លោកចូ បៃដិន យល់ព្រមឲ្យអ៊ុយក្រែនបាញ់មីស៊ីលអាមេរិកចូលដីរុស្ស៊ី ក្រេមឡាំងព្រមានពីការផ្ទុះសង្រ្គាមលោក

7News

 លោកចូ បៃដិន យល់ព្រមឲ្យអ៊ុយក្រែនបាញ់មីស៊ីលអាមេរិកចូលដីរុស្ស៊ី ក្រេមឡាំងព្រមានពីការផ្ទុះសង្រ្គាមលោក

នៅតែ ជាង ២ខែ មុនអស់អំណាច ដឹកនាំសហរដ្ឋអាមេរិក លោក ចូ បៃដិន បាន សម្រេចចិត្ត បើកភ្លើងខៀវ អនុញ្ញាត ឲ្យ អ៊ុយក្រែន ប្រើ មីស៊ីល ចម្ងាយឆ្ងាយ របស់អាមេរិក ដើម្បីបាញ់ចូលទឹកដី រុស្ស៊ី។ នេះបើតាម ការចុះផ្សាយ របស់ កាសែត និងទីភ្នាក់ងារព័ត៌មាន អន្តរជាតិ ដែលបាន ដកស្រង់សំដី របស់ មនុស្ស ជាន់ខ្ពស់ របស់ រដ្ឋបាល លោក ចូ បៃដិន។ ការសម្រេច ចិត្ត របស់ លោក ចូ បៃដិន បាន បង្ក ឲ្យ មាន ប្រតិកម្ម ធ្លាក់ ព្រោងព្រាត មិនថា ពីខាង រុស្ស៊ី អ៊ុយក្រែន សម្ព័ន្ធមិត្ត អឺរ៉ុប ព្រមទាំង ចិន និង កូរ៉េខាងជើង។ អ៊ុយក្រែន បាន ទាមទារ ចង់ ប្រើ មីស៊ីល ចម្ងាយឆ្ងាយ របស់ អាមេរិក យូរណាស់ មកហើយ ប៉ុន្តែ អាមេរិក មិន ព្រម ដោយសារ តែ ខ្លាចថា រុស្ស៊ីផ្ទុះកំហឹង ពង្រីក សង្រ្គាម អ៊ុយក្រែន ឲ្យ រាលដាល ទៅជា សង្រ្គាមលោក។ ប៉ុន្តែ ហេតុអ្វី បានជា មេដឹកនាំ អាមេរិក ទើប តែ មក សម្រេចចិត្ត នៅពេលនេះ ទៅវិញ?

អាមេរិក អនុញ្ញាត ឲ្យ អ៊ុយក្រែន ប្រើមីស៊ីល ចម្ងាយឆ្ងាយ របស់អាមេរិក បាញ់ ចូលទឹកដី រុស្ស៊ី នេះបើតាម កាសែត អាមេរិក ដែលបាន ចុះផ្សាយ ជាបន្តបន្ទាប់ កាលពីថ្ងៃអាទិត្យ ទី ១៨ វិច្ឆិកា ដោយ ដកស្រង់ សំដី របស់ មន្រ្តី ក្នុង រដ្ឋបាល លោកចូ បៃដិន។ នៅទីក្រុង កៀវ ប្រធានាធិបតី អ៊ុយក្រែន លោក ហ្សេឡេនស្គី ក៏មានការប្រយ័ត្នប្រយែង ក្នុង ការនិយាយ ជាមួយ អ្នកកាសែតដែរ ដោយថា ភាគី អ៊ុយក្រែន នៅមិនទាន់ បានដំណឹង ផ្លូវការ ណាមួយ ពីមន្រ្តី សេតវិមាន ទេ។

