ជំងឺគ្រុនចាញ់នៅកម្ពុជា មានការថយចុះជាង ៩០% បើធៀបទៅនឹងរយៈពេល៨ខែដូចគ្នា ឆ្នាំ២០២៤
ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥៖
នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៥ នេះ កម្ពុជា មានករណីជំងឺគ្រុនចាញ់ប្រមាណជិត ៤០ ករណី មានការថយចុះជាង ៩០% និងគ្មានអ្នកស្លាប់ បើធៀបទៅនឹងរយៈពេល ៨ ខែ ដូចគ្នា ឆ្នាំ ២០២៤ ដែលនេះជាសញ្ញាមួយបង្ហាញថា កម្ពុជា កំពុងស្ថិតក្នុងស្ថានភាពឈានទៅសូន្យ នាដំណាច់ឆ្នាំ ២០២៥ នេះ។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៤ កញ្ញា នេះថា ៨ ខែ ឆ្នាំ ២០២៥ នេះ មានជំងឺគ្រុនចាញ់ ចំនួន ៣៧ ករណី គ្មានស្លាប់ គឺ ថយចុះជាង ៩១% បើធៀបទៅនឹង ៨ ខែ ឆ្នាំ ២០២៤ កន្លងទៅ មានរហូតដល់ទៅ ២៥៥ ករណី ដែលនេះជាសញ្ញាមួយបង្ហាញថា កម្ពុជា កំពុងស្ថិតក្នុងស្ថានភាពឈានទៅសូន្យ នាដំណាច់ឆ្នាំនេះ ខណៈប្រទេសកម្ពុជា បានបញ្ចប់លែងមានករណីស្លាប់ ដោយសារជំងឺគ្រុនចាញ់តាំងពីឆ្នាំ ២០១៨។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ការថយចុះជំងឺគ្រុនចាញ់ជាបន្តបន្ទាប់នេះដោយសារកម្ពុជាបានអនុវត្តយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ ២០១១-២០២៥ ដែលជាត្រីវិស័យដ៏ត្រឹមត្រូវ សមស្របតាមយុទ្ធសាស្ត្រតំបន់ និងសកលលោក។ ការយកចិត្តទុកដាក់ និងគាំទ្រខ្ពស់ពីក្រសួងសុខាភិបាល និងមានកិច្ចសហការពេញលេញពីគ្រប់ដៃគូពាក់ព័ន្ធ ក្រោមយន្តការសម្របសម្រួលអភិបាលកិច្ចតម្រង់ទិសបច្ចេកទេសផ្ទាល់ជាប្រចាំរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ គឺ ជំងឺគ្រុនចាញ់កំពុងឆ្ពោះទៅសូន្យករណី នៃការចម្លងក្នុងតំបន់ និងក៏កំពុងបន្តឈានទៅសូន្យករណីក្នុងគ្រប់ភូមិសាស្ត្រទូទាំងប្រទេសនាដំណាច់ឆ្នាំ ២០២៥ ដែលជាគោលដៅចុងក្រោយ។
លោកវេជ្ជបណ្ឌិត បានរំលឹកថា មុនពេលមានយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ ២០១១-២០២៥ ករណីជំងឺគ្រុនចាញ់រាយការណ៍មានជាមធ្យម ១៣ ម៉ឺនករណី និងស្លាប់ ៧០០ ទៅ ៨០០ នាក់ ក្នុងមួយឆ្នាំៗ។
Nº.0979