របបសឹក ភូមា កាន់តែបាក់ទ្រោម បន្ទាប់ពី រដ្ឋរ៉ាឃីន សឹងទាំងមូល ធ្លាក់ ក្នុង ដៃ របស់ពួកឧទ្ទាម

7News

 របបសឹក ភូមា កាន់តែបាក់ទ្រោម បន្ទាប់ពី រដ្ឋរ៉ាឃីន សឹងទាំងមូល ធ្លាក់ ក្នុង ដៃ របស់ពួកឧទ្ទាម

ក្រុមយោធាភូមាបន្តបរាជ័យនៅក្នុង សមរភូមិប្រយុទ្ធ តទល់ជាមួយក្រុមឧទ្ទាម ដែលកំពុងរួមដៃគ្នា ជាមួយក្រុមប្រឆាំងនៅទូទាំងប្រទេស។ បន្ទាប់ពី ប្រយុទ្ធបង្ហូរឈាម គ្នាអស់ជាច្រើនខែ ក្រុមឧទ្ទាមអារ៉ាន ដែលជា ក្រុមជនជាតិភាគតិចប្រដាប់អាវុធ សកម្មជាងគេ នៅរដ្ឋរ៉ាឃីន ភាគពាយ័ព្យ ប្រទេស បានប្រយុទ្ធយកឈ្នះ ដណ្តើម បាន ទីតាំងយោធា ចុងក្រោយ របស់ របបសឹកភូមា នៅក្នុង រដ្ឋ រ៉ាឃីន។ ចាប់តាំងពីថ្ងៃអាទិត្យ ទី ៨ធ្នូ ក្រុមឧទ្ទាម អារ៉ាខានគ្រប់គ្រង បាន ទឹកដី ៨០% ក្នុង រដ្ឋ រ៉ាឃីន ដែលស្ថិតនៅជាប់ព្រំដែន ជាមួយ ប្រទេស បង់ក្លាដែស។ ហេតុអ្វីបានជា ក្រុមអារ៉ាខាន មាន កម្លាំងខ្លាំង អាច វាយបំបាក់ កងទ័ពភូមា ឲ្យ លើកទង់ជ័យស នៅ រដ្ឋរ៉ាឃីន?

បន្ទាប់ពីឡោមព័ទ្ធ ប្រយុទ្ធតទល់ បង្ហូរឈាម គ្នា ជាង ២ខែ ក្រុមឧទ្ទាមជនជាតិភាគតិច អារ៉ាខាន បានប្រកាស ថា កាលពីថ្ងៃ អាទិត្យទី ៨ធ្នូថា ខ្លួន បាន វាយដណ្តើម យកទីតាំង យោធា ចុងក្រោយ របស់ របបសឹក ភូមា នៅ ក្នុង រដ្ឋរ៉ាឃីន។ រូបភាពវីដេអូដែល ក្រុមឧទ្ទាម អារ៉ាខាន បញ្ជូន ឲ្យ ទីភ្នាក់ងារ ព័ត៌មាន បរទេស បង្ហាញ ក្រុមប្រដាប់អាវុធ អារ៉ាខាន បាញ់ សំដៅ អគារជាច្រើនខ្នង ជាទីដែលកម្លាំងនគរបាល ទាហាន រដ្ឋាភិបាល សឹកភូមាជាច្រើនរយនាក់ដកថយទៅពួនសំងំ ដោយសារ ការវាយរុញច្រាន របស់ ក្រុមឧទ្ទាម នៅប៉ុន្មានខែមកនេះ។

ក្រុមអារ៉ាខាន ទទួលស្គាល់ ថា ជា លើកទី១ដែលមានការ ប្រយុទ្ធបង្ហូរឈាម ខ្លាំងក្លាបែបនេះជាមួយកងទ័ពភូមា។ បើតាម ក្រុមឧទ្ទាម អារ៉ាខាន គ្នីគ្នា របស់ពួកគេ ជាច្រើន នាក់ ស្លាប់ ដោយសារ គ្រាប់មីន ដែល កងទ័ព ដាក់ពង្រាយ នៅជុំវិញបន្ទាយ។ ប៉ុន្តែ ការតស៊ូប្រយុទ្ធ លះបង់ជីវិត មិនស្តាយ បូកផ្សំ នឹង យុទ្ធសាស្រ្ត ឡោមព័ទ្ធ កាត់ផ្តាច់ ជំនួយ ជា គន្លឹះសំខាន់ ធ្វើឲ្យទីតាំងយោធា ចុងក្រោយ របស់ របបសឹក ធ្លាក់ក្នុង ដៃ របស់ ក្រុមឧទ្ទាម។ បើតាម ក្រុមអារ៉ាខាន នៅក្នុង បន្ទាយ ទាហាន គ្មានបញ្ហា ខ្វះស្បៀងនោះទេដោយសារការទម្លាក់ជំនួយ ពី ឧទ្ធម្ភាគចក្រ នៅពេលយប់ៗ ប៉ុន្តែ ដោយសារពួកគេ មិនអាច ព្យាបាលអ្នករបួស រហូតធ្វើឲ្យទាហាន ក្នុង ជួរបាក់ទឹកចិត្ត លែង ប្រយុទ្ធ។

