អាមេរិក ផ្អាកជាបន្ទាន់ ជំនួយនៅទឹកដីបរទេស ដោយលើកលែងអ៊ីស្រាអែល និងអេហ្ស៊ីប ប៉ុន្តែ គ្មានអ៊ុយក្រែន

7News

 អាមេរិក ផ្អាកជាបន្ទាន់ ជំនួយនៅទឹកដីបរទេស ដោយលើកលែងអ៊ីស្រាអែល និងអេហ្ស៊ីប ប៉ុន្តែ គ្មានអ៊ុយក្រែន

ចេញផ្សាយថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥៖

អាមេរិកជាប្រទេស ផ្តល់ជំនួយបរទេស ធំជាងគេបង្អស់នៅក្នុងពិភពលោក ជាមួយ ការផ្តល់ជំនួយ បរទេស ជាង ៦០ពាន់លាន ដុល្លារ ក្នុងមួយឆ្នាំៗ។ ប៉ុន្តែ នៅក្នុងបទបញ្ជា ថ្មី ផ្ញើ ទៅកាន់ ស្ថានទូតអាមេរិក ទាំងអស់ នៅក្នុងពិភពលោក ដែលបែកលេចធ្លាយ ដល់ ដៃអ្នកកាសែត កាលពីថ្ងៃសុក្រទី ២៤មករា ប្រមុខការទូតអាមេរិក ថ្មី លោក ម៉ារកូ រូប៊ីយ៉ូ (Marco Rubio) បាន បញ្ជាក់ ឲ្យ គេ ផ្អាកជាបន្ទាន់ ការផ្តល់ជំនួយបរទេស នៅក្នុងរយៈពេល ៨៥ ថ្ងៃ។

ការផ្តល់ជំនួយ របស់ អាមេរិក ទៅ បរទេស ចាប់ផ្តើម ស្រពេចស្រពិល បន្ទាប់ពី លោកដូណាល់ ត្រាំ ដែលជា ប្រធានាធិបតីថ្មី ប្រកាស ផ្តោតអាទិភាព ទៅលើ អាមេរិក មុនគេ បាន បញ្ជា ឲ្យ ផ្អាក ការផ្តល់ជំនួយទៅ បរទេស នៅក្នុង រយៈពេល ៣ខែ។

នៅថ្ងៃសុក្រទី ២៥មករា ប្រមុខការបរទេស ថ្មីរបស់អាមេរិក បាន អនុវត្ត តាម បទបញ្ជា របស់ ប្រធានាធិបតី ដោយ បាន បញ្ជូន កំណត់ត្រា ទៅរាល់ តំណាងទូត អាមេរិក នៅក្នុង ពិភពលោក ឲ្យ ផ្អាកជាបន្ទាន់ ការផ្តល់ជំនួយទៅ បរទេស នៅក្នុង អំឡុង ៨៥ថ្ងៃ។

កំណត់ត្រាផ្ទៃក្នុង ដែល បាន លេចធ្លាយ ដល់ដៃ អ្នកកាសែត នៅចុងសប្តាហ៍នេះ បាន បញ្ជាក់ថា នៅក្នុងរយៈពេល ៨៥ថ្ងៃតទៅមុខ រដ្ឋមន្រ្តី ការទេស ថ្មី គឺលោក ម៉ារកូ រូប៊ីយ៉ូ មាន ពេល ពិនិត្យ ឡើងវិញថា តើ កញ្ចប់ជំនួយរបស់ អាមេរិក ទៅ បរទេស មាន ប្រសិទ្ធភាព និង ដើរស្របតាម គោលនយោបាយ ការបរទេស ថ្មី របស់ លោកដូណាល់ ត្រាំ ដែរឬទេ។

