ឥណ្ឌា ជួប បញ្ហា ខ្យល់ កខ្វក់ ជាថ្មី ហើយ សាលាជាច្រើន ក្នុងរដ្ឋធានី ញូវដេលី ត្រូវ បិទទ្វារ
នៅឥណ្ឌា ថ្ងៃចន្ទ ដើម សប្តាហ៍ នេះ រដ្ឋធានី ញូវដេលីទទួល រង ផ្សែង ពុល អួរអាប់ជា ថ្មី ។ កម្រិត ខ្យល់ បរិយា កាស កខ្វក់ កើនឡើង ខ្ពស់ គួរ ឲ្យ ព្រួយ បារម្ភ ជាខ្លាំង ។ ដោយក្តីបារម្ភ ពី ខ្យល់មាន ជាតិ ពុល អាជ្ញាធរ ឥណ្ឌា បាន សម្រេច បញ្ជា ឲ្យ បិទសាលា រៀន ជាច្រើនកន្លែង ។
ដោយសារតែក្តីបារម្ភ ពី ផ្សែងមាន ជាតិពុល ក្នុង បរិយាកាស អាជ្ញាធរ រដ្ឋធានី ញូវដេលី បាន បញ្ជា ឲ្យ បិទសាលា រៀន ចាប់ពី មត្តេយ្យសិក្សា រហូត ដល់ ចប់ អនុវិទ្យាល័យ វៀរលែងតែ សិស្ស វិទ្យាល័យ ចាប់ ថ្នាក់ទី ១០ ដល់ ទី ១២ ដែល ចាំបាច់ ត្រូវ បង្ខំ ចិត្ត ទៅ រៀនសូត្រ ដូច ធម្មតា ទោះបី ក្នុង លក្ខខណ្ឌ លំបាក វេទនា ក្រៃ ។
កាលពី ព្រឹកថ្ងៃ ចន្ទ ទី ១៨ ខែវិច្ឆិកា ការវាស់ស្ទង់ កម្រិត ខ្យល់ពុល បរិយាកាស មីក្រូប៉ាទីគុល PM.2.5 នៅ រដ្ឋធានីឥណ្ឌា បង្ហាញថា វា មាន កម្រិត ច្រើន ជាង ៦០ដង នៃ បរិមាណ ដែល អង្គការសុខភាពពិភពលោក បាន កំណត់ ទៅទៀត ។ នេះបើតាម អង្គការ ស្វ៊ីស ឈ្មោះ IQAir ។ មីក្រូប៉ាទីគុល PM.2.5 នោះ ជា សារធាតុ ល្អិតឆ្មារ ដែល គ្រោះថ្នាក់ បំផុត ចំពោះ សុខភាព ដ្បិត វា អាច ជ្រាបចូល ទៅក្នុងឈាម មានកម្រិត៣០០ មីក្រូក្រាម ក្នុង ខ្យល់មួយ ម៉ែត្រគួប។
នៅឥណ្ឌា ជា ច្រើន ឆ្នាំជាប់ៗគ្នា ឲ្យតែ ដល់ រដូវរងា, ប្រជា ពលរដ្ឋក្រុង ញូវដេលី ប្រមាណ ៣០ លាននាក់ ត្រូវ ទើប ប្រទះ នឹងភាព ចុះ អ័ព្ទ ខ្យល់ មាន ជាតិពុល។ គុណភាពខ្យល់ គគ្រិច មិន ស្អាត ទាំងនោះ បាន បង្កចេញពី ផ្សែង បំពុល ក្នុងរោងចក្រ ឧស្សាហកម្ម ការ ដុត ព្រៃ យកដី កសិកម្ម និង ចំហេះ ផ្សែង យានយន្ត ជាដើម។
បើ តាម អង្គការ សុខភាពពិភពលោក ខ្យល់កខ្វក់ក្នុងបរិយាកាស អាច បណ្តាលឲ្យ មាន បញ្ហា សុខភាព ជាច្រើន ដូ ចជា ជំងឺ សរសៃឈាមបេះដូង ជំងឺ ផ្លូវ ដង្ហើម និង មហារីក សួត ។ បើតាម អ្នក ជំនាញ, នៅក្នុង ១ ឆ្នាំ ៗ, ខ្យល់ កខ្វក់ ផ្សែង ស្មោកគ្រោក នោះ ក៏ បណ្តាល ឲ្យ ទារក ជាច្រើនពាន់នាក់ ស្លាប់ ទាំង វ័យ ក្មេង ។ ទស្សនាវដ្តី សុខភាព អង់គ្លេស The Lancet បញ្ជាក់ថា ក្នុង ឆ្នាំ ២០១៩ ខ្យល់ ពុល បា នសម្លាប់ ប្រជាជន ឥណ្ឌា ចំនួន ១លាន ៦សែន ៧ម៉ឺននាក់។ ក្នុង នោះ ១៧ ៥០០នាក់ ស្លាប់ នៅ រដ្ឋធានី ញូវដេលី។
ថ្ងៃចន្ទ ដើមសប្តាហ៍ នេះ តុលាការ កំពូល ឥណ្ឌា បាន ចេញ សេចក្តីសម្រេច បញ្ជា ឲ្យ រដ្ឋាភិបាល ប្រើ គ្រប់ មធ្យោ បាយ គ្រប់ វិធានការ ដើម្បី ទប់ស្កាត់ បញ្ហា ខ្យល់ កខ្វក់ មា នផ្ទុក ជាតិពុល ។ តុលាការ កំពូល ឥណ្ឌា បាន គូស បញ្ជាក់ ទៀត ថា កាតព្វកិច្ច ចែង ដោយ ច្បាប់ រដ្ឋធម្ម នុញ្ញ បានតម្រូវ ឲ្យ អាជ្ញាធរ ធានា ដល់ សុខុមាល ភាព ពល រដ្ឋ ឲ្យ រស់ នៅក្នុង បរិយាកាស ស្អាត ល្អ ៕