កូរ៉េខាងត្បូង ទម្លាក់ប្រធានាធិបតីយូន សុកយោល ដើម្បី ការពារលទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចី
សភាកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ ទី ១៤ ធ្នូ បាន បោះឆ្នោត ទម្លាក់ ប្រធានាធិបតី លោក យូន សុកយោល ដែលបាន ប៉ុនប៉ង ប្រើច្បាប់អាជ្ញាសឹក។ តុលាការ ធម្មនុញ្ញមាន រយៈពេល ៦ខែ ដើម្បី ពិចារណា តុលាការ សម្រេចចិត្ត ប៉ុន្តែ ប្រធានបក្ស ប្រឆាំង កូរ៉េខាងត្បូង លោក លី ចេម្ញុង បាន ទាមទារ ឲ្យ តុលាការ ធម្មនុញ្ញចាត់វិធានការ ឲ្យបាន ឆាប់រហ័សបំផុត ដើម្បី បិទបញ្ចប់ ទុក្ខព្រួយ របស់ប្រជាជន កូរ៉េខាងត្បូង។ ចាប់តាំងពី លឺ ប្រធានាធិបតី ប្រកាស ប្រើ ច្បាប់អាជ្ញាសឹក ប្រជាជនកូរ៉េខាងត្បូង រាប់ម៉ឺននាក់បាន ចុះថ្នល់ ធ្វើបាតុកម្មនៅមុខ រដ្ឋសភា ទាមទារ ឲ្យគេ បោះឆ្នោតទម្លាក់ លោកយូន សុកយោល ដែលពួកគេចោទថា ជា គ្រោះថ្នាក់ គំរាមកំហែង លទ្ធិប្រជាធិបតេយ្យ របស់កូរ៉េខាងត្បូង។
ច្បាប់អាជ្ញាសឹក ដែលលោកប្រធានាធិបតី យូន សុកយោល បាន ប្រកាស កាលពីយប់ ថ្ងៃទី៣ធ្នូ មានអាយុត្រឹម តែ ៦ម៉ោង មិនដល់ ១ថ្ងៃផង ប៉ុន្តែ វា គ្រប់គ្រាន់ ដើម្បី ដាស់សតិ ស្មារតីរបស់ ប្រជាជន កូរ៉េខាងត្បូង ឲ្យនឹកភ្លាម ដល់អនុស្សាវរីយ៍ដ៏ឈឺចាប់ ដោយសារការប្រើ ច្បាប់អាជ្ញាសឹកសម័យមេដឹកនាំផ្តាច់ការប៉ាក់ ជុងហ៊ី កាលពី ៤០ឆ្នាំមុន។
នៅថ្ងៃសៅរ៍ ប្រជាជន កូរ៉េខាងត្បូង ប្រមាណ ៣សែននាក់ ដែល ប្រមូលផ្តុំ កកកុញ នៅមុខ រដ្ឋសភា អបអរ ស្រែកហ៊ោរកញ្ជ្រៀវ ក្រោយពីដឹងថា រដ្ឋសភាបោះឆ្នោត ទម្លាក់ លោក យូន សុខយោល ចេញពីតំណែង ប្រធានាធិបតី។ កំហុស ធ្ងន់ធ្ងរ របស់លោក យូន សុកយោល គឺ ប្រកាស ច្បាប់អាជ្ញាសឹកដែល លោកអះអាងថា ដើម្បី ការពារ ប្រទេស ពីកម្លាំងកុម្មុយនិស្ត កូរ៉េខាងជើង និង ក្រុមអរិភាព នឹង រដ្ឋអំណាច។