បទបញ្ជា របស់ ក្រសួងការបរទេស ឲ្យ ផ្អាកជាបន្ទាន់ សកម្មភាពផ្តល់ជំនួយ អាមេរិក នៅទឹកដីបរទេស ប៉ះពាល់ ដល់ គ្រប់ប្រទេស ជាពិសេស នៅ ទ្វីបអាស៊ី និងអាហ្វ្រិក ព្រោះថា អាមេរិក ជា ប្រទេស ផ្តល់ជំនួយ ធំជាងគេ បង្អស់នៅក្នុងពិភពលោក ជាមួយ កញ្ចប់ជំនួយបរទេស ជាង ៦០ពាន់លាន ដុល្លារក្នុងមួយឆ្នាំៗ។

បទបញ្ជា ឲ្យ ផ្អាក ព្យួរ ជំនួយ បរទេស ដែល នឹង ប៉ះពាល់ ដល់ គ្រប់វិស័យ តាំងពី ការអភិវឌ្ឍ ការអប់រំ សុខភាព កសិកម្ម រហូត ដល់ វិស័យ យោធា នៅតាម បណ្តា ប្រទេស ដែល ទទួល បាន ជំនួយ ពី អាមេរិក បាន បណ្តាល ឲ្យមាន ប្រតិកម្ម តវ៉ា រិះគន់ ពី អង្គការមនុស្សធម៌ និង អ្នកនយោបាយ អាមេរិក។

ប្រធាន អង្គការ Oxfam អាមេរិក និយាយ ថា ដោយ ផ្អាកការផ្តល់ជំនួយបរទេស រដ្ឋបាលលោកដូណាល់ ត្រាំ កំពុង លលេង នឹង គ្រោះថ្នាក់ សម្លាប់ ជីវិត មនុស្ស គំរាមកំហែង សហគមន៍ ដែល កំពុង ជួប វិបត្តិ ហើយនិង បោះបង់ចោល តួនាទី កេរ្តិ៍ឈ្មោះ របស់ អាមេរិក ក្នុងនាមជា ប្រទេស ដែល ផ្តល់ជំនួយ ដោយ គ្មានការរើសអើង។

អ្នកតំណាងរាស្រ្ត មកពី គណបក្ស ប្រជាធិបតេយ្យ វាយតម្លៃថា បទបញ្ជាឲ្យ ផ្អាកជាបន្ទាន់ នូវ សកម្មភាព ផ្តល់ជំនួយរបស់អាមេរិក នៅបរទេស នឹង ប៉ះពាល់ ដោយផ្ទាល់ ដល់ អ្នកកើតជំងឺអេដស៍ ប្រមាណ ២០លាននាក់ ដែល ទទួល បាន ថ្នាំ ពន្យារជីវិត និង មនុស្ស ៦០លាន នាក់ នៅក្នុងពិភពលោក ដែល បាន ទទួលប្រយោជន៍ ពីគម្រោងប្រយុទ្ធប្រឆាំង នឹង ជំងឺ គ្រុនឈាម ដែល ឧបត្ថម្ភ ដោយ ទីភ្នាក់ងារអាមេរិក សម្រាប់ការអភិវឌ្ឍ អន្តរជាតិ ហៅកាត់ជាភាសាអង់គ្លេស ថា USAID។

កំណត់ត្រា របស់ក្រសួង ការបរទេសអាមេរិកវិញ បាន បញ្ជាក់ថា ទោះ រាល់ ជំនួយបរទេស ត្រូវព្យួរផ្អាក បន្ទាន់ នៅក្នុងអំឡុងពេល សិក្សា របស់ រដ្ឋបាលថ្មី ប៉ុន្តែ ការផ្តល់ជំនួយមនុស្សធម៌ ជំនួយ អាហារូបត្ថម្ភបន្ទាន់ នៅតែបន្តមាន នៅតាម បណ្តាប្រទេស ដែលកំពុងជួបវិបត្តិ ក្នុង ពិភពលោក ដូចករណី ប្រទេស ស៊ូដង់ ស៊ីរី និង នៅតំបន់ហ្កាហ្សា ជាដើម។

