ចលាចល នៅកូរ៉េខាងត្បូង ក្រោយប្រធានាធិបតីប្រកាស ប្រើច្បាប់អាជ្ញាសឹក

7News

 ចលាចល នៅកូរ៉េខាងត្បូង ក្រោយប្រធានាធិបតីប្រកាស ប្រើច្បាប់អាជ្ញាសឹក

នៅទីក្រុង សេអ៊ូល ភាពចលាចល បានកើតមានរយៈពេលប៉ុន្មានម៉ោង នៅ យប់ ថ្ងៃអង្គារ ឈាន ចូល ដល់ ថ្ងៃពុធទី ៤ ធ្នូ បន្ទាប់ពី ប្រធានាធិបតី លោក យូន សុកយោល បាន ប្រកាស ប្រើ ច្បាប់ អាជ្ញាសឹក នៅកូរ៉េខាងត្បូង។ ភ្លាមៗ ប៉ូលិស និងទាហាន ត្រូវ ដាក់ ពង្រាយ នៅ មុខ និង ក្នុង បរិវេណ រដ្ឋសភា។ នៅ ៣ម៉ោងក្រោយ ការប្រកាស របស់ ប្រធានាធិបតី ប្រើ ច្បាប់អាជ្ញាសឹក សមាជិកសភា មកពីគណបក្ស ប្រឆាំង និង គណបក្ស កាន់អំណាច បាន បោះឆ្នោត ប្រឆាំងការសម្រេច របស់ លោក ប្រធានាធិបតី យូន សុកយោល ដែល គេ ចាត់ទុកថា ជារឿង ខុសឆ្គង ខុសច្បាប់ ប្រាសចាក រដ្ឋធម្មនុញ្ញ កូរ៉េខាងត្បូង ។

នៅកូរ៉េខាងត្បូង ភាពជ្រួលច្របល់ នយោបាយ បានកើតឡើង ពេញមួយយប់ ថ្ងៃ អង្គារ ឈាន ចូល ដល់ ថ្ងៃ ពុធ បន្ទាប់ពី ប្រធានាធិបតី លោក យូន សុកយោល ប្រកាស ប្រើ ច្បាប់អាជ្ញាសឹក នៅទូទាំងប្រទេស។ នៅទីក្រុងសេអ៊ូល ប៉ូលិស ព្យាយាម រារាំង មិន ឲ្យ គេ ចូលក្នុង បរិវេណ រដ្ឋសភា ចំណែក ទាហាន ឡោមព័ទ្ធ និង សម្រុក ចូលក្នុង អគារ រដ្ឋសភា ជាទី ដែលអ្នកតំណាងរាស្រ្ត មួយចំនួន កំពុង ជាប់គាំងខាងក្នុង។

ការប្រកាស ដ៏ភ្ញាក់ ផ្អើល របស់ លោក ប្រធានាធិបតី ឲ្យប្រើ ច្បាប់អាជ្ញាសឹក ដែលកូរ៉េខាងត្បូង ខាន លឺឈ្មោះជាង ៤០ឆ្នាំ (ចាប់ តាំង ពី មេដឹកនាំ យោធា ផ្តាច់ការ ប៉ាក់ ជុងហ៊ីត្រូវ គេ ធ្វើឃាត) បានបណ្តាល ឲ្យ ផ្ទុះការតវ៉ា និងថ្កោលទោស បរិហារ រិះគន់ ពីសំណាក់ គណបក្ស ប្រឆាំង និង គណបក្ស កាន់អំណាច របស់ លោក យូន សុកយោល។ លោក Han Dong-hoon ប្រធានគណបក្ស អំណាចប្រជាជន ដែលជា គណបក្ស របស់លោក យូន សុកយោល បាននិយាយ ថា ការប្រកាស របស់ ប្រធានាធិបតីជារឿងខុសឆ្គង និង ថា លោក នឹង បោះឆ្នោត ប្រឆាំង មិន ឲ្យ ច្បាប់អាជ្ញាសឹក ចេញរូបរាងឡើយ។

ប្រធាន បក្ស ប្រឆាំង លោក លី ចេម្ញុងវិញបាន ប្រកូកប្រកាស ឲ្យ ប្រជាជន កូរ៉េខាងត្បូង ប្រមូលផ្តុំធ្វើបាតុកម្ម នៅមុខ រដ្ឋសភា ដើម្បីទប់ស្កាត់កុំឲ្យប្រទេស ធ្លាក់ក្រោមគ្រប់គ្រង របស់ ក្រុមយោធា ។ មេបក្ស ប្រឆាំង កូរ៉េខាងត្បូង នៅបាន សន្យា បោះឆ្នោត ប្រឆាំង ការប្រើច្បាប់អាជ្ញាសឹក ដែលលោកចាត់ទុកថា ខុសច្បាប់ និង ប្រាសចាក រដ្ឋធម្មនុញ្ញ។

