នៅហុងកុង សកម្មជនគាំទ្រលទ្ធិប្រជាធិប តេយ្យ ៤៥ នាក់ ត្រូវកាត់ទោសដាក់ពន្ធនាគារ ពី៤ទៅ ១០ឆ្នាំ

7News

 នៅហុងកុង សកម្មជនគាំទ្រលទ្ធិប្រជាធិប តេយ្យ ៤៥ នាក់ ត្រូវកាត់ទោសដាក់ពន្ធនាគារ ពី៤ទៅ ១០ឆ្នាំ

តុលាការ ហុងកុង បាន ជម្រះក្តី ព្រហ្មទណ្ឌ ប្រឆាំង អ្នក នយោបាយ អ្នក ច្បាប់ និង សកម្មជន គាំទ្រ លទ្ធិ ប្រជាធិបតេយ្យ សរុប ចំនួន ៤៥ នាក់ ឲ្យ ជាប់ពន្ធនាគារ ចន្លោះពី ៤ឆ្នាំ ២ខែ រហូត ដល់ ១០ ឆ្នាំ ។ បទ ចោទ ប្រកាន់ ចំពោះ ពួក គេ ទាំងនេះ ទាក់ទង នឹងការ ប្រព្រឹត្ត អំពើ វិទ្ធង្សនាបង្ក គ្រោះថ្នាក់ ដល់ សន្តិសុខ ជាតិ ហុងកុង។ ការ ជម្រះក្តីនេះ ឋិត ក្រោម ច្បាប់ សន្តិសុខជាតិហុងកុង ដែល តាក់តែង ក្រោម ខ្សែ ញាក់ របស់ អាជ្ញាធរ រដ្ឋ អំណាច ក្រុង ប៉េកាំង។ សហគមអន្តរជាតិបាន រិះគន់ ថ្កោលទោស សាលក្រម របស់ តុលាការ ហុងកុង និង ក្រើន រំឭក ថា «ការ ទាមទារ លទ្ធិប្រជាធិបតេយ្យ ពុំមែន ជា ទោស ឧក្រិដ្ឋឡើយ»។

អ្នក ទោស ហុងកុង ទាំង ៤៥នាក់ ត្រូវ ជាប់ បទចោទប្រកាន់ ពីអំពើ បង្ក វិទ្ធង្សនា និងត្រូវ ចាប់ ឃុំខ្លួន ជាបន្តបន្ទាប់ តាំងពី ឆ្នាំ២០២១ ក្រោម ការ អនុវត្តច្បាប់ស្តីពី សន្តិសុខជាតិហុងកុង។ ក្នុង ចំណោម ពួក គេ ទាំងនោះ មាន ៣១នាក់ បាន សុខចិត្ត ឬ ត្រូវ បង្ខំចិត្ត ជ្រើសរើស សារភាព ទទួល ស្គាល់ កំហុស។ ផ្ទុយទៅវិញ អ្នកខ្លះទៀត បាន តតាំង ក្តី យ៉ាង ស្វិតស្វាញ រហូត ដល់ បើកសវនាការ ចំនួន ១១៨ ថ្ងៃ ក្នុង ឆ្នាំ ទៅមិញ នេះ ។

ទីបំផុតទៅ នៅថ្ងៃ អង្គារ ទី ១៩វិច្ឆិកា ចៅក្រម ហុងកុង បាន ចេញ សេចក្តី សម្រេច ថា ពួក ជនជាប់ ចោទ ទាំង នេះ ពិតជា បាន ប្រព្រឹត្ត កំហុស ចូលរួម សមគំនិ ត ចង់ ផ្តួល រំលំ រដ្ឋាភិបាល ហុង កុង ។ តុលាការ ក៏ បាន សម្រេច ផ្តន្ទាទោស ពួក គេ រៀងៗខ្លួន ឲ្យ ជាប់ពន្ធនាគារ ចន្លោះពី ៤ឆ្នាំ ២ខែ រហូត ដល់ ១០ ឆ្នាំ ។ សកម្មជន ប្រជាធិបេតយ្យ មួយចំនួន បានជាប់ ក្នុង មន្ទីរឃុំឃាំង ចំនួន ១ ៣០០ ថ្ងៃ រួច ទៅហើយ ។

មន្ត្រីជាន់ ខ្ពស់ ទទួល សន្តិសុខជាតិ ហុងកុង ដែល កាន់ ជើង ក្រុង ប៉េកាំង លោក Chris Tang Ping-Keung បាន គូស បង្ហាញក្នុង ថ្ងៃ ដដែល ថា ទោសទណ្ឌកម្ម នេះ សក្តិសមណាស់ និង វា បាន ឆ្លុះបញ្ចាំង អំពី ឧក្រិដ្ឋ កម្ម ដែល សកម្មជន ទាំងនោះ បាន ប្រព្រឹត្ត កំហុង បង្កគ្រោះថ្នាក់ ដល់ សន្តិសុខ ជាតិ ។