នៅក្រោយ ការលើកទង់ជ័យស ក្រុមឧទ្ទាម អារ៉ាខាន ដែល បានចូល ទៅក្នុងបន្ទាយ បាននិយាយ ថា មាន ទាហាន ភូមា ប្រមាណ ៤៥០នាក់ ស្លាប់គរជើង នៅក្នុង បន្ទាយ។

គេអាច និយាយ បានថា ទោះបីមានអន្តរាគមជួយពី យន្តហោះ ទម្លាក់គ្រាប់ទៅលើ ទីតាំង របស់ ក្រុមឧទ្ទាម ដែលឡោមព័ទ្ធជុំវិញបន្ទាយ ទាហាន ភូមា នៅទីបំផុត បាន ទម្លាក់អាវុធ លើកទង់ជ័យស ប្រគល់ ខ្លួន ឲ្យ ក្រុមឧទ្ទាម។ នៅក្នុងចំណោមទាហាន ភូមាជាច្រើននាក់ ដែល ក្រុមឧទ្ទាម ចាប់ជា ឈ្លើយសឹក មាន មេបញ្ជាការ ធំម្នាក់របស់កងទ័ពភូមា ឈ្មោះ Thurein Tun និងមន្រ្តីយោធា ក្រោម បង្គាប់ប៉ុន្មាននាក់ ដែល ក្រុមឧទ្ទាម ចាប់ឲ្យអង្គុយលត់ជង្គង់ នៅមុខ កាមេរ៉ា។ នៅក្រោយ ការបង្ហោះផ្សាយ របស់ វីដេអូ របស់ ក្រុមអារ៉ាខាន របបសឹក ភូមា របស់ លោកមីន អ៊ុងឡាំង បានរងស្រោច ការរិះគន់ នៅតាម បណ្តាញសង្គម ដែលនៅក្នុង នោះ មួយចំនួន បាន ថ្កោលទោសមេដឹកនាំរបបសឹក ថា មិនរវល់អើពើជួយ កូនទាហាន និង ការពារ តែកូនក្មួយសាច់ញាតិ របស់ខ្លួន តាមរយៈ ការមិនរើស ចូល ទ័ព។

ទីតាំងយោធា ដែលក្រុមឧទ្ទាម អារ៉ាខាន វាយដណ្តើម បាន កាលពីថ្ងៃអាទិត្យ ជា បន្ទាយ របស់ ក្រុម ឆ្មាំប៉ូលិស ព្រំដែន របស់របបសឹក នៅ ព្រំដែនជាមួយ ប្រទេស បង់ក្លាដែស។ គិតចាប់តាំង ពី បើកការប្រយុទ្ធប្រឆាំង នឹង របបសឹក ភូមា នៅ ខែ វិច្ឆិកា ឆ្នាំមុន ក្រុមឧទ្ទាម អារ៉ាខាន បាន វាយដណ្តើម យកបានជាបន្តបន្ទាប់ ទីតាំង យោធា របស់ របបសឹកភូមា ចំនួន ៣០ និង ចូលគ្រប់គ្រង បានក្រុង ចំនួន ១១ ក្នុងចំណោមក្រុង សរុប ១៧ របស់ រដ្ឋរ៉ាឃីន។ ដោយវាយដណ្តើម យកបាន តំបន់ Maungdaw ដែលមាន ប្រជាជន រស់នៅ ជាង ១សែននាក់ ក្រុមឧទ្ទាម អារ៉ាន បាន ចូលកាន់កាប់ បាន ទឹកដី ៨០% របស់ រដ្ឋ រ៉ាឃីន ដោយ នៅ តែ រដ្ឋធានី Sittwe តែប៉ុណ្ណោះ ដែល ស្ថិតក្នុង ដៃ របស់ រដ្ឋាភិបាល សឹក នៅឡើយ។ ប៉ុន្តែ ទីក្រុង ជាប់សមុទ្រ មួយនេះមិនយូរ មិនឆាប់ នឹង អាចធ្លាក់ក្នុងដៃ របស់ ក្រុមឧទ្ទាម ព្រោះ វាត្រូវកាត់ផ្តាច់គ្មានជំនួយ និង ឡោមព័ទ្ធ ជុំវិញ ដោយតំបន់គ្រប់គ្រង ដោយ ក្រុមឧទ្ទាម។