នៅ ៣ម៉ោងក្រោយការប្រកាស របស់ ប្រធានាធិបតីឲ្យប្រើច្បាប់អាជ្ញាសឹក សមាជិក សភាកូរ៉េខាងត្បូង ចំនួន ១៩០នាក់ មកពីគណបក្ស ប្រឆាំង និងគណបក្ស កាន់អំណាច បាន បោះឆ្នោត លុបចោលច្បាប់អាជ្ញាសឹក ទៅវិញ។ នៅក្រោយ ការបោះឆ្នោត ប្រធានរដ្ឋសភា លោក Woo Won Shikបាន ប្រកាស ថា ច្បាប់អាជ្ញាសឹក របស់ លោកប្រធានាធិបតី លែង មាន សុពលភាព និងថា សមាជិកសភា នឹង ការពារ ប្រជាធិបតេយ្យ ជាមួយ ប្រជាជនកូរ៉េខាងត្បូង។

គ្រាន់តែ សភាបោះឆ្នោត លុបចោល ច្បាប់អាជ្ញាសឹកភ្លាម ក្រុមទាហាន ដែលបំពាក់ ដោយ អាវុធ គ្រប់ដៃ បាន ដកថយ ចេញពី បរិវេណរដ្ឋសភា ប៉ុន្តែ រថពាសដែកនិងរថយន្ត របស់ កងទ័ព ត្រូវ ប្រជាជន រារាំង មិន ឲ្យចាកចេញ ដោយស្រួលៗ។

នៅថ្ងៃពុធ នៅ ម៉ោង ៣កន្លះភ្លឺ ម៉ោង នៅ សេអ៊ូល លោក ប្រធានាធិបតី យូន សុខយោល បានចេញមក ប្រកាសសាជាថ្មី នៅ កញ្ចក់ទូរទស្សន៍ ថា លោក សម្រេច ដកចោល ច្បាប់អាជ្ញាសឹកវិញ បន្ទាប់ពី សភា បោះឆ្នោតប្រឆាំង ការគ្រប់គ្រង របស់ពួកយោធា និង ថា លោកបាន បញ្ជា ឲ្យ ទាហាន ដកខ្លួន ត្រលប់ ចូល បន្ទាយវិញ ។

ច្បាប់អាជ្ញាសឹករបស់ លោកប្រធានាធិបតី យូន សុកយោល មានអាយុ ត្រឹម តែ ៣ម៉ោង។ ហេតុអ្វីប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាស ប្រើ ច្បាប់អាជ្ញាសឹក ដែលកើតហើយរលត់ទៅវិញ តែមួយប៉ប្រិចភ្នែកយ៉ាងដូច្នេះ?

យើងត្រលប់ទៅមើល ដំណើរដើមទង ដំបូង ពោល គឺ នៅ ម៉ោង ១១ យប់ លោក យូន សុខយោល បាន ចេញមក ប្រកាស ប្រើច្បាប់អាជ្ញាសឹកបន្ទាន់នៅទូទាំងប្រទេស រហូតធ្វើ ឲ្យគ្រប់គ្នា ស្រឡាំងកាំង មិនថា ប្រជាជន គណបក្ស ប្រឆាំង និងសូម្បី សមាជិកបក្ស របស់ លោក ផ្ទាល់។ តើ កូរ៉េខាងត្បូង កំពុងរងការ គំរាមកំហែង នុយក្លេអ៊ែរ ពីកូរ៉េខាងជើង ឬ កំពុង ជួប បញ្ហា អសន្តិសុខ ធ្ងន់ធ្ងរ ទើប ប្រធានាធិបតីប្រកាសប្រើ ច្បាប់អាជ្ញាសឹក។

នៅក្នុង សុន្ទរកថាថ្លែង នៅទូរទស្សន៍កូរ៉េខាងត្បូង លោក យូន សុកយោល បាន និយាយ ថា “ដើម្បីការពារ សាធារណរដ្ឋកូរ៉េ ពីការគំរាមកំហែង របស់ កម្លាំងកុម្មុយនិស្តកូរ៉េខាងជើង និង លុបបំបាត់ចោល ក្រុមប្រឆាំង រដ្ឋ ក្រុមគាំទ្រ កូរ៉េខាងជើង ដែល បំផ្លាញ សេរីភាព សុភមង្គល របស់ ប្រជាជនកូរ៉េខាងត្បូង។ ខ្ញុំប្រកាសអនុវត្ត ច្បាប់អាជ្ញាសឹកបន្ទាន់ ”។


Nº.0211


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top