយគ្រាប់ផ្ទុះ ទៅវាយប្រហារលើទឹកដីរុស្ស៊ី ដែលក្នុងនោះ ទីក្រុងម៉ូស្គូ បានក្លាយជាផ្ទាំងស៊ីបទី១។ ប្រតិបត្តិការវាយប្រហារ ទ្រង់ទ្រាយធំបំផុត មិនធ្លាប់មាន ពីសំណាក់កងទ័ពអ៊ុយក្រែនលើកនេះ បានបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងតិច ២ នាក់ និង របួស ជាង ១៨ នាក់។

យប់ថ្ងៃចន្ទ ទី ១០ ខែមីនា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានស្កាត់ចាប់បាន និង កំទេចចោល ដ្រូនអ៊ុយក្រែនមួយចំនួនធំ ក្នុងចំណោមដ្រូនសរុបទាំងអស់៣៣៧ គ្រឿង។ យោងតាម ដំណឹងប្រកាសដោយ ក្រួសួងការពារជាតិរុស្ស៊ី  ដ្រូនចំនួន ៩១ គ្រឿង ត្រូវគេបាញ់តម្រង់មករដ្ឋធានីម៉ូស្គូ ខណៈពេលដែល ១២៦ គ្រឿងទៀត សំដៅទៅខេត្ត គួរស្ក៍ ជាប់នឹងព្រំដែនអ៊ុយក្រែន។

អភិបាលនៃ ខេត្តជុំវិញរដ្ឋធានីម៉ូស្គូ លោក Andrei Vorobiov បានទម្លាយឲ្យដឹងថា ការវាយប្រហារខាងលើនេះ បានបណ្តាលឲ្យប្រជាជនរុស្ស៊ី ២ ស្លាប់ និង ១៨ នាក់ទៀត រងរបួស។ ក្នុងចំណោមអ្នកស្លាប់ទាំង ២ នាក់ មានម្នាក់ជាកូនក្មេង នេះបើផ្អែកតាមប្រភពដដែល។

ប្រឈមនឹងការវាយប្រហាររង្គាលមកលើតំបន់រដ្ឋធានីម៉ូស្គូ គណៈកម្មធិការរដ្ឋរុស្ស៊ីខាងអង្កេត ឧក្រិដ្កកម្មខ្នាតធំៗ បានកសាងសំណុំរឿង ស្តីអំពីភេរវកម្ម ។ 


គួរគូសបញ្ជាក់ដែរថា ការវាយប្រហារនេះ ក៏កើតឡើង នៅចំថ្ងៃដែលអគ្គលេខាធិការ នៃ អង្គការដើម្បីសន្តិសុខ និង សហប្រតិបត្តិការនៅអឺរ៉ុប OSCE លោក Feridun Hadi Sinirlioglu  អញ្ជើញមកកាន់ក្រុងម៉ូស្គូ  ដើម្បីជួប ពិភាក្សាជាមួយ មេការទូតរុស្ស៊ី លោក ស៊ែរហ្គៃ ឡាវ្រ៉ូវ។ ដោយឡែក ការវាយប្រហារដោយយានដ្រូនដ៏ច្រើនសន្ធឹក បានប្រព្រឹត្តទៅ នៅប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលចាប់ផ្តើម កិច្ចចរចានៅប្រទេស អារ៉ាប៊ី សាអ៊ូឌីត រវាងគណៈប្រតិភូ អ៊ុយក្រែន និង អាមេរិក ដើម្បី រកដំណោះស្រាយខណ្ឌបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន៕

Nº.0517

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top