សាលាក្រុងបណ្តេញមន្រ្តីកិច្ចសន្យាផ្នែកសុខាភិបាល ២នាក់ដែលទារលុយដឹកសពពីគ្រួសារជនរងគ្រោះ
ចេញផ្សាយថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥
សាលាក្រុងបានសម្រេចបណ្តេញមន្ត្រីជាប់កិច្ចសន្យានៅមន្ទីរសុខាភិបាលរាជធានីភ្នំពេញចំនួន ២នាក់ចេញពីការងារ ក្រោយរកឃើញថាពួកគេបានទារលុយថ្លៃដឹកសពពីក្រុមគ្រួសារជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោកស្រី ដោ សម្ជស្ស នៅថ្ងៃទី២១ មករានេះ។ បញ្ហានេះត្រូវបានអ្នកតាមដានសង្គមចាត់ទុកថាជាទង្វើអសីលធម៌ដែលក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធត្រូវចាត់វិធានការបង្ការបញ្ហានេះឱ្យបានហ្មត់ចត់។
មន្ត្រីជាប់កិច្ចសន្យានៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ២នាក់ត្រូវបានបញ្ឈប់ពីការងារភ្លាមៗ ក្រោយពួកគេបានទារប្រាក់ដឹកសពពីក្រុមគ្រួសារជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២០ មករា។ នេះបើតាមការបញ្ជាក់របស់លោកស្រី ដោ សម្ជស្ស អ្នកនាំពាក្យសាលាក្រុងភ្នំពេញ និងបញ្ជាក់បន្ថែមថា មន្ត្រីជាប់កិច្ចសន្យាទាំង២នាក់នោះ មានឈ្មោះ វៃ វ៉ាន់ និងយ៉េង វណ្ណៈ ដែលជាមន្ត្រីជាប់កិច្ចសន្យានៅមណ្ឌលសុខភាពចាក់អង្រែ។ គួរជ្រាបថា ការសម្រេចបញ្ឈប់ការងារមន្ត្រីកិច្ចសន្យាទាំង ២នាក់ខាងលើធ្វើឡើង បន្ទាប់ពីក្រុមគ្រួសារជនរងគ្រោះបានបង្ហោះវីដេអូនៅលើបណ្តាញសង្គមដែលបង្ហាញសកម្មភាពយ៉ាងច្បាស់ថា ពួកគេទាំង ២នាក់បានទារលុយចំនួន ២០០ដុល្លារ មុននឹងព្រមដឹកសាកសពជនរងគ្រោះចេញពីកន្លែងកើតហេតុ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពយល់ឃើញថា ការទារប្រាក់បន្ថែមពីពលរដ្ឋក្នុងការប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់ដោយមន្ត្រីបម្រើការក្នុងវិស័យសុខាភិបាលបែបនេះ គឺជារឿងអសីលធម៌ និងប្រាសចាកពីក្រមសីលរបស់គ្រូពេទ្យ។ ក្នុងន័យនេះ លោក យង់ គិមអេង ស្នើឱ្យក្រសួងសុខាភិបាលពិនិត្យមើល និងចាត់វិធានការឱ្យបានហ្មត់ចត់លើមន្រ្តីណាដែលបានប្រព្រឹត្តខុស។ ទន្ទឹមគ្នានេះ លោក យង់ គិមអេងបានឱ្យជាយោបល់ទៀតថា ក្រសួងសុខាភិបាលគួរកំណត់គោលការណ៍ច្បាស់លាស់ ប្រសិនបើតម្រូវការឱ្យអ្នកជំងឺបង់ថ្លៃសេវាប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់ក្នុងលក្ខខណ្ឌណាមួយនោះ។
កន្លងមក ក្រសួងសុខាភិបាលធ្លាប់បានកំណត់រួចហើយថា សេវារថយន្តសង្គ្រោះដើម្បីជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ធ្ងរ ជាពិសេសអ្នករងគ្រោះថ្នាក់ចរាចរណ៍ គឺមិនតម្រូវឱ្យបង់ថ្លៃសេវាដឹកជញ្ជូននោះទេ។ ចំណែករថយន្តដឹកសពរបស់មន្ទីរពេទ្យទៅលំនៅឋាននៃសពក៏មិនតម្រូវគិតថ្លៃសេវាអ្វីដែរ៕
Nº.0371