ផ្ទុះភ្នំភ្លើង នៅ ភាគខាងកើត ឥណ្ឌូណេស៊ី ស្លាប់មនុស្ស ១០នាក់

7News

ផ្ទុះភ្នំភ្លើង នៅ ភាគខាងកើត ឥណ្ឌូណេស៊ី ស្លាប់មនុស្ស ១០នាក់

នៅ ឥណ្ឌូណេស៊ី ភ្នំភ្លើង Lewotobi Laki-Laki ចាប់ផ្ទុះ ព្រួសភ្លើង សម្លាប់មនុស្ស យ៉ាងហោចណាស់ ១០នាក់ កាលពីយប់ថ្ងៃអាទិត្យ ឈាន ចូលថ្ងៃចន្ទ ទី ៤ វិច្ឆិកានេះ។ ទីភ្នាក់ងារ គ្រប់គ្រង គ្រោះមហន្តរាយ បាន ទាញសញ្ញាអាសន្ន ហាម មិន ឲ្យគេ ចូល ទៅក្នុង តំបន់ ភ្នំភ្លើង ដែល គេ វាយតម្លៃ ថា នឹង អាច បញ្ចេញ កំអែល គ្រោះថ្នាក់ ដល់ជីវិត មនុស្ស។ បើតាម អ្នកនាំពាក្យ របស់ទីភ្នាក់ងារ គ្រប់គ្រង គ្រោះមហន្តរាយ ផ្ទុះភ្នំភ្លើង Lewotobi Laki-Laki នៅលើ កោះទេសចរណ៍ Flores បាន បំផ្លាញ ផ្ទះជាច្រើនខ្នង និង ប៉ះពាល់ ដល់ ប្រជាជន យ៉ាងតិច ជាង ១ម៉ឺននាក់។ 

នៅលើកោះទេសចរណ៍ Flores ភាគខាងកើត ប្រទេស ឥណ្ឌូណេស៊ី ភ្នំភ្លើង Lewotobi Laki-Laki ចាប់ផ្ទុះ ព្រួសភ្លើង នៅ ចន្លោះ ម៉ោង ១អាធ្រាត្រ ម៉ោង នៅ ឥណ្ឌូណេស៊ី។ ប្រជាជន ឥណ្ឌូណេស៊ី ដែល កំពុងលង់លក់ ក្នុងដំណេក ត្រូវ ភ្ញាក់ក្រញ៉ាង និង រត់ប្រាស អាយុ នៅ ពេល ឃើញ ផ្ទះ ដំបូល ត្រូវ ឆេះបំផ្លាញ ដោយសារ ដុំភ្លើង ដែល ផ្ទុះបាចសាច ចេញ ពី រណ្តៅ ភ្នំភ្លើង។

នៅក្នុង សន្និសីទ កាសែត នៅថ្ងៃ ចន្ទនេះ អ្នកនាំពាក្យ របស់ទីភ្នាក់ងារគ្រប់គ្រង គ្រោះមហន្តរាយបានអះអាងថា មនុស្ស យ៉ាង ហោច ១០នាក់ ដែលនៅក្នុង នោះ មាន ១នាក់ ជាទារក បាន ស្លាប់ នៅក្នុងគ្រោះថ្នាក់ ផ្ទុះភ្លើង Lewotobi Laki-Laki។ អាជ្ញាធរ នៅលើ កោះ Flores បាន ជម្លៀស មនុស្ស ជាច្រើនភូមិ និងបានណែនាំ មិន ឲ្យ ប្រជាជន ឬ អ្នកទេសចរ ចូល ទៅក្នុង តំបន់ ដែល ស្ថិតនៅ ចម្ងាយ ប្រមាណ ៧គីឡូម៉ែត្រ ពី ភ្នំភ្លើង ព្រោះថា ភ្នំភ្លើង នៅ តែសកម្ម ខ្លាំង ហើយ ទឹកភ្លៀង នឹង អាច ហូរ នាំយក កំអែល ភ្នំភ្លើង មក បំផ្លាញ សម្លាប់ ជីវិត មនុស្ស សាជាថ្មី។

រូបភាពវីដេអូ របស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP បាន បង្ហាញ ក្រុមជួយសង្រ្គោះ ស្វែងរក ជនរងគ្រោះ នៅ ក្រោម គំនរផ្ទះ ដែល ឆេះបំផ្លាញ ដោយសារ ភ្នំភ្លើង។ បើតាម អ្នកភូមិ ដែល អ្នកកាសែត របស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP បាន ជួបសម្ភាសន៍ មាន ជនរងគ្រោះស្លាប់ច្រើន ដោយសារ តែ ម្នាក់ៗ គ្មាន អ្នកណា នឹកស្មាន ដល់ ថា ភ្នំភ្លើង ផ្ទុះភ្លាមៗ នោះទេ។ នៅ មុនដុំភ្លើង ធ្លាក់ស្រោច លើ ភូមិ គេគ្រាន់តែ លឺសំឡេង ផ្គរន្ទះ តែប៉ុន្មាន លើក ប៉ុណ្ណោះ។

មាន កំពស់ ជាង ១៧០៣ម៉ែត្រ និង ស្ថិតនៅលើ កោះ Flores ដែលជា គោលដៅ របស់ អ្នកទេសចរ ភ្នំ Lewotobi Laki-Laki ឧស្សាហ៍ ផ្ទុះកក្រើកជាច្រើនដង ប៉ុន្តែ មិនទាន់ បញ្ចេញ កំហឹង សម្លាប់ មនុស្ស ដូច លើក នេះ ទេ។ នៅសប្តាហ៍មុន ភ្នំភ្លើងចាប់ផ្តើម សកម្ម និង ផ្ទុះបញ្ចេញ ផ្សែង ទៅក្នុងអាកាស កំពស់ជាង ២គីឡូម៉ែត្រ។

គួរជា្របដែរថា កាលពី ខែ មករា ដើមឆ្នាំនេះ ដោយសារភ្នំភ្លើង Lewotobi Laki-Laki ផ្ទុះខ្លាំង អាជ្ញាធរ ធ្លាប់បាន ជម្លៀស មនុស្ស ជាង ២ពាន់នាក់។ ស្ថិតនៅលើ ខ្សែក្រវាត់ភ្នំភ្លើង នៅ ក្នុង មហាសមុទ្រ ប៉ាស៊ីហ្វិក ឥណ្ឌូណេស៊ី ជាប្រទេសកោះដែលរងគ្រោះ ខ្លាំងជាងគេ ដោយសារគ្រោះផ្ទុះភ្នំភ្លើង។ នៅក្នុងរយៈពេល ១ ឆ្នាំចុងក្រោយនេះ ភ្នំភ្លើង ផ្ទុះ សម្លាប់ មនុស្ស សរុប ៨៤នាក់ ចំណែក មនុស្ស រាប់ម៉ឺននាក់ ត្រូវ គេ ជម្លៀស ចេញពី ភូមិ ផ្ទះសម្បែង៕

N.0017

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top