តុលាការបារាំង​ចេញដីកាចាប់ខ្លួន​អតីត​ប្រធានាធិបតី​ស៊ីរី

7NEWS

តុលាការបារាំង​ចេញដីកាចាប់ខ្លួន​អតីត​ប្រធានាធិបតី​ស៊ីរី 

ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥៖

រត់គេចខ្លួន​ ចាកចេញពីប្រទេស បន្ទាប់ពី​ត្រូវ​ក្រុមប្រឆាំង​ផ្តួលរំលំអំណាចកាលពី​ខែធ្នូចុងឆ្នាំមុន អតីតប្រធានាធិបតី​ស៊ីរី លោក​បាស្ហា អាល់អាសាដ​ត្រូវ​មកជាប់សំណាញ់​ច្បាប់​បារាំង នៅក្នុង​សំណុំរឿង​សម្លាប់អ្នកកាសែត​បរទេស​ពីរនាក់ កាលពីឆ្នាំ ២០១២។ នៅថ្ងៃ​អង្គារទី ២​កញ្ញា ​​សហព័ន្ធអន្តរជាតិ​ផ្នែក​​សិទ្ធិមនុស្ស​ នៅទីក្រុង​ប៉ារីសបាន​ចេញសេចក្តីប្រកាស​ព័ត៌មាន​មួយដែល​បញ្ជាក់ថា តុលាការ​បារាំងបាន​ចេញដីកាតាមចាប់ខ្លួន អតីតប្រធានាធិបតី​