អាមេរិក បានអនុម័តកញ្ចប់ថវិកាជំនួយយោធាបន្ថែមទៀតឲ្យតៃវ៉ាន់ ក្នុងទឹកប្រាក់ ៥៧១លានដុល្លារ

7News

 អាមេរិក បានអនុម័តកញ្ចប់ថវិកាជំនួយយោធាបន្ថែមទៀតឲ្យតៃវ៉ាន់ ក្នុងទឹកប្រាក់ ៥៧១លានដុល្លារ

ប្រឈមនឹងការដាក់សម្ពាធយោធាកាន់តែខ្លាំងឡើងរបស់មហាយក្សចិន លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានអនុម័តកញ្ចប់ថវិកាជំនួយយោធាបន្ថែមទៀតឲ្យតៃវ៉ាន់ ដែលមានទឹកប្រាក់សរុបចំនួនប្រមាណ ៥៧១លានដុល្លារ។ នេះបើយោងតាមការប្រកាសរបស់សេតវិមានអាមេរិក កាលពីថ្ងៃសុក្រ ទី២០ធ្នូ ២០២៤។

លោកប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ ចូ បៃដិន បានបញ្ជាឲ្យលោករដ្ឋមន្រ្តីការបរទេស អង់តូនី ប្លីងកិន បញ្ជូនគ្រឿងបរិក្ខាយោធាឲ្យកោះតៃវ៉ាន់ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ចិន។ ជំនួយយោធានេះ មានទំហំទឹកប្រាក់សរុប ចំនួនប្រមាណ ៥៧១លានដុល្លារ។ នេះបើយោងតាមបញ្ជាក់របស់សេតវិមានអាមេរិក ក្នុងសន្និសីទសារព័ត៌មានមួយ។ ដោយឡែក ក្រោយការប្រកាសរបស់សេតវិមាន ក្រសួងការបរទេសអាមរិក ក៏បានអនុម័ត្រកិច្ចព្រមព្រៀងលក់គ្រឿងបរិក្ខាយោធាឲ្យតៃវ៉ាន់ ក្នុងទឹកប្រាក់ចំនួន ២៩៥លានដុល្លារបន្ថែមទៀត។ ឆ្លើយតបនឹងជំនួយយោធាថ្មីរបស់អាមរិកឲ្យតៃវ៉ាន់ លោករដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ បានថ្លែងអំណរគុណអាមេរិក ដែលតែងតែគិតគូរពីសន្តិសុខរបស់តៃវ៉ាន់។ ប៉ុន្តែ ភាគីទាំងពីរ ពុំបានបង្ហើបឲ្យដឹងពីព័ត៌មានលម្អិតណាមួយជាសាធារណៈ ពាក់ព័ន្ធនឹងកញ្ចប់ថវិកាថ្មីនេះឡើយ។ កាលពីខែកញ្ញាកន្លងមក លោក ចូ បៃដិន ក៏ធ្លាប់បានអនុម័តកញ្ចប់ថវិកាជំនួយយោធា ប្រមាណ ៥៦៧លានដុល្លារ។

នៅអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានបង្កើនការដាក់សម្ពាធយោធានិងនយោបាយមកលើតៃវ៉ាន់ ដោយជាញឹកញាប់បានបញ្ជូននាវាចម្បាំង យន្តហោះចម្បាំងជាច្រើនគ្រឿង មកក្រវែលក្បែរកោះតៃវ៉ាន់ ។ ជាក់ស្តែង កាលពីសប្តាហ៍មុន តៃវ៉ាន់បានអះអាងថា ចិនបានដាក់ពង្រាយនាវាចម្បាំងជាទ្រង់ទ្រាយធំ ចំនួនប្រមាណ ៩០គ្រឿង នៅក្បែរកោះតៃវ៉ាន់។

គួរបញ្ជាក់ថា អាមេរិកជាសម្ព័ន្ធមិត្តស្អិតល្មួត និងជាអ្នកផ្គត់ផ្គង់អាវុធនិងគ្រាប់ផ្ទុះដ៏ធំជាងគេឲ្យតៃវ៉ាន់ ដែលជាទង្វើមួយ នាំឲ្យចិនខឹងសម្បារយ៉ាងខ្លាំង។ នៅប៉ុន្មាន ៥ ទសវត្សរិ៍ចុងក្រោយនេះ អាមេរិកបានលក់គ្រឿងសព្វាវុធ និង គ្រាប់ផ្ទុះឲ្យតៃវ៉ាន់ ដែលគិតជាទឹកប្រាក់សរុប រាប់ពាន់លានដុល្លារ រួមមាន យន្តហោះចម្បាំង F-16 និង នាវាចម្បាំង ជាច្រើនគ្រឿងទៀត។ ឆ្លើយតបនឹងការផ្គត់ផ្គង់អាវុធនិងគ្រាប់ផ្ទុះរបស់អាមេរិកឲ្យតៃវ៉ាន់ ចិនបានប្តេជ្ញាការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងបូរណភាពទឹកដីរបស់ខ្លួន ដោយប្រើគ្រប់មធ្យោបាយទាំងអស់។

ដោយឡែក លោក ដូណាល់ ត្រាំ ដែលនឹងត្រូវចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃចន្ទ ទី២០ មករា ឆ្នាំ២០២៥ ខាងមុខនេះ មិនបានបង្ហាញពីជំហរច្បាស់លាស់ណាមួយ ពីរឿងតៃវ៉ាន់នោះទេ នៅអំឡុងពេលយុទ្ធនាការបោះឆ្នោតប្រធានាធិបតី ហើយលោកធ្លាប់បានប្រកាស ថាតៃវ៉ាន់ត្រូវតែហ៊ានចំណាយលុយ បើសិនជាឲ្យអាមេរិកជួយ ក្នុងវិស័យការពារជាតិរបស់ខ្លួន។ តើលោក ដូណាល់ ត្រាំ នឹងចេញមុខការពារតៃវ៉ាន់ដែរឬទេ ក្នុងករណីចិនចូលឈ្លានពានតៃវ៉ាន់?


Nº.0256


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top