រុស្ស៊ីដកមន្ត្រីការទូតរបស់ខ្លួនមួយចំនួនចេញពីស៊ីរី ក្រោយរបប បាស្ហា អាល់អាសាដ បានដួលរលំ

7News

 រុស្ស៊ីដកមន្ត្រីការទូតរបស់ខ្លួនមួយចំនួនចេញពីស៊ីរី ក្រោយរបប បាស្ហា អាល់អាសាដ បានដួលរលំ

ថ្ងៃអាទិត្យទី ១៥ ខែធ្នូ ឆ្នាំ ២០២៤ វិមានក្រេមឡាំងបានប្រកាសឲ្យដឹងថា រុស្ស៊ី បានធ្វើមាតុភូមិនិវត្តន៍ មន្ត្រីការទូតមួយចំនួនរបស់ខ្លួន ប្រចាំការនៅស្ថានទូតរុស្ស៊ី ក្នុងទីក្រុងដាម៉ាស ប្រទេសស៊ីរី មួយសប្តាហ៍ ក្រោយពីរដ្ឋាភិបោលរបស់លោក បាស្ហា អាល់អាសាដ បានដួលរលំ។

ដំណើរដកមន្ត្រីការទូតមួយផ្នែក ឲ្យត្រឡប់មករុស្ស៊ីវិញ បានប្រព្រឹត្តទៅតាមរយៈ ជើងយន្ដហោះពិសេស នៃទ័ពអាកាសរុស្ស៊ី ចេញដំណើរពី ព្រលានយន្ដហោះយោធារុស្ស៊ី ស្ថិតនៅក្រុង Hmeimim ដែលជាមូលដ្ឋានកងទ័ពរុស្ស៊ី មួយកន្លែង ប្រចាំការនៅក្នុងប្រទេសស៊ីរី។ ស្របពេលជាមួយគ្នានេះ ក្រេមឡាំង បញ្ជាក់ថា ស្ថានទូតរុស្ស៊ី នៅទីក្រុងដាម៉ាស នឹងបន្តមានដំណើរការជាប្រក្រតី។  

ប្រភពដដែលបន្ថែមទៀតថា នៅក្នុងចំណោមមន្ត្រីការទូតខាងលើ ដែលធ្វើមាតុភូមិនិវត្តន៍ មួយចំនួនជា សមាជិក នៃបេសកកម្មការទូតប្រចាំ ប្រទេស បេឡារុស កូរ៉េខាងជើង ព្រមទាំងតំបន់ អាប់ខាស៊ី ដែលគេស្គាល់ថា ជាដែនដីអបគមផ្តាច់ចេញពីរដ្ឋហ្សកហ្ស៊ី ដែលរស្ស៊ីគាំទ្រឯករាជ្យភាពតាំងពី ឆ្នាំ ២០០៨ មកម៉្លេះ។

ក្រៅពី ការវិលត្រឡប់ចូលស្រុកវិញ នៃបុគ្គលិកការទូតទាំងនេះ មានបញ្ហាធំមួយទៀត ដែលកំពុងចោទឡើងចំពោះរដ្ឋាភិបាលរុស្ស៊ី ៖ តើវាសនាមូលដ្ឋានទ័ពរុស្ស៊ីទាំងពីរកន្លែង ដែលប្រចាំការក្នុងប្រទេសស៊ីរី នឹងក្លាយទៅជាយ៉ាងណា ? គួររំឭកថា កំពង់ផែ Tartous នៅមាត់សមុទ្រ ម៉េឌីទែរ៉ាណេ និង មូលដ្ឋានទ័ពអាកាសនៅក្រុង Hmeimim គឺជាទីតាំងយោធាសំខាន់ពីររបស់រុស្ស៊ី ដ្បិតដើរតួនាទីជា ហេដ្ឋារចនាសម្ព័ន្ធគន្លឹះ ដែលអនុញ្ញាតឲ្យរុស្ស៊ី អាចរក្សាឥទ្ធិពលខ្លួន នៅតំបន់មជ្ឈឹមបូព៌ា។

ត្រង់ចំណុចនេះ នៅថ្ងៃពុធទី ១១ ខែធ្នូ អ្នកនាំពាក្យវិមានក្រេមឡាំង បានពោលថា ម៉ូស្គូ កំពុងមានទំនាក់ទំនងជាប់ជានិច្ចជាមួយអាជ្ញាធរថ្មីនៅស៊ីរី ដើម្បីពិភាក្សាគ្នាអំពី អនាគតនៃមូលដ្ឋានទ័ពរុស្ស៊ី ទាំងពីរខាងលើ។ តែទោះយ៉ាងណា ក្នុងថ្ងៃទី  ៩ និង ទី ១០ ខែ ធ្នូ កន្លងទៅ គេសង្កេតឃើញនាវាចម្បាំង ៣ គ្រឿង និង នាវាមុជទឹក មួយគ្រឿងរបស់រុស្ស៊ី បានចាកចេញ ទាំងប្រញាប់ប្រញាល់ពីកំពង់ផែ Tartous។ បើផ្អែកតាមការវិភាគរបស់ លោក Vincent Tourret មកពីសាកលវិទ្យាល័យក្រុង Montréal ការចាកចេញយ៉ាងទាន់ហន់នេះ ជាសញ្ញានៃដំណើរលិចលង់ នៃមហិច្ឆតារបស់រុស្ស៊ី ដែលចង់ពង្រីកឥទ្ធិពោលយោធារបស់ខ្លួន នៅដែនសមុទ្រម៉េឌីទែរ៉ាណេរ និង នៅទ្វីបអាហ្វ្រិក៕

Nº.0241


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top