ជាការ រំឭក ឆ្នាំ២០១៩ បាតុករ ទាមទារ លទ្ធិប្រជាធិបតេយ្យហុងកុង បាន ធ្វើ បាតុកម្ម យ៉ាង ខ្លាំងក្លា ទាមទារ សិទ្ធសេរីភាព និង ប្រជាធិបតេយ្យ ប្រឆាំង រដ្ឋអំណាច ដែល គាំទ្រ កាន់ជើង ចិន ប៉េកាំង។ គ្រានោះ អាជ្ញាធរ ហុងកុង បាន ប្រើ កម្លាំង បង្ក្រាប បាតុករ និង ចាប់ ក្រុម អ្នក ប្រឆាំង ដាក់ ក្រោយ ចម្រឹង ដែក អស់ ជាច្រើន នាក់ ។ មួយ ឆ្នាំ បន្ទាប់ ក្នុង ថ្ងៃទី១ កក្កដា ឆ្នាំ ២០២០ សភា ហុងកុង អនុម័ត ច្បាប់ ថ្មីស្តីពី សន្តិសុខ ជាតិ។ ច្បាប់ សន្តិសុខជាតិ ហុងកុង ដែល ទាញ ខ្សែ ញាក់ ដោយ រដ្ឋអំណាច ចិន ប៉េកាំង មាន ចែង ទោស ព្រហ្មទណ្ឌធ្ងន់ធ្ងរ រហូត ដល់ ត្រូវ ផ្តន្ទាទោស ជាប់ពន្ធនាគារ អស់ ១ជីវិត ចំពោះ ករណី បទល្មើស ក្បត់ជាតិ និង អប្បគមន៍ បំបែករដ្ឋ។ ក្រោម អំណាច ច្បាប់ នេះ តុលាការ ហុង កុង បាន កាត់ទោស សកម្មជន គាំទ្រ ប្រជាជាធិបតេយ្យ និង អ្នក នយោបាយ ប្រឆាំង ជាច្រើន នាក់ មកហើយ។ ច្បាប់ នេះ ត្រូវ ក្រុម បាតុករគាំទ្រ លទ្ធិ ប្រជាធិប តេយ្យ យល់ថាជាច្បាប់ បំពាន សិទ្ធិមនុស្ស និង រំលាយ ប្រជាធិបតេយ្យ ។

គួរ ជ្រាបដែរ ថា ក្នុង ចំណោម អ្នក ទោស ហុងកុង ទាំង ៤៥នាក់ ក៏ មាន ពលរដ្ឋ ហុងកុង សញ្ជាតិ អូស្ត្រាលី ម្នាក់ ដែរ គឺលោក Gordon Ng ដែល ត្រូវ គេ ចាត់ទុកថា ជា មេក្លោង ម្នាក់ ក្នុងការ ដឹកនាំ បាតុកម្ម ប្រឆាំង រដ្ឋអំណាច និង ជ្រោមជ្រែង ជំរុញ ឲ្យ រៀបចំ ការ បោះឆ្នោត គាំទ្រលទ្ធិ ប្រជាធិបតេយ្យ ហុងកុង ។ លោកត្រូវ កាត់ទោស ដាក់ គុក រយៈពេល ៧ឆ្នាំ ៣ខែ។ ម្ល៉ោះហើយ អូស្ត្រាលី បាន ចេញមុខ សម្តែង ក្តីបារម្ភ និង ប្រឆាំង ដាច់ អហង្ការ ចំពោះ សាលក្រមតុលាការ ហុងកុង ។ លោកស្រី Penny Wong ប្រមុខ ការ ទូត អូស្ត្រាលី ប្រកាសក្តី ព្រួយ បារម្ភ ជាខ្លាំង ចំពោះ សាលក្រម កាត់ទោស នេះ ជា ទម្ងន់ ធ្ងន់ ចំពោះ លោក Gordon Ng, បង្កការលំបាក ដល់ គ្រួសារគាត់ និងអ្នក គាំទ្រ ផ្សេងទៀត។

ទន្ទឹម នឹងគ្នា នេះដែរ អ្នក តំណាង ក្រុង វ៉ាស៊ីន តោន បាន ថ្កោលទោស ជាដាច់ខាតចំពោះ ការ កាត់ក្តី ទាំង អយុត្តិធម៌ ទៅលើ សកម្មជន គាំទ្រ ប្រជាធិបតេយ្យហុងកុង ។ អ្នក នាំពាក្យ ស្ថានកុងស៊ុលសហរដ្ឋ អាមេរិក ប្រចាំនៅហុងកុង លើកឡើងថា សកម្មភាព នយោបាយ ជា ធម្មតា គួរតែ ទទួល បាន កិច្ចធានា ការពារពី ច្បាប់ ៕

N.0078

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top