ទាំង អាមេរិក និងអ៊ុយក្រែន មិន និយាយ បើកចំហ។ នេះ មិនមែនជា រឿងចម្លែក ហើយថ្មីទេ។ កាលពី ខែ ឧសភា កន្លងទៅ លោក ចូ បៃដិន ក៏ ធ្លាប់ បាន សម្រេច ស្ងាត់ៗ ឲ្យ អ៊ុយក្រែន ប្រើ អាវុធ របស់ អាមេរិក ក្នុង ទឹកដី រុស្ស៊ី ដែល នៅជាប់ ព្រំដែន អ៊ុយក្រែន ជាពិសេស ទីក្រុង ខាគីវ។ នៅពេលនោះ លោក ចូ បៃដិន អនុញ្ញាត ឲ្យ ប្រើអាវុធរបស់ អាមេរិក ចូលទឹកដី រុស្ស៊ី ប៉ុន្តែ លោកចូ បៃដិន នៅតែ បដិសេធ មិនព្រម ឲ្យ អ៊ុយក្រែន ប្រើ មីស៊ីលចម្ងាយឆ្ងាយ ប្រភេទ ATACMSឡើយ នោះបើទោះបីជាអ៊ុយក្រែនទាមទារ ចង់ បាន ខ្លាំងក៏ដោយ។ អាមេរិក ជួយ អាវុធ អ៊ុយក្រែន ច្រើនជាងគេ ដើម្បី ឲ្យ អ៊ុយក្រែន អាច ការពារ ខ្លួន និងវាយទប់ទល់ នៅ ក្នុង តំបន់ អ៊ុយក្រែន ដែល រុស្ស៊ីឈ្លានពាន ចូលកាន់កាប់ ប៉ុន្តែ អាមេរិក មិន ចង់ ឲ្យ អាវុធរបស់ខ្លួន ត្រូវ អ៊ុយក្រែន យកទៅបាញ់ ចូលក្នុងទឹកដី រុស្ស៊ី ព្រោះតែ មិន ចង់ ផ្ទុះសង្រ្គាមជាមួយ រុស្ស៊ី។

ហេតុអ្វីលោកចូ បៃដិន អនុញ្ញាត ឲ្យ អ៊ុយក្រែន ប្រើមីស៊ីលអាមេរិក បាញ់ចូលដីរុស្ស៊ី នៅពេលនេះ?

លោក ចូ បៃដិន បាន ផ្លាស់ប្តូរចិត្ត ដោយសារ ស្ថានការណ៍ វិវត្ត ថ្មី នៅ សមរភូមិ អ៊ុយក្រែន។ បើតាម អ្នកទទួលខុសត្រូវ អាមេរិក ដែល កាសែត អាមេរិក ស្រង់សំដី មក ចុះផ្សាយ កាលពីថ្ងៃអាទិត្យ លោក ចូ បៃដិន បានប្តូរចិត្ត មក បើកភ្លើងខៀវ ឲ្យ អ៊ុយក្រែន ប្រើ មីស៊ីល ចម្ងាយឆ្ងាយ បាញ់ទៅក្នុងទឹកដី រុស្ស៊ី ផ្ទាល់តែម្តង ក៏ដោយសារ វត្តមានទ័ពកូរ៉េខាងជើង នៅក្នុង សង្រ្គាមអ៊ុយក្រែន។ អាមេរិក អូតង់ និងមន្រ្តី ចារកម្ម កូរ៉េខាងត្បូង បាន ចោទប្រកាន់ កូរ៉េខាងជើង ថា បាន បញ្ជូនទ័ព ជាង ១ម៉ឺននាក់ ទៅ ជួយ ច្បាំង កងទ័ពរុស្ស៊ី នៅក្នុង សមរភូមិអ៊ុយក្រែន។ កូរ៉េខាងជើង និង រុស្ស៊ី ដែល បានចុះកិច្ចព្រមព្រៀង យោធា ការពារ គ្នាទៅវិញ ទៅមក នៅ ឆ្នាំនេះ បាន បដិសេធ ការចោទប្រកាន់របស់ លោកខាងលិច។