ការបាត់បង់ រដ្ឋរ៉ាឃីន ក្នុងដៃ របស់ ពួកឧទ្ទាម ជា បរាជ័យធ្ងន់ធ្ងរ ចំពោះរបបសឹក។ វា ធ្វើ ឲ្យ របបសឹក បាត់បង់ ផ្លូវ ទៅកាន់សមុទ្រ បាត់បង់ កំពង់ផែ នៅសមុទ្របង់ក្លាដែស។

នៅ ខាង ក្រុមឧទ្ទាម វា ជាជ័យជំនះដ៏ធំធេង រហូត ធ្វើ ឲ្យក្រុមឧទ្ទាម អារ៉ាខាន ត្រូវគេ ចាត់ទុកថា ជា ក្រុមឧទ្ទាម ទី១ ដែលមាន កម្លាំង អាច វាយយកឈ្នះ កងទ័ពភូមា គ្រប់គ្រង តំបន់ ជាប់ព្រំដែនដែលមានប្រវែង ជាង ២៧០គីឡូម៉ែត្រ ជាមួយប្រទេស បង់ក្លាដែស។ អាច និយាយបាន ថា ដោយ របូតបាត់ ដែនដីសឹងទាំងស្រុង នៅ រដ្ឋ រ៉ាឃីន របបសឹក បាត់បង់ ការគ្រប់គ្រងតំបន់ជាប់ព្រំដែនជាមួយ បង់ក្លាដែស។

តើ ក្រុមឧទ្ទាមអារ៉ាខានមានប្រភពមកពីណា និងមធ្យោបាយ យុទ្ធសាស្រ្ត យ៉ាងណា ទើប អាចវាយបំបាក់ កងទ័ពភូមា យក រដ្ឋ រ៉ាឃីន សឹងទាំងមូលនោះ?

បង្កើតឡើង នៅ ឆ្នាំ ២០០៩ ក្រុមអារ៉ាខានជា ក្រុមឧទ្ទាម ក្មេងខ្ចីជាងគេ បើប្រៀបធៀបនឹង ក្រុមឧទ្ទាមជនជាតិភាគតិចដទៃទៀត។ ក្រុមនេះប្រមូលផ្តុំ ដោយ ក្រុមយុវជន ជនជាតិភាគតិច អារ៉ាខាន ដែល ធ្លាប់ ចេញទៅរកការងារ ធ្វើនៅប្រទេស ចិន។ ក្រុមនេះ បាន ចេញមុខ តស៊ូប្រយុទ្ធប្រឆាំងកងទ័ព ភូមា នៅរដ្ឋ រ៉ាឃីន ដើម្បីទាមទារ ការគ្រប់គ្រងស្វ័យតភាព ពី រដ្ឋាភិបាល ភូមាដែលពួកគេ ចោទថា ខ្ជីខ្ជា មិនយកចិត្តទុកដាក់ជួយអភិវឌ្ឍរដ្ឋ រ៉ាឃីន ដោយបណ្តោយឲ្យប្រជាជន អារ៉ាខាន ធ្លាក់ខ្លួនក្រីក្រ។ ផ្ទុយស្រឡះពីក្រុមអារ៉ាខានរ៉ូហ៊ីងយ៉ាដែល ជាផ្ទាំងស៊ីប វាយប្រហារ ធំរបស់ កងទ័ពភូមារហូតមក ក្រុមប្រដាប់អាវុធជនជាតិភាគតិច អារ៉ាខាន Arakann Army ចេះទាក់ទាញ បញ្ចុះបញ្ចូល ប្រជាជន អារ៉ាខាន ឲ្យរួមកម្លាំងជាមួយខ្លួន ដើម្បីវាយឆ្មក់ លើ កងទ័ព។ ក្រុមឧទ្ទាម អារ៉ាខាន កាន់តែមានកម្លាំងខ្លាំង ដោយ មកពីមាន ការចូលរួមពី ក្រុមយុវជនភូមា ដែល ប្រឆាំង នឹង រដ្ឋប្រហារ របស់ មេដឹកនាំ យោធា លោកមីន អ៊ុងឡាំង។ ជាការកត់សំគាល់ ក្រុមអារ៉ាខាន មាន ចំណងសម្ព័ន្ធភាពជាមួយ ចលនាឧទ្ទាម ពីរធំៗផ្សេងទៀត ដែលកំពុងមាន ប្រៀប លើ កងទ័ពភូមាដែរ នៅរដ្ឋ Shan ជាប់ព្រំដែនជាមួយប្រទេសចិន។ គឺក្រុមនេះដែលផ្តល់ សព្វាវុធ និង ជំនួយហិរញ្ញវត្ថុ ដល់ ក្រុមអារ៉ាខាននៅរ៉ាឃីន។

