ក្រសួងបរិស្ថាន៖ កម្ពុជាមានកំហាប់សារធាតុបំពុលខ្យល់កើនឡើងហួសកម្រិតអនុគ្រោះ
ចេញផ្សាយថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥៖
នៅថ្ងៃទី២៦មករានេះ ក្រសួងបរិស្ថានបានទទួលស្គាល់ថា នៅអំឡុងប៉ុន្មានថ្ងៃមកនេះ នៅកម្ពុជា កំហាប់សារធាតុបំពុលក្នុងបរិយាកាសបានកើនឡើងហួសកម្រិតអនុគ្រោះដែលកំណត់ដោយអង្គការសុខភាពពិភពលោក។ ការតាមដានរបស់ក្រសួងអំពីគុណភាពខ្យល់នៅទូទាំងប្រទេសកម្ពុជាបានបង្ហាញថា គិតត្រឹមថ្ងៃទី២៦មករានេះ កំហាប់ភាគល្អិតនិចល ឬធាតុល្អិតឆ្មារៗ (PM2.5) នៅក្នុងបរិយាកាសបានកើនឡើងដល់ ៥៣.៦១ µg/m3 ធៀបនឹងស្តង់ដា ៥០ µg/m3 ។
នៅទូទាំងប្រទេសកម្ពុជា កំហាប់សារធាតុបំពុលខ្យល់ នៅក្នុងបរិយាកាស ជាពិសេសកំហាប់ភាគល្អិតនិចលដែលមានវិជ្ជមាឌតូចជាង ឬស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) បានកើនឡើងខ្ពស់ជាងកម្រិតដែលអនុគ្រោះដោយអង្គការសុខភាពពិភពលោក។ យោងតាមការតាមដានគុណភាពខ្យល់របស់ក្រសួងបរិស្ថាន នៅតាមស្ថានីយ៍ចំនួន ៦០នៅទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥មករា ចាប់ពីវេលាម៉ោង ៥ល្ងាចដល់ម៉ោង ៧ព្រឹកថ្ងៃទី២៦មករានេះ ខ្យល់ពុលនៅក្នុងប្រទេសកម្ពុជាមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥៣.៦១ µg/m3 ពោលគឺលើសកម្រិតស្តង់ដា ៥០ µg/m3 កំណត់ដោយអង្គការសុខភាពពិភពលោក (WHO) និងគិតជាសន្ទស្សន៍គុណភាពខ្យល់ជារួមគឺ «មធ្យម»។
នៅប្រទេសកម្ពុជា គុណភាពខ្យល់នៅតំបន់មួយចំនួនកំពុងប្រែប្រួលតាមភូមិសាស្ត្រពីខេត្តមួយទៅខេត្តមួយ។ ជាក់ស្តែង គិតត្រឹមព្រឹកថ្ងៃទី២៦មករានេះ កំណើនកំហាប់ភាគល្អិតនិចលនៅក្នុងខេត្តចំនួន៤ គឺខេត្តសៀមរាប ពោធិ៍សាត់ បន្ទាយមានជ័យ និងខេត្តកោះកុង ស្ថិតក្នុងកម្រិតបន្ទាត់ក្រហម ដែលជាកម្រិតខ្យល់មានកំហាប់ពុលខ្លាំង និងដែលតម្រូវឱ្យមនុស្សចៀសវៀងសកម្មភាពខាងក្រៅ ចៀសវាងតំបន់ដែលមានការបំពុលខ្យល់ខ្ពស់ ឬប្រើប្រាស់ឧបករណ៍ការពារផ្លូវដង្ហើមប្រសិនបើចាំបាច់។ ដោយឡែក នៅខេត្តបាត់ដំបង ស្ទឹងត្រែង ប៉ៃលិន និងខេត្តឧត្តរមានជ័យវិញ គឺស្ថិតនៅក្នុងកម្រិតខ្យល់បំពុលមធ្យមដែលតម្រូវឱ្យមនុស្សមានសុខភាពទន់ខ្សោយកាត់បន្ថយសកម្មភាពនៅខាងក្រៅ។ ហើយតំបន់ក្រៅពីនេះ រួមមានរាជធានីភ្នំពេញ និងខេត្តកណ្តាលផង គឺមានកម្រិតខ្យល់បំពុលតិចតួច ដែលមនុស្សគ្រប់គ្នាអាចទៅខាងក្រៅ ឬធ្វើដំណើរដូចធម្មតា។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែតបានពន្យល់ថា