ជាការកត់សំគាល់ នៅក្នុងកំណត់ត្រា ទៅកាន់ អង្គទូត របស់អាមេរិក នៅបរទេស រដ្ឋមន្រ្តីការបរទេស អាមេរិក លោក ម៉ារកូ រូប៊ីយ៉ូ បានបញ្ជា ឲ្យផ្អាក រាល់ ការផ្តល់ជំនួយ នៅ ទឹកដីបរទេស ប៉ុន្តែ ដោយ លើកលែងករណី ផ្តល់ជំនួយយោធា ដល់ អេហ្ស៊ីប និងអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្ត របស់អាមេរិក។ អ៊ីស្រាអែល បានទទួល កញ្ចប់ ជំនួយយោធា សព្វាវុធ ពីអាមេរិក យ៉ាងសន្ធឹកសន្ធាប់ ចាប់តាំងពី អ៊ីស្រាអែល ធ្វើសង្រ្គាម វាយប្រហារលើ ហ្កាហ្សា។ ចំណែក អេហ្ស៊ីប តែងទទួលបាន ជំនួយពីក្រសួងការពារជាតិ អាមេរិក ចាប់តាំងពី អេហ្ស៊ីប ប្រទេស អារ៉ាប់ដំបូងគេ ដែលបាន ចុះ កិច្ចព្រមព្រៀងសន្តិភាពជាមួយ អ៊ីស្រាអែល នៅ ឆ្នាំ ១៩៧៩។

នៅពេល អាមេរិក បន្ត ផ្តល់ កញ្ចប់ ជំនួយយោធា ដល់សម្ព័ន្ធមិត្ត អ៊ីស្រាអែល អ៊ុយក្រែន មិន ឃើញមាន ឈ្មោះនៅក្នុងបញ្ជីឈ្មោះ លើកលែង របស់ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃសុក្រ។ រដ្ឋបាល លោកដូណាល់ ត្រាំ មិនលើកនិយាយ សូម្បីតែបន្តិច ពីករណីអ៊ុយក្រែន ដែលធ្លាប់ទទួលបានជំនួយយោធា រាប់ពាន់លាន ដុល្លារ ពីអាមេរិក ក្រោមរដ្ឋបាល មុន ដឹកនាំដោយ លោកចូ បៃដិន។ ដោយ ខា្លច ថា លោក ដូណាល់ ត្រាំ ជាមនុស្ស កំណាញ់ស្វិត មិនជួយ អ៊ុយក្រែន លោក ចូ បៃដិន នៅមុន ដើរចេញពីសេតវិមាន បាន ប្រកាស ផ្តល់ជំនួយយោធា ជា ច្រើន រយលាន ដុល្លារ។ ប៉ុន្តែ បញ្ហានៅត្រង់ថា កញ្ចប់ជំនួយ ថ្មី សម្រាប់ជួយអ៊ុយក្រែន ប្រមាណ ៣,៨ពាន់លានដុល្លារ ដែល ព្រឹទ្ធសភា បានអនុម័ត រួចហើយដើម្បី អាច បញ្ជូន សព្វាវុធ ទៅ ឲ្យអ៊ុយក្រែន ធ្វើសង្រ្គាម ទប់ទល់ នឹង ការឈ្លានពាន របស់រុស្ស៊ី នៅ ថ្ងៃអនាគត ពេលនេះ កំពុងស្ថិតក្នុងដៃ និង ការសម្រេចចិត្ត របស់ លោកដូណាល់ ត្រាំតែមួយគត់។

ចំពោះ គណបក្ស ប្រជាធិបតេយ្យ ដែលបាន ក្លាយជា បក្ស ប្រឆាំង ការបញ្ជា ឲ្យ ផ្អាកជំនួយអាមេរិក នៅបរទេស មិនត្រឹម គំរាម អាយុជីវិត មនុស្ស រាប់លាននាក់តែប៉ុណ្ណោះទេ ប៉ុន្តែ វា កំពុង ធ្វើ ឲ្យអាមេរិក ចុះខ្សោយ ឥទ្ធិពល នយោបាយ របស់ ខ្លួន នៅបរទេស មិនខុសអី ពី ការបើកដៃ ឲ្យ ចិន និង រុស្ស៊ី ដែលជា គូប្រជែងធំ៕

Nº.0384

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top