ដោយ យកឈ្នះចូលគ្រប់គ្រង រដ្ឋ រ៉ាឃីន សឹងទាំងស្រុង ក្រុមប្រដាប់អាវុធជនជាតិភាគតិច អារ៉ាខាន ជាក្រុមឧទ្ទាម លើកដំបូងគេដែលមាន កម្លាំង វាយបំបាក់ កងទ័ពភូមា ឲ្យចុះទ្រោម។ សួរថា តើ ជ័យជំនះ របស់ ក្រុមអារ៉ាខាន មានន័យយ៉ាងណា ចំពោះ ក្រុមប្រឆាំងដែលជាដៃគូប្រយុទ្ធប្រឆាំង នឹង របបសឹកភូមា?

រដ្ឋាភិបាល ស្រមោល ដែល បង្កើតឡើង ដោយ ក្រុម អ្នកប្រឆាំង នឹង ការធ្វើរដ្ឋប្រហារភូមា ធ្លាប់បាន សន្យា ផ្តល់ អំណាច គ្រប់គ្រង ស្វ័យតភាព ដល់ ក្រុមឧទ្ទាម ជនជាតិភាគតិច ក្នុងករណី ជួយប្រយុទ្ធផ្តួលរំលំរដ្ឋាភិបាលសឹក។

ប៉ុន្តែ ក្តីបារម្ភមួយនៅត្រង់ថា ទោះក្រុមឧទ្ទាម អារ៉ាខាន ជួយ បណ្តេញអំណាច របស់ របបសឹក នៅភូមា ប៉ុន្តែ ក្រុមនេះ មិនអាច គ្រប់គ្រង បាន ដោយប្រសិទ្ធភាព រដ្ឋរ៉ាឃីនដែលជា រដ្ឋក្រីក្រជាងគេ របស់ភូមានោះទេ។ មួយវិញទៀត ក្រុមឧទ្ទាម អារ៉ាខានដែលជាអ្នកកាន់ពុទ្ធសាសនា ជា ផ្ទាំងស៊ីប រិះគន់ របស់ ក្រុម ជនជាតិភាគតិច រ៉ូហ៊ីងយ៉ា កាន់សាសនា អ៊ីស្លាម ដែលមាន ចំនួន ដល់ទៅជាង ៦សែននាក់ កំពុង រស់នៅក្នុង រដ្ឋរ៉ាឃីន។ ក្រុមរ៉ូហ៊ីងយ៉ា ជាច្រើន បានចោទប្រកាន់ ក្រុមអារ៉ាខាន ថា បាន គំរាមកំហែង យកលេស ប្រយុទ្ធជាមួយ កងទ័ពភូមា ដើម្បីបណ្តេញប្រជាជន រ៉ូហ៊ីងយ៉ា ចេញពីផ្ទះ។ នៅពេល ប្រជាជនរ៉ូហ៊ីងយ៉ារត់គេចពីកន្លែងប្រយុទ្ធគ្នា ពួកទាហាន របស់ក្រុមឧទ្ទាម បានចូលទៅ លួចប្លន់យកទ្រព្យសម្បត្តិ និង ដុតបំផ្លាញផ្ទះសម្បែង របស់ប្រជាជន រ៉ូហ៊ីងយ៉ា។ ចំពោះប្រជាជនរ៉ូហ៊ីងយ៉ាផ្ទាល់ កងទ័ពភូមាបាន យកលេស ប្រយុទ្ធប្រឆាំង ក្រុមភេរវនិយម ដើម្បី បណ្តេញ ជនជាតិរ៉ូហ៊ីងយ៉ា ប៉ុន្តែ ក្រុមឧទ្ទាម អារ៉ាខាន សាហាវជាងកងទ័ពភូមា និងរើសអើងស្អប់ មិនចង់ឲ្យ ជនជាតិរ៉ូហ៊ីងយ៉ា មាន វត្តមាននៅក្នុង រដ្ឋរ៉ាឃីននោះទេ។ អគ្គលេខាធិការ អង្គការ សហប្រជាជាតិ ផ្ទាល់ បារម្ភខ្វល់ ពី ជោគវាសនា របស់ ប្រជាជន រ៉ូហ៊ីងយ៉ា រដ្ឋរ៉ាឃីន ដែលអាចប្រឈម នឹងគ្រោះអត់ឃ្លាន បើសិន សង្រ្គាម នៅតែបន្ត ហើយ ការរើសអើង ហិង្សា ទៅលើ ជនជាតិ រ៉ូហ៊ីងយ៉ា នៅតែមាន៕

Nº.0240

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top