អ៊ីស្រាអែល អះអាងសម្លាប់មេបញ្ជាការក្រុមហេសបូឡា នៅភាគខាងត្បូងលីបង់
យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃសៅរ៍ (០២ វិច្ឆិកា) ថា ខ្លួនបានសម្លាប់លោក ចាអាហ្វា ខាដឺ ហ្វាអ៊ួ (Jaafar Khader Faour) មេបញ្ជាការនៃអង្គភាពរ៉ូកែត ណាសើ (Nasser) របស់ក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ ហើយបាននិយាយថា បុរសរូបនោះជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារជាច្រើនលើកលើអ៊ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក។
ក្រុមហេសបូឡា មិនបានធ្វើអត្ថាធិប្បាយ ឬបញ្ជាក់ពីការស្លាប់របស់លោក Faour ភ្លាមៗនេះទេ។
ជាមួយគ្នានេះ សេវាសង្គ្រោះបន្ទាន់អ៊ីស្រាអែល និយាយថា គ្រាប់រ៉ូកែតជាច្រើនដែលបានបាញ់ចេញពីលីបង់ បានធ្វើឱ្យមនុស្ស ១១នាក់ រងរបួសនៅភាគកណ្តាលអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ បន្ទាប់ពីរ៉ូកែតមួយគ្រាប់បានធ្លាក់លើលំនៅឋានមួយខ្នង ខណៈភាពតានតឹងមិនបានអន់ថយ។
ការប្រយុទ្ធគ្នាបានបន្តកើនឡើងកាន់តែខ្លាំងក្លារវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡា នៅក្នុងប្រទេសលីបង់ ចាប់តាំងពីខែកញ្ញាមក ហើយក្ដីសង្ឃឹមក្នុងការជំរុញរបស់សហរដ្ឋអាមេរិកឱ្យមានបទឈប់បាញ់ កាន់តែស្រពេចស្រពិល៕
N.0010