កាតា បើកស្ថានទូតរបស់ខ្លួនឡើងវិញជាផ្លូវការ នៅស៊ីរី

7News

 កាតា បើកស្ថានទូតរបស់ខ្លួនឡើងវិញជាផ្លូវការ នៅស៊ីរី

នៅថ្ងៃសៅរិ៍ ទី២១ធ្នូ នេះ ប្រទេសកាតា បានបើកស្ថានទូតរបស់ខ្លួនឡើងវិញ នៅស៊ីរី បន្ទាប់ពីបានបិទទ្វារអស់រយៈពេល ១៣ឆ្នាំ។ មេដឹកនាំនៃប្រទេសជាច្រើនផ្សេងទៀត ក៏កំពុងតែបញ្ជូនតំណាងការទូតរបស់ខ្លួនជាបន្តបន្ទាប់ ទៅទីក្រុងដាម៉ាស ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនឹងមេដឹកនាំស៊ីរីថ្មី។

នៅថ្ងៃសៅរិ៍ ទី២១ធ្នូនេះ អ្នកបម្រើការនៅស្ថានទូតរបស់កាតា បានបង្ហូតទង់ជាតិឡើងលើ ដើម្បីបើកដំណើរការស្ថានទូតរបស់ខ្លួនជាផ្លូវការប្រចាំនៅប្រទេសស៊ីរី។ កាតាជាប្រទេសទីពីរបន្ទាប់ពីតួកគី ដែលបានប្រកាសបើកស្ថានទូតនៅស៊ីរី  ចាប់តាំងពីក្រុម ឧទ្ទាម ប្រដាប់អាវុធអ៊ីស្លាមជ្រុលនិយម Hayat Tahrir Al-Sham ផ្តួលរំលំរបបបាស្ហាអាល់អាសាដ នៅថ្ងៃទី៨ ធ្នូ កន្លងមក។ ប៉ុន្មានថ្ងៃមុនប្រកាសបើកស្ថានទូតរបស់ខ្លួន កាតាបានបញ្ជូនតំណាងការទូតជាច្រើននាក់ មកជួបមេដឹកនាំរដ្ឋាភិបាលអន្តរកាលស៊ីរីថ្មី និងបានសន្យាបន្តគាំទ្រប្រជាជនស៊ីរីយ៉ាងពេញទំហឹង។ នេះបើយោងតាមអ្នកការទូតកាតាមួយរូប បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP។

គួរបញ្ជាក់ថា នៅខែកក្កដា ឆ្នាំ២០១១ កាតាបានបិទទ្វារស្ថានទូតនៅស៊ីរី និងបានកោះហៅឯកអគ្គរាជទូតរបស់ខ្លួនចេញពីស៊ីរី ប៉ុន្មានខែបន្ទាប់ពីមានការតវ៉ាប្រឆាំងរបបលោកអាសាដរហូតដល់ក្លាយទៅជាសង្រ្គាមស៊ីវិល។ ផ្ទុយពីប្រទេសអារ៉ាប់ដទៃទៀត កាតាតែងតែគាំទ្រក្រុមប្រឆាំងស៊ីរី នៅអំឡុងសង្រ្គាមស៊ីវិលនៅស៊ីរី ហើយកាតាក៏មិនដែលមានទំនាក់ទំនងការទូតជាមួយនឹងរដ្ឋាភិបាលស៊ីរីចាប់តាំងពីពេលនោះមក។

ចំណែកឯសហភាពអឺរ៉ុបវិញបានប្រកាសនៅថ្ងៃអង្គារ ទី១៧ធ្នូ ថាសហភាពអឺរ៉ុបបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបើកស្ថានទូតអឺរ៉ុបឡើងវិញនៅទីក្រុងដាម៉ាស ខណៈដែលអង់គ្លេស អាឡឺម៉ង់ បារាំង និងអាមេរិក បានដុតដៃដុតជើងបញ្ជូនតំណាងការទូតរបស់ខ្លួនទៅស៊ីរី កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ។ ជាក់ស្តែង ប្រេសិតបារាំងពិសេសប្រចាំនៅស៊ីរីបានឲ្យដឹងកាលពីថ្ងៃអង្គារ ដដែលនេះ ថាទង់ជាតិបារាំងបានបង្ហូតឡើងលើរួចរាល់ហើយ ប៉ុន្តែស្ថានទូតបារាំងមិនទាន់បានបើកទ្វារជាផ្លូវការនៅឡើយទេ ដោយសារលក្ខណ្ឌសន្តិសុខនៅស៊ីរីមិនទាន់ពេលលេញ។

គួរបញ្ជាក់ថា អាមេរិកបានប្រកាសនៅថ្ងៃសុក្រ ទី២០ធ្នូ មិ្សលមិញ ថាអាមេរិកលែងផ្តល់ប្រាក់រង្វាន់ និងបញ្ឈប់ការប្រកាសចាប់ខ្លួនមេដឹកនាំស៊ីរីថ្មី លោក Ahmad al-Chareh ដែលត្រូវគេស្គាល់ថាតាមរយៈរហ័សនាមសង្គ្រាមរបស់លោក Abou Mohammad al-Jolani។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីអ្នកការទូត អាមេរិក បានជួប មេដឹកនាំ ស៊ីរី ថ្មី រូបនេះ ទៅដាម៉ាស។

Nº.0257

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top