អាជ្ញាធរក្រុងស៊េអូល មានការបារម្ភអំពីបាតុកម្មហិង្សាចលាចលស្របពេល ដែលតុលាការធម្មនុញ្ញ នឹងប្រកាសសាល ក្រម ក្នុងសំណុំរឿង លោកប្រធានាធិបតី យូន ស៊ុកយោល

7News

អាជ្ញាធរក្រុងស៊េអូល មានការបារម្ភអំពីបាតុកម្មហិង្សាចលាចលស្របពេល ដែលតុលាការធម្មនុញ្ញ នឹងប្រកាសសាល ក្រម ក្នុងសំណុំរឿង លោកប្រធានាធិបតី យូន ស៊ុកយោល

ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥៖

នៅថ្ងៃចន្ទទី ១០ មីនា អាជ្ញាធរនគរបាល ក្រុងស៊េអូល បានចេញបញ្ជា ហាមឃាត់ រាល់ការជួបជុំទាំងអស់ នៅ តំបន់ជុំវិញ តុលាការធម្មនុញ្ញកូរ៉េខាងត្បូង ស្របពេល ដែល ស្ថាប័នយុត្តិធម៌ កំពូលនេះ ត្រៀម ប្រកាស សាល ក្រម ថា តើ លោក ប្រធានាធិបតី យូន ស៊ុកយោល នឹងត្រូវដក ហូតចេញពី តំណែងឬយ៉ាងណា ។ អាជ្ញាធរក្រុងស៊េអូល មានការបារម្ភអំពីបាតុកម្មហិង្សាចលាចល ព្រោះថាករណី នេះធ្លាប់ មានម្តងហើយ នៅ ពេល ដែល តុលាការ មួយ បាន សម្រេចពន្យាការឃុំខ្លួន លោក យូន ស៊ុក យោល។ សូមបញ្ជាក់ថា លោក យូន ស៊ុក យោល ទើបតែត្រូវបាន គេដោះលែង ឲ្យ នៅក្រៅ ឃុំវិញ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយសារមូលហេតុ នីតិវិធី ។

លោក Park Hyun Soo អគ្គស្នងការ បណ្តោះអាសន្ន នៃនគរបាល ក្រុងសេអ៊ូល បាន ធ្វើសន្និសីទកាសែត នៅព្រឹកថ្ងៃចន្ទ ទី ១០ មីនា ប្រកាសអំពីការហាមឃាត់នូវការជួបជុំទាំងឡាយ នៅតំបន់ក្បែរ តុលាការធម្មនុញ្ញកូរ៉េខាងត្បូង ។ សមត្ថកិច្ច នគរបាល នឹងដាក់ ពង្រាយ កម្លាំង ដាក់រនាំង ការពារ នៅបរិវេន ១០០ ម៉ែត្រជុំវិញ តុលាការធម្មនុញ្ញ ។ លោកអះអាងថា វិធានការនេះ គឺដើម្បី បង្ការកុំ ឲ្យ មានបាតុកម្មហិង្សាប្រទូស្តរាយគ្នា នៅក្នុង និងជុំវិញ តុលាការធម្មនុញ្ញ និងគឺដើម្បីការពារសន្តិសុខ របស់ចៅក្រមផងដែរ ស្របពេល ដែលតុលាការធម្មនុញ្ញ នឹង ប្រកាស សាល ក្រម ក្នុងសំណុំរឿង លោកប្រធានាធិបតី យូន ស៊ុកយោល។

ដើម្បី ទប់ស្កាត់ ភាពហិង្សាចលាចលនៅថ្ងៃប្រកាស សាលក្រម នគរបាន ក្រុងសេអ៊ូល បានហ្វឹកហាត់ ត្រៀម យុទ្ធសាស្ត្រ និង ដោយ ត្រៀម ប្រើ ប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និង ដំបងឆក់ជាដើម។ លោក Park Hyun Soo អះអាងទៀតថា កងកម្លាំងអន្តរាគមន៍ ពិសេសអាចនឹងចេញ ធ្វើប្រតិបត្តិការ ក្នុងករណីដែលមាន ការប្រកាសអាសន្នស្តីពីគ្រាប់បែប ។