ការកើនឡើងកំហាប់សារធាតុពុលក្នុងខ្យល់នៅកម្ពុជាពេលនេះ បណ្តាលមកពីការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម យានយន្តប្រើប្រាស់ប្រេងម៉ាសូត និងចំហេះឥន្ធនៈ ភ្លើងឆេះព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុតសំណល់ប្លាស្ទិកនៅតាមទីវាល និងទីលានចាក់សំណល់ការដ្ឋានសំណង់ជាដើម។ ប្រឈមនឹងបញ្ហានេះ លោក អ៊ាង សុផល្លែត បានស្នើឱ្យពលរដ្ឋបញ្ឈប់ការដុតព្រៃ ដុតសំរាម ដុតគល់ជញ្ជ្រាំងតាមវាលស្រែ និងដុតប្លាស្ទិកជាដើម មុននឹងបញ្ជាក់បន្ថែមថា ក្រសួងបាននិងកំពុងចាត់វិធានការច្បាប់លើរោងចក្រដែលដុតកម្ទេចក្រណាត់ ធ្វើឲ្យប៉ះពាល់ដល់គុណភាពខ្យល់កម្ពុជា។
ដោយឡែក ប្រឈមនឹងហានិភ័យសុខភាពបង្កដោយខ្យល់ពុល នៅថ្ងៃទី២៥មករា ក្រសួងសុខាភិបាលកម្ពុជាបានណែនាំឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ តាមរយៈការពាក់ម៉ាស់ ឬកាត់បន្ថយសកម្មភាពខាងក្រៅផ្ទះ ឬនៅទីវាល អំឡុងពេលបរិយាកាសអ័ព្ទអួ ឬមានខ្យល់ពុលក្នុងបរិយាកាសទៅតាមការវាយតម្លៃគុណភាពខ្យល់របស់ក្រសួងបរិស្ថាន។ ចំណែកឯ ក្រសួងអប់រំវិញបានក្រើនរំព្ញកឱ្យបុគ្គលិកអប់រំ និងសិស្សសាលាពាក់ម៉ាសឱ្យបានត្រឹមត្រូវរាល់ពេលចេញពីបន្ទប់រៀន ឬចេញក្រៅផ្ទះ ដើម្បីចៀសវៀងការស្រូបបឺតយកខ្យល់ពុល។ យ៉ាងណាក៏ដោយ ក្រសួងអប់រំនៅមិនទាន់ប្រកាសបិទសាលា ឬដាក់ចេញវិធានការបន្ថែមអ្វីនៅឡើយទេ គិតត្រឹមពេលនេះ។
គួរដឹងថា ខណៈប្រទេសជិតខាងថៃកំពុងជួបវិបត្តិខ្យល់ពុលដែរនោះ ពលរដ្ឋកម្ពុជាមួយចំនួនបានចេញមុខរិះគន់នៅក្នុងបណ្តាញទំនាក់ទំនងសង្គមថា ការផ្តល់ព័ត៌មានផ្លូវការរបស់កម្ពុជាស្តីពីគុណភាពខ្យល់ មានភាពយឺតយ៉ាវដែលអាចនាំឱ្យមានហានិភ័យដល់សុខភាពប្រជាពលរដ្ឋ។ ប៉ុន្តែ មន្ត្រីនាំពាក្យក្រសួងបរិស្ថានកម្ពុជា លោក ខ្វៃ អាទិត្យា បានបកស្រាយថា ពលរដ្ឋមិនទាន់យល់ពីកម្រិតស្តង់ដារដោយឡែករបស់កម្ពុជាដែលខុសពីប្រទេសដទៃ។ បើតាមមន្ត្រីនាំពាក្យរូបនេះ ប្រទេសដទៃមានកម្រិតស្តង់ដារខ្យល់ពុលផ្សេងៗគ្នា និងថា ការកំណត់កម្រិតស្តង់ដារខ្យល់ពុលរបស់ប្រទេសខ្លះក៏ទាបជាងកម្ពុជាដែរ។ ទោះយ៉ាងណា លោក ខ្វៃ អាទិត្យា បានបន្ថែមថា ក្រសួងបានបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវិវត្តន៍នៃកំណើនខ្យល់ពុល ខណៈមធ្យមភាគនៃគុណភាពខ្យល់ប្រចាំឆ្នាំនៅកម្ពុជាស្ថិតនៅក្នុងកម្រិតស្តង់ដាររបស់អង្គការសុខភាពពិភពលោក គឺ ១៤,១មីក្រូក្រាមក្នុង១ម៉ែត្រគូបខ្យល់៕
Nº.0385