ដោយប្រឆាំង ដាច់ខាត មិនទទួល យក ច្បាប់អាជ្ញាសឹក រហូតទាមទារ ធ្វើបាតុកម្ម និង បោះឆ្នោត នៅសភា ទម្លាក់ ប្រធានាធិបតី យ៉ាងដូច្នេះ ប្រជាជនកូរ៉េខាងត្បូង បាន បង្ហាញ ដល់ ពិភពលោក ថា ខ្លួន គាំទ្រ ការពារ ដាច់ខាត របបប្រជាធិបតេយ្យ ដែល គ្មានអ្នកណា អាច ប៉ះពាល់បាន សូម្បី ច្បាប់អាជ្ញាសឹក របស់ ប្រធានាធិបតី។
នៅទីក្រុងសេអ៊ូល ប៉ុន្មានថ្ងៃមកនេះ ប្រជាជនកូរ៉េខាងត្បូង និង អ្នកនយោបាយ មិនថាមកពីគណបក្សប្រឆាំង និងគណបក្ស កាន់អំណាច បានស្រុះគ្នា ប្រឆាំងដាច់ខាតនឹង ការប្រកាស ច្បាប់អាជ្ញាសឹក ដើម្បីការពារ លទ្ធិប្រជាធិបតេយ្យ ដ៏ក្មេងខ្ចី ដែលមានអាយុ មិន ដល់ ៤០ឆ្នាំ។ លទ្ធិប្រជាធិបតេយ្យនេះ កូរ៉េខាងត្បូង ទើបតែ មាន នៅ ឆ្នាំ ១៩៨៧ ប៉ុណ្ណោះ បន្ទាប់ពីប្រទេស នេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ មេដឹកនាំ ផ្តាច់ការអស់ជាច្រើនឆ្នាំ។
របប ប្រជាធិបតេយ្យ កូរ៉េខាងត្បូង កើត លេចចេញរូបរាងឡើង ក៏ដោយសារតែ មាន ការបង្រ្កាបទៅលើ ចលនា ប្រឆាំងនឹង របបផ្តាច់ការ នៅ ក្នុង ទសវត្សរ៍ ឆ្នាំ ១៩៨០។ ប្រជាជន កូរ៉េខាងត្បូង ជាច្រើន ជាពិសេស អ្នកនយោបាយ តែម្តង មាន ប្រភព ចេញមកពី ចលនា ប្រឆាំង នឹង របបផ្តាច់ការ។ ពួកគេ មួយចំនួន ធ្លាប់ជា និស្សិត យុវជនដែលក្រុមយោធាប្រើ ច្បាប់អាជ្ញាសឹក ដើម្បីបង្រ្កាប គាបសង្កត់ ចាប់ដាក់ពន្ធនាគារ ដោយសារ តែពួកគេ ប្រើសិទ្ធិសេរីភាព បញ្ចេញមតិ ។
ស្ថានការណ៍ នៅ កូរ៉េខាងត្បូង នៅពេល ប្រធានាធិបតី ស្រាប់តែប្រកាស ប្រើ ច្បាប់អាជ្ញាសឹក ដែលគេ ខាន លឺ ជិត ៤០ឆ្នាំ ជា មេរៀនដ៏មានតម្លៃ មិនអាច កាត់ថ្លៃ ដែលបើកភ្នែក ឲ្យ ប្រជាជន កូរ៉េខាងត្បូង ដឹងថា លទ្ធិប្រជាធិបតេយ្យផុយស្រួយដែលពួកគេត្រូវ តែ ប្រុងប្រយ័ត្នជាប់ជានិច្ច ដើម្បីការពារ កុំឲ្យរបូតបាត់ទៅវិញ។ លោក យុន បុកណាម (Yun Bok Nam) ប្រធានសមាគមមេធាវី ដើម្បីសង្គម ប្រជាធិបតេយ្យ និយាយ ថា ហេតុការណ៍លើកនេះ ជាបទពិសោធន៍ ជួយ ឲ្យប្រជាជន កូរ៉េខាងត្បូង កសាងលទ្ធិប្រជាធិបតេយ្យ ឲ្យកាន់តែ ខ្លាំងរឹងមាំ។
Nº.0239