សូមបញ្ជាក់ថា តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងត្រូវសម្រេចសេចក្តីក្នុងរវាងប៉ុន្មានថ្ងៃខាងមុខនេះ ស្តីអំពីលោក ប្រធានាធិបតី យូន ស៊ុកយោល ដែលជាប់បទចោទព្រហ្មទណ្ឌ ថាបាន ធ្វើសកម្មភាព បះបោរ និង បាន ប្រើច្បាប់អាជ្ញាសិក ដោយបំពាន កាលពី យប់ថ្ងៃទី ៣ឈានចូលថ្ងៃទី ៤ធ្នូ ឆ្នាំ ទៅមិញ។ បញ្ហានេះ បាន ធ្វើ ឲ្យ កូរ៉េខាងត្បូង ត្រូវ ផុងធ្លាក់ ទៅ ក្នុងវិបត្តិនយោបាយ ប្រជាជន ធ្វើបាតុកម្ម ប្រឆាំងគ្នាចែកជា ២ក្រុម ក្រុមគាំទ្រនិងក្រុម ប្រឆាំង លោក យូន ស៊ុកយោល ។

លោកយូន ស៊ុកយោល ត្រូវបាន សមត្ថកិច្ចចាប់ខ្លួន និងដាក់ឃុំ បណ្តោះអាសន្ន កាលពីដើមខែមករា ។ គួររំលឹកថា បាតុកម្មហិង្សា ធ្លាប់ បាន ផ្ទុះ កក្រើកឡើងម្តងហើយ ដោយ បាតុករគាំទ្រ លោកយូន ស៊ុក យោល បានវាយ កម្ទេច បង្អួចនិងទ្វារតុលាការមួយនៅកូរ៉េខាងត្បូង បន្ទាប់ពីតុលាការនោះ បានសម្រេចពន្យា ការឃុំខ្លួន បណ្តោះអាសន្ន លោក យូន ស៊ុកយោល។ តែកាលពីថ្ងៃសៅរ៍ ទី ៨មីនា រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានសម្រេច យល់ព្រមទទួលយកការ ដោះលែង លោក យូន ស៊ុកយោល ឲ្យ នៅ ក្រៅឃុំវិញ ទៅតាមការសម្រេចរបស់តុលាការ ដែល បាន លើកឡើងពីហេតុផល “បញ្ហានីតិវីធី” ។

ក្រុម មេធាវីការពារក្តី លោក យូន ស៊ុកយោល បានអះអាងថា ការសម្រេចដោះលែងលោក ឲ្យ មានសេរីភាព វិញ គឺវាសបញ្ជាក់អំពីការគោរព នីតិរដ្ឋ ។ តែយ៉ាងណា គណបក្សប្រជាធិបតេយ្យ ដែលជា បក្ស ប្រឆាំង បា ន រិះគន់ ការសម្រេចនេះ ដោយ ឡើងថា ទង្វើ របស់ លោក យូន ស៊ុកយោល គឺខុសធ្ងន់ធ្ងរខ្លាំងណាស់ ហើយដំណោះស្រាយតែមួយគត់នាពេលនេះ គឺត្រូវតែ ទម្លាក់ លោកចេញពីតំណែង ។

ដោយឡែក លោក Shim Woo-Jung រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានអះអាងប្រាប់អ្នកកាសែតនៅព្រឹកថ្ងៃទី ចន្ទនេះថា ថ្វី បើ លោក អយ្យការយល់ព្រមទទួលយកការដោះលែង លោក យូន ស៊ុកយោលមែន តែ អយ្យការនៅតែបន្តនីតិវិធី ចោទប្រកាន់ លោក យូន ស៊ុកយោល នៅតុលាការធម្មនុញ្ញ ស្តីពី បទល្មើស បះបោរ និងបំពានប្រើច្បាប់អាជ្ញាសិក ហើយដែលលោកអាចនឹងធ្លាក់ ពីមុខតំណែង ប្រសិន បើ ចៅក្រម អាចសម្រេច សេចក្តី ថា លោក ពិតជាបានធ្វើខុស ៕

Nº.0515

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top