ការវាយតម្លៃរបស់ 60 Decibels៖ កម្ពុជាមានពលរដ្ឋជំពាក់បំណុលមីក្រូហិរញ្ញវត្ថុច្រើនជាងគេក្នុងតំបន់
ក្រុមហ៊ុនស្រាវជ្រាវទិន្នន័យអន្តរជាតិ 60 Decibels រកឃើញថា កម្ពុជានៅតែស្ថិតក្នុងចំណាត់ថ្នាក់ជាប្រទេសដែលមានទីផ្សារហិរញ្ញវត្ថុមិនល្អ និងមានពលរដ្ឋជំពាក់បំណុលមីក្រូហិរញ្ញវត្ថុច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។ យោងតាមរបាយការណ៍របស់ 60 Decibels ពលរដ្ឋខ្មែរប្រមាណ៣២%ដែលខ្ចីប្រាក់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ បាននិយាយថា ការបង់សងបំណុលជាបន្ទុកធ្ងន់ធ្ងរ ខណៈ២៤%ផ្សេងទៀតត្រូវកាត់បន្ថយការចំណាយលើថ្លៃអាហារដើម្បីសន្សំប្រាក់ទុកបង់សងស្ថាប័នមីក្រូហិរញ្ញវត្ថុ។ ទោះយ៉ាងណា របាយការណ៍របស់60 Decibels រំលេចពីចំណុចវិជ្ជមានខ្លះដែរ ដោយសង្កេតឃើញស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជាបាន និងកំពុងបន្តកែលម្អយន្តការការពារអតិថិជន និងនីតិវិធីសងប្រាក់ត្រឡប់របស់អតិថិជនទៅស្ថាប័នផ្តល់កម្ចី។
របាយការណ៍របស់ 60 Decibelsដែលបានស្ទង់មតិពីអតិថិជនជាប់ជំពាក់បំណុលមីក្រូហិរញ្ញវត្ថុចំនួន ១ ៣៩៨នាក់នៅប្រទេសកម្ពុជាបានបង្ហាញថា ក្នុងចំណោមអ្នកទាំងនេះ មាន៣២%កំពុងជួបបញ្ហាធុញថប់ក្នុងការបង់ប្រាក់សងត្រឡប់ទៅវិញ ខណៈ៧៥%ទៀតអះអាងថា ពួកគេពុំមានបញ្ហាបង់ប្រាក់ឡើយ។ របាយការណ៍ដដែលបន្តថា ក្នុងឆ្នាំ២០២៤នេះ អតិថិជនដែលបង្ខំចិត្តកាត់បន្ថយការចំណាយលើថ្លៃម្ហូបអាហារប្រចាំថ្ងៃដើម្បីសន្សំប្រាក់ទុកបង់មីក្រូហិញ្ញវត្ថុមានចំនួន២៤% ពោលគឺធ្លាក់ចុះ បើធៀបនឹងឆ្នាំ២០២២ និង២០២៣។
បើតាម របាយការណ៍របស់60 Decibels មានអតិថិជនតែ២%ប៉ុណ្ណោះដែលបានអះអាងថា ពួកគេរងសម្ពាធរហូតត្រូវបង្ខំចិត្តលក់ទ្រព្យសម្បត្តិដើម្បីយកលុយសងបំណុល។ ចំនួន២%តិចតួចស្តួចស្តើងណាស់ បើប្រៀបធៀបនឹងការត្អូញត្អែរ និងរបាយការណ៍ទាញសញ្ញាអាសន្នរបស់អង្គការក្រៅរដ្ឋាភិបាលទៅកាន់អាជ្ញាធរអឺរ៉ុប។ យ៉ាងណាក៏ដោយ តួលេខ២%ធ្វើឲ្យក្រុមហ៊ុនស្រាវជ្រាវស្ថិតិ60 Decibels ប៉ាន់ប្រមាណថា នៅកម្ពុជា អាចមានមនុស្សជាង ៤ម៉ឺននាក់ (៤២០០០) ដែលអាចលក់ទ្រព្យសម្បត្តិសងបំណុលមីក្រូហិរញ្ញវត្ថុ។
ដោយផ្អែកលើលទ្ធផលស្រាវជ្រាវខាងលើ 60 Decibels ស្នើឱ្យស្ថាប័នហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាត្រូវដាក់ចេញនូវយន្តការការពារអតិថិជន ពង្រឹងការផ្តល់ប្រាក់កម្ចីប្រកបដោយនិរន្តរភាព និងអនុវត្តត្រួតពិនិត្យបទប្បបញ្ញត្តិឱ្យបានរឹងមាំ។
លោកកាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុពុំបានប្រតិកម្មអ្វីច្រើនទៅនឹងការចេញផ្សាយរបាយការណ៍របស់ស្ថាប័នស្រាវជ្រាវហិរញ្ញវត្ថុអន្តរជាតិ60 Decibelsឡើយ ដោយលោកចាត់ទុកថា របាយការណ៍នេះ បានបង្ហាញទាំងផលវិជ្ជមាន និងអវិជ្ជមាន ដែលជាធាតុផ្សំក្នុងការដោះស្រាយបញ្ហាប្រឈម។
គួរជ្រាបថា កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូបានចេញសេចក្តីថ្លែងការណ៍មួយដោយស្នើឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការបញ្ចប់ការរំលោភសិទ្ធិមនុស្សក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ អង្គការលីកាដូបានរកឃើញថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ប្រមាណជា៦%នៃអ្នកខ្ចីប្រាក់បានលក់ដីដើម្បីសងបំណុលខ្នាតតូច និងថា ចន្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ ពលរដ្ឋកម្ពុជាប្រមាណ១៦៧ ០០០នាក់បានលក់ដីដើម្បីសងកម្ចីមីក្រូហិរញ្ញវត្ថុ។ ក្រៅពីនេះ លីកាដូក៏រកឃើញថា ១៨,៣%នៃក្រុមគ្រួសារដែលមានកម្ចីបានអះអាងថា ពួកគេបានកាត់បន្ថយការហូបចុកបន្ទាប់ពីពួកគេបានខ្ចីប្រាក់ ហើយពលរដ្ឋប្រមាណ៨,៥%បានរាយកការណ៍ថា គ្រួសារពួកគេមិនមានអាហារបរិភោគគ្រប់គ្រាន់នោះទេ៕
N.0079