អាកាសចរណ៍ស៊ីវិលថា មានអ្នកដំណើរតាមផ្លូវអាកាសជាង ៦.២លាននាក់ក្នុងឆ្នាំ ២០២៤
ចេញផ្សាយថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥៖
អាកាសចរណ៍ស៊ីវិលកម្ពុជាបានរាយការណ៍ថា ក្នុងឆ្នាំ២០២៤ កន្លងទៅ វិស័យដឹកជញ្ចូនតាមផ្លូវអាកាសរបស់កម្ពុជាមានវឌ្ឍនភាពល្អដោយមានទាំងកំណើនចំនួនជើងហោះហើរ និងចំនួនអ្នកធ្វើដំណើរ។ ក្នុងរបាយការណ៍សង្ខេបរបស់អាកាសចរណ៍ស៊ីវិលកម្ពុជា គិតចាប់ពីខែមករាដល់ខែ ធ្នូ ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខេត្តសៀមរាប និង ខេត្តព្រះសីហនុមានជើងហោះហើរចេញ ចូលសរុបចំនួនជាង ៥ម៉ឺនជើង ពោលកើនចំនួន ១២% និងមានអ្នកដំណើរចេញ ចូលសរុបចំនួនជាង៦.២លាននាក់ ពោលកើនឡើង ២២% បើធៀបនឹងឆ្នាំ ២០២៣។
តាមរបាយការណ៍របស់អាកាសចរណ៍ស៊ីវិលដែលវិទ្យុបារាំងអន្តរជាតិ RFI បានទទួលកាលពីថ្ងៃទី២២ ខែមករា ជើងហោះហើរសរុបនៅតាមអាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់កម្ពុជាក្នុងឆ្នាំ ២០២៤ គឺមានជាង ៥ម៉ឺនជើងហោះហើរ (៥៨ ៣៥៤ជើង) ពោលកើនជាង ៧ពាន់ជើងហោះហើរ បើធៀបនឹងឆ្នាំ ២០២៣។
ចំណែកអ្នកដំណើរតាមផ្លូវអាកាសចេញ ចូលសរុបមាន ជាង៦.២លាននាក់ ពោលកើនឡើងជាង១.១លាននាក់ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានប្រមាណ ៥.១លាននាក់។ ដោយឡែក របាយការណ៍ដដែលក៏បានកត់ត្រាពីចំនួនទំនិញដែលបានដឹកតាមផ្លូវអាកាសដែលមានជិត ៨ម៉ឺនតោន ពោលកើនឡើង ៤០% បើធៀបនឹងឆ្នាំ ២០២៣។
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា លទ្ធផលវិជ្ជមាននេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រុមហ៊ុនអាកាសចរណ៍ក្នុងការជួយសម្របសម្រួលលក្ខខណ្ឌជាច្រើនដល់អ្នកធ្វើដំណើរតាមផ្លូវអាកាសទាំងអស់។ មន្ត្រីអាកាសចរណ៍ស៊ីវិលដដែលរូបនេះបន្ថែមដោយរំពឹងថា ចំនួនជើងហោះហើរ និងចំនួនអ្នកធ្វើដំណើរនឹងបន្តកើនឡើងក្នុងឆ្នាំ២០២៥ ខណៈរដ្ឋាភិបាលកំពុងកែលម្អហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន លើកកម្ពស់សេវាកម្មអាកាសចរណ៍ និងពង្រើកការហោះហើរទៅកាន់ទីផ្សារសំខាន់ៗទាំងនៅក្នុងតំបន់ និងនៅលើពិភពលោក។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាទទួលស្គាល់នូវកំណើនជាវិជ្ជមាននៃវិស័យដឹកជញ្ចូនតាមផ្លូវអាកាសរបស់កម្ពុជា។ តែលោក ធួន ស៊ីណានបានឲ្យជាយោបល់ថា ដើម្បីឲ្យកម្ពុជាទទួលបានភ្ញៀវទេសចរតាមផ្លូវអាកាសកាន់តែច្រើន រដ្ឋាភិបាលគួរពិចារណាកាត់បន្ថយថ្លៃសេវាលើសំបុត្រយន្តហោះ ដូចជាតម្លៃពន្ធព្រលាន តម្លៃសេវាដែលរដ្ឋកាត់ចេញពីសំបុត្រយន្តហោះជាដើម។
អ្នកជំនាញផ្នែកទេសចរណ៍ដដែលរូបនេះអះអាងថា ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនតែងរអ៊ូរចំពោះតម្លៃសេវាផ្សេងៗដែលជាហេតុធ្វើឱ្យក្រុមហ៊ុន និងអ្នកធ្វើដំណើរផ្លាស់ប្តូរទិសដៅគេចមិនមកកម្ពុជា។ នៅត្រង់ចំណុចនេះ លោក ធួន ស៊ីណានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវគិតគូរនូវចំណុចណាដែលអាចកាត់បន្ថយបានដើម្បីជួញលើកស្ទួយវិស័យទេសចរណ៍ឱ្យកើនឡើងបន្ថែមទៀត។
គួរជម្រាបថា បច្ចុប្បន្ន កម្ពុជាមានអាកាសយានដ្ឋានអន្តរជាតិចំនួន៣ ដែលកំពុងធ្វើប្រតិបត្តិការ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ ដោយឡែក អាកាសយានដ្ឋានតារាសាគរខេត្តកោះកុងដែលបានបើកដំណើរការកាលពីចុងខែធ្នូ ឆ្នាំ២០២៤ គឺសម្រាប់តែជើងហោះហើរជួល«ឆាតទើរ» ឬជាជើងហោះហើរជួលក្រៅកម្មវិធីហោះហើរប៉ុណ្ណោះ មានន័យថា អាកាសយានដ្ឋានមួយនេះនៅមិនទាន់បើកសម្ពោធជាផ្លូវការនៅឡើយទេ៕
Nº.0383