សហរដ្ឋអាមេរិច ៖ ទីក្រុងវ៉ាស៊ីនតោន ត្រៀមលក្ខណៈការពារសន្តិសុខ ខ្លាចក្រែងផ្ទុះអំពើហិង្សាក្រោយការបោះឆ្នោត
៣ថ្ងៃ មុនថ្ងៃបោះឆ្នោត មកដល់ ទីក្រុងវ៉ាស៊ីនតោនរដ្ឋធានីសហរដ្ឋអាមេរិក កំពុងតែមមាញឹក ត្រៀមលក្ខណៈបង្ការការពារសន្តិសុខ សុវត្ថិភាព នៅតាមអគារ និង ទីសាធារណៈនានា ដោយ ខ្លាចក្រែងផ្ទុះអំពើហិង្សា ក្រោយ ការបោះឆ្នោត។ ជាការត្រៀមលក្ខណៈ ការពារសុវត្ថិភាពទុកជាមុន ព្រោះគេនៅចាំមិនទាន់ភ្លេចទេ នូវអំពើហិង្សាចលាចលកាលពី៤ឆ្នាំមុន បន្ទាប់ពី ក្រុម គាំទ្រលោកដូណាល់ ត្រាំ បានធ្វើបាតុកម្ម ប្រឆាំងនឹងលទ្ធផលបោះឆ្នោត។
អាជ្ញាធររដ្ឋធានីវ៉ាស៊ីនតោន បានប្រកាសដំណឹង ឲ្យ គ្រប់គ្នាមាន ការប្រុងប្រយ័ត្នខ្ពស់ ព្រោះបរិយាកាសហិង្សាដោយ មិនអាចប៉ាន់ស្មានទុកមុនបាន អាចផ្ទុះឡើងគ្រប់ពេលវេលា នៅក្រោយថ្ងៃបោះឆ្នោត ប្រធានាធិបតី ថ្ងៃទី ៥វិច្ឆិកា ។ ភាពប្រកៀកប្រកិតគ្នានៃលទ្ធផលសន្លឹក ឆ្នោត រវាង បេក្ខជនធំៗទាំង២ នឹងតម្រូវ ឲ្យ គេរងចាំច្រើនថ្ងៃ ទំរាំមាន ការប្រកាសលទ្ធផលជាផ្លូវការ ហើយដែលវាអាចញ៉ាំង ឲ្យ អ្នកគាំទ្រ ជ្រុលនិយម កាន់តែពុះកញ្ជ្រោល ហិង្សា ខ្លាំងឡើង ។
ដើម្បីបង្ការការខូចខាតទាំងឡាយ ដែលអាចកើតឡើងដោយ អំពើចលាចលហិង្សា តាមហាងទំនិញ អគារនានាតាមផ្លូវក្នុងទីក្រុង វ៉ាស៊ីនតោន គេបានចាប់ផ្តើម ដាក់ជញ្ជាំងក្តា ធំៗ ដើម្បីការពារ ។ សមត្ថកិច្ច នគរបាល វិញ បាន ចាប់ផ្តើម ដាក់រនាំងការពារសន្តិសុខ នៅតាម ច្រកផ្លូវធំៗមួយចំនួន នឹងនៅ ទីសួនសាធារណៈកណ្តាលក្រុងវ៉ាស៊ីនតោន ខាងមុខ សេតវិមាន ជាដើម ។
គួរបញ្ជាក់ថា បាតុកម្មហិង្សា កាលពី៤ឆ្នាំមុន នៅទីក្រុងវ៉ាស៊ីនតោន នៅក្រោយ ថ្ងៃបោះឆ្នោត បាន ស្ថិតនៅក្នុងការចងចាំជាប់ជានិច្ចរបស់អ្នកទីក្រុងវ៉ាស៊ីនតោន ។ អំពើហិង្សា ដ៏ធ្ងន់ធ្ងរ គឺ នៅ ថ្ងៃទី ៦ មករា២០២១ ជាថ្ងៃ ដែល សភាខុនហ្ក្រេស ប្រកាស ទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយ ដែលលោកដូណាល់ ត្រាំ បានប្រកូកប្រកាសឲ្យអ្នកគាំទ្រខ្លួន សំរុកចូលទៅក្នុង វិមានកាពីតូល។