បើតាម អ្នកជំនាញ លោក ចូ បៃដិន ទំនង សម្រេចចិត្ត បើកភ្លើងខៀវ អនុញ្ញាត ឲ្យ អ៊ុយក្រែន ប្រើ មីស៊ីលចម្ងាយឆ្ងាយ របស់អាមេរិក ក្នុងទឹកដី រុស្ស៊ី បន្ទាប់ពី លោកចូលរួម ក្នុងប្រជុំ ត្រីភាគី ជាមួយ ប្រធានាធិបតី កូរ៉េខាងត្បូង និងនាយករដ្ឋមន្រ្តីជប៉ុន នៅក្រៅក្របខ័ណ្ឌ នៃ កិច្ចប្រជុំ APEC នៅប្រទេស ប៉េរូ នៅចុងសប្តាហ៍មុននេះ។ កូរ៉េខាងត្បូង និង ជប៉ុន ដែលជា សម្ព័ន្ធមិត្ត របស់អាមេរិក ប្រាកដ ជា រំអុក ឲ្យ អាមេរិក ធ្វើ អ្វីម្យ៉ាង ព្រោះ ថា វត្តមាន របស់ ទ័ពកូរ៉េខាងជើង នៅក្នុងសង្រ្គាម អ៊ុយក្រែន មិនមែនជារឿង ល្អ នោះទេ។ កូរ៉េខាងត្បូង និង ជប៉ុន ខ្លាចថា កូរ៉េខាងជើង អាច យកសមរភូមិ អ៊ុយក្រែន ដើម្បី សម្រិតសម្រាំង សមត្ថភាព អាវុធមីស៊ីល និង កងទ័ព របស់ខ្លួន ដើម្បី មក អាងយ៉ាងគំរាមកំហែង គេឯង នៅ អាស៊ី។ មួយវិញទៀត ដោយ បញ្ជូនទ័ពទៅជួយច្បាំងកងទ័ពរុស្ស៊ី គេ បារម្ភថា កូរ៉េខាងជើង អាច ទទួលបាន ជាថ្នូរមកវិញពីរុស្ស៊ី នូវ បច្ចេកវិទ្យា ផលិត អាវុធនុយក្លេអ៊ែរ ប្រល័យលោក។

មីស៊ីលរបស់អាមេរិក នឹង អាច ធ្វើ ឲ្យ សង្រ្គាម អ៊ុយក្រែន ផ្លាស់ប្តូរដែរឬទេ

មីស៊ីល ចម្ងាយឆ្ងាយ ATACMS ដែល អាមេរិក អនុញ្ញាត ឲ្យ អ៊ុយក្រែន ប្រើ ដើម្បី បាញ់ចូលទឹកដី រុស្ស៊ី អាច ហោះ ក្នុង ចម្ងាយ ប្រមាណ ៣០០គីឡូម៉ែត្រ។ អ៊ុយក្រែនធ្លាប់ ទាមទារ ចង់មីស៊ីល ប្រភេទ នេះ ចូលទៅក្នុងទឹកដី រុស្ស៊ី ជាពិសេស ទៅលើ ទីតាំងបាញ់ មីស៊ីល និង មូលដ្ឋានទ័ពអាកាស របស់ រុស្ស៊ី ដែល ជា ប្រភព វាយប្រហារ មីស៊ីល និងដ្រូន របស់ រុស្ស៊ី មកលើទឹកដី អ៊ុយក្រែន។ បើតាម មន្រ្តីអាមេរិក មីស៊ីល ចម្ងាយឆ្ងាយ របស់អាមេរិក ទំនង ជា ត្រូវ បញ្ជូន ទៅ ឲ្យ កងទ័ពអ៊ុយក្រែន ប្រើ ដើម្បី ការពារ តំបន់ គួកស្ក៍ ទឹកដីរុស្ស៊ី ដែល អ៊ុយក្រែន បាន ឆ្មក់វាយចូលកាន់កាប់ បាន រាប់រយគីឡូម៉ែត្រ តាំងពី ខែ សីហា។

តាមប្រព័ន្ធផ្សព្វផ្សាយ អាមេរិក CBS ដែល ដកស្រង់សំដី មន្រ្តីអាមេរិកខាងលើ មីស៊ីល ចម្ងាយឆ្ងាយ ATACMS ត្រូវ បញ្ជូនជា បន្ទាន់ ទៅ តំបន់ នោះ ព្រោះគេជឿថា កងទ័ព រុស្ស៊ី ដែល កំពុង ដឹកនាំ ទ័ព កូរ៉េខាងជើង ជាង ១ម៉ឺននាក់ ដើម្បី ទៅវាយដណ្តើម យក ទឹកដី គួកស្ក៍ ពី អ៊ុយក្រែន មកវិញ។

គេ អាច និយាយបាន ភ្លើងខៀវ របស់លោកចូ បៃដិន ដែលអនុញ្ញាត ឲ្យអ៊ុយក្រែន ប្រើមីស៊ីលចម្ងាយឆ្ងាយ របស់អាមេរិកទៅក្នុងទឹកដី រុស្ស៊ី អាចជារបត់ នយោបាយ ជំហរថ្មី មួយ របស់អាមេរិក ប៉ុន្តែ វានឹង ទៅធ្វើ ឲ្យ សង្រ្គាម អ៊ុយក្រែន ផ្លាស់ប្តូរខ្លាំង ឬ ធ្វើ ឲ្យ អ៊ុយក្រែន ឈ្នះសង្រ្គាម នោះដែរ។ វាគ្រាន់តែ ជួយ ឲ្យ អ៊ុយក្រែន ដែល កំពុង បាក់ ទ្រោម ដោយសារ ខ្វះទាំង ទ័ព និងសព្វាវុធ អាច ឈរជើង ការពារ តំបន់ គួកស្ក៍ និង ទប់ទល់ កុំ ឲ្យ កងទ័ព រុស្ស៊ី ចេះតែអាច រុលចូលកាន់តែ ជ្រៅ ដើម្បីកាន់កាប់ទឹកដី អ៊ុយក្រែន។

ការទប់ទល់ មិន ឲ្យ រុស្ស៊ី វាយយកបាន តំបន់ គួកស៍ ឬ វាយកាន់កាប់ ទឹកដី បន្ថែមទៀត របស់ អ៊ុយក្រែនសំខាន់ណាស់ ព្រោះវាអាច ជួយ ឲ្យ អ៊ុយក្រែន មានទឹកមាត់ មានទម្ងន់ មាន ប្រៀប ដោយ យោងទៅលើ តថភាពជាក់ស្តែង នៅពេល ត្រូវ ចរចា ជាមួយ រុស្ស៊ី ដើម្បី បញ្ចប់សង្រ្គាម។

សមាជិកសភារុស្ស៊ី ថា ការសម្រេចរបស់អាមេរិក អាច គ្រោះថ្នាក់ បណ្តាល ឲ្យផ្ទុះ សង្រ្គាមលោកលើកទី៣

វិមាន ក្រេមឡាំង តាមរយៈ អ្នកនាំពាក្យ បាន ចាត់ទុកការសម្រេចចិត្ត របស់លោក ចូ បៃដិន ថា កំពុង បង្ក ឲ្យ មាន ភាពតានតឹង កាន់តែខ្លាំង។ សមាជិក សភា រុស្ស៊ី មួយចំនួន បាន ចេញមុខ វាយប្រហារ ការសម្រេចចិត្ត របស់អាមេរិក ជាបន្តបន្ទាប់។ សមាជិក សភា លោកស្រី Maria Butina ដែលធ្លាប់ ជា ភ្នាក់ងារចារកម្ម របស់ រុស្ស៊ី នៅ អាមេរិក បាន ព្រមានថា ការដែល អាមេរិកអនុញ្ញាតឲ្យអ៊ុយក្រែន បាញ់មីស៊ីលចម្ងាយឆ្ងាយ ចូលដី រុស្ស៊ី គឺការប្រថុយដ៏គ្រោះថ្នាក់ ព្រោះវា អាច បណ្តាល ឲ្យផ្ទុះ កើតមាន សង្រ្គាមលោក លើកទី៣។

រហូត មកដល់ ពេល នេះ គេ មិនទាន់ឃើញមាន ប្រតិកម្ម យ៉ាងណា របស់ មេដឹកនាំរុស្ស៊ី លោកពូទីននៅឡើយទេ។ ប៉ុន្តែ កាលពី ខែ កញ្ញា កន្លងទៅ លោក ពូទីន ធ្លាប់បាន ព្រមាន លោកខាងលិច ពីរឿងបញ្ជូន អាវុធ ទៅ ឲ្យអ៊ុយក្រែន វាយចូលក្នុងទឹកដី រុស្ស៊ី។ បើតាម លោក ពូទីន បើសិនជា អាវុធ របស់អាមេរិក និងអឺរ៉ុប ធ្លាក់ចូលក្នុងដី រុស្ស៊ី នោះមានន័យស្មើនឹងថា អូតង់ កំពុងលូកដៃ ចូលធ្វើសង្រ្គាមផ្ទាល់ ជាមួយរុស្ស៊ី។ លោកពូទីន ធ្លាប់និយាយ ថា ប្រទេស លោកខាងលិច ធ្លាប់ គិត ថា រុស្ស៊ីនឹង មិនប្រើ អាវុធនុយក្លេអ៊ែរ។ ប៉ុន្តែ រុស្ស៊ី មាន លទ្ធិ នុយក្លេអ៊ែររបស់ខ្លួន ដែលចែងថា បើអ្នកណាម្នាក់ គំរាមកំហែង ទឹកដីរុស្ស៊ី នោះ រុស្ស៊ី អាច ប្រើ អាវុធនុយក្លេអ៊ែរ ដែលរុស្ស៊ីមាន។ នៅ ខែ តុលាកន្លងទៅ លោក ពូទីនបាន បញ្ជា ឲ្យ ក្រសួងការពារ ជាតិ រុស្ស៊ី ស្វែងរក វិធី យុទ្ធសាស្រ្ត ក្នុងករណី អ៊ុយក្រែន ប្រើ មីស៊ីល របស់លោកខាងលិច ដើម្បី បាញ់ចូលក្នុងដី រុស្ស៊ី។

ចំពោះ លោក Andréï Kartapolov ប្រធាន គណៈកម្មការ ការពារជាតិ របស់ សភា ទោះជា អាមេរិក អនុញ្ញាត ឲ្យ អ៊ុយក្រែន ប្រើមីស៊ីល បាញ់ចូលទឹកដី រុស្ស៊ី ក៏សង្រ្គាម អ៊ុយក្រែន គ្មាន ការផ្លាស់ប្តូរ អ្វីធំដុំ។ រុស្ស៊ី របស់លោកពូទីន នៅតែ បន្ត សម្រេច គោលដៅ របស់ខ្លួន នៅក្នុងអ៊ុយក្រែន។ មួយ វិញ ទៀត បើតាម សមាជិកសភា រុស្ស៊ី កងទ័ព រុស្ស៊ី គួរ តែ បញ្ជូន យន្តហោះ ចម្បាំង ឲ្យកាន់តែច្រើន ដើម្បីទៅបាញ់បំផ្លាញ ទីតាំង ស្តុក និង បាញ់មីស៊ីល របស់អាមេរិក ក្នុងទឹកដី អ៊ុយក្រែន។

N.0073

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top