នីហ្សេរីយ៉ា៖ មនុស្សរត់ជាន់គ្នាស្លាប់ ជាង៣០នាក់ ក្នុងពេលចែកស្បៀងអាហារ
នៅភាគកណ្តាលនិងភាគខាងត្បូងប្រទេសនីហ្សេរីយ៉ា យ៉ាងហោចណាស់មនុស្ស ៣២នាក់បានស្លាប់ ក្នុងហេតុការណ៍រត់ជាន់គ្នា អំឡុងពេលអាជ្ញាធរមូលដ្ឋានកំពុងចែកស្បៀងអាហារដល់អ្នកខ្វះខាត កាលពីថ្ងៃសៅរ៍ ទី២១ធ្នូ ។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យនគរបាលនីហ្សេរីយ៉ា។
ហេតុការណ៍មនុស្សរត់ជាន់គ្នា បានកើតឡើងនៅថ្ងៃសៅរ៍ ទី២១ធ្នូ នៅក្រុង Okija រដ្ឋ Anambra នៅភាគខាងត្បូងប្រទេសនីហ្សេរីយ៉ា ដែលបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់។ បើគិតមកត្រឹមថ្ងៃអាទិត្យ ទី២២ធ្នូនេះ ចំនួនអ្នកស្លាប់បានកើនឡើងរហូតដល់ ២២នាក់។ ស្នងការដ្ឋាននគរបាលរដ្ឋ Anambra បានចូលរួមរំលែកទុក្ខដល់គ្រួសារអ្នកស្លាប់ និងជូនពរដល់អ្នករបួសឆាប់ជាសះស្បើយ។ នេះបើយោងតាមអ្នកនាំពាក្យនគរបាលរដ្ឋ Anambra។ នៅថ្ងៃសៅរ៍ដដែលនេះ ហេតុការណ៍មនុស្សរត់ជាន់គ្នាក្នុងពេលចែកស្បៀងអាហារដល់អ្នកខ្វះខាតនិងមនុស្សចាស់ ក៏បានកើតឡើងនៅក្បែរព្រះវិហារកាតូលិក Maitaman នៅរដ្ឋធានី Abuja ដែលស្ថិតនៅភាគកណ្តាលនីហេ្សរីយ៉ា បង្កឲ្យមានអ្នកស្លាប់ចំនួន ១០នាក់និងអ្នករបួសចំនួន ៨នាក់ផងដែរ។ បច្ចុប្បន្ននេះ នគរបាលនីហេ្សរីយ៉ាកំពុងបើកការស៊ើបអង្កេតជាបន្ទាន់ដើម្បីស្វែងរកការពិត។
បន្ទាប់ពីកើតហេតុភ្លាមៗនោះ លោកប្រធានាធិបតីនីហ្សេរីយ៉ា បូឡា ទីនុយប៊ុយ (Bola Tinubu) បានលុបកម្មវិធីផ្លូវការទាំងអស់របស់លោកនៅទីក្រុង Largos នៅភាគនិរតីនៃប្រទេសនីហ្សេរីយ៉ា ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២២ធ្នូនេះ។ នេះបើតាមការបញ្ជាក់របស់ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតី។ លោក Manzo Ezekiel អ្នកនាំពាក្យរបស់ទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះអាសន្ន បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP កាលពីថ្ងៃសៅរ៍ម្សិលមិញថា រាល់ ពេលដែលអាជ្ញាធរមូលដ្ឋានចុះចែកស្បៀងអាហារដល់អ្នកខ្វះខាត ឧប្បហេតុនេះរត់ជាន់គ្នាតែងតែកើតឡើងជាញឹកញាប់ដែលបណ្តាលមកពីការធ្វែសប្រហែស និងពុំមានវិធានការណ៍គ្រប់គ្រងហ្វូងមនុស្សឲ្យបានម៉ត់ចត់។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធ ទី១៨ធ្នូ ហេតុការណ៍មនុស្សរត់ជាន់គ្នាផ្សេងទៀត បានកើតឡើងក្នុងកម្មវិធីកំសាន្តមួយ ដែលរៀបចំនៅវិទ្យាល័យមួយកន្លែង នៅទីក្រុង Ibandan ដែលស្ថិតនៅភាគនិរតីនៃប្រទេសនីហ្សេរីយ៉ា។ ឧប្បហេតុនេះបណ្តាលកុមារយ៉ាងហោចណាស់ ៣៨នាក់បានស្លាប់បាត់បង់ជីវិត និងកុមារ ៦នាក់ផ្សេងទៀតបានរងរបួស។
Nº.0258