សម្រាប់ការបោះឆ្នោតលើកនេះទៀត លោក ដូណាល់ ត្រាំ បានបដិសេធមិនធានាអះអាង ថាលោកនឹង ទទួលស្គាល់លទ្ធផលបោះឆ្នោត ទោះឈ្នះឬចាញ់ឡើយ ។ មិនត្រឹមប៉ុណ្ណោះទេ លោកដូណាល់ ត្រាំ បានចាប់ផ្តើម ផ្សព្វផ្សាយ ដំណឹងដោយ គ្មានមូលដ្ឋាន លើកឡើងថា មានភាពមិនប្រក្រតី ក្នុងដំណើរការបោះឆ្នោត ឬមានការក្លែងបន្លំសន្លឹកឆ្នោតជាដើម ។ ទាំងអស់នេះ គឺសុទ្ធសឹងតែជាកត្តាដែលធ្វើ ឲ្យសមត្ថកិច្ចសន្តិសុខរដ្ឋធានីវ៉ាស៊ីនតោន មានការព្រួយបារម្ភធំបំផុត អំពីភាពចលាចលហិង្សានៅក្រោយថ្ងៃបោះឆ្នោត ។ អ្វីដែល សមត្ថកិច្ច អាមេរិក ប្រុងប្រយ័ត្នបំផុត គឺការ ផ្សព្វផ្សាយ រាលដាល នូវព័ត៌មាន ប្រឌិតក្លែងក្លាយនៅតាមបណ្តាញសង្គម ដែល អាចធ្វើ ឲ្យ មនុស្ស ផ្អើល ឈូរឆ កើតជាចលាចលហិង្សា ។ បញ្ហាភូមិសាស្ត្រនយោបាយ ដូចជាសង្គ្រាមនៅហ្កាហ្សាជាដើម ក៏ជា បញ្ហា មួយ ជាន់ទៀតផងដែរ ដែលអាចបន្ថែមទៅលើកំហឹងរបស់បាតុករជ្រុលនិយម ។
ដើម្បី ទប់ស្កាត់ អំពើហិង្សា ចលាចល សមត្ថកិច្ច FBI បាន ឲ្យដឹងថាគេបាន បង្កើត មជ្ឈមមណ្ឌល ប្រតិបត្តិការពិសេសមួយ ដើម្បីតាមដានយ៉ាងប្រុងប្រយ័ត្ន។ ចំណែក Secret Service ដែលមាន តួនាទីការពារសន្តិសុខឥស្សរៈជន នយោបាយធំៗ បានបញ្ជាក់ថា គេបានពង្រឹងកម្លាំង ជាមុនរួចរាល់ហើយ ។ លោកស្រី Muriel Bowser អភិបាលរដ្ឋធានីវ៉ាស៊ីនតោន បានឲ្យ ដឹងថា កងសមត្ថកិច្ចរក្សាសន្តិសុខវិមានកាពីតូលបានត្រៀម លក្ខណៈរួចរាល់ហើយ ដើម្បីទប់ស្កាត់ អំពើហិង្សាចលាចល ។
លោកស្រី Pamela Smith អគ្គស្នងការ នគរបាល ក្រុងវ៉ាស៊ីនតោន បានអះអាងថា អាជ្ញាធរ បើកសិទ្ធិដោយសេរី ចំពោះ បាតុកម្ម ដោយអហិង្សា ។ ក៏ប៉ុន្តែ សមត្ថកិច្ច សូមប្រាប់ទុកជាមុន ថានឹង មិនអត់ឱន ឲ្យជាដាច់ខាត ចំពោះកុបកម្មហិង្សា ។ លោកស្រី បញ្ជាក់ថា នគរបាលក្រុងវ៉ាស៊ីនតោន នឹងពង្រាយ កម្លាំង ចាប់ពីពេលនេះទៅ ដោយ កម្លាំងនគរបាល អាចឡើងដល់ ៤០០០នាក់ នៅ ថ្ងៃទី ២០មករា ថ្ងៃស្បថចូលកាន់តំណែង របស់ប្រធានាធិបតី ថ្មី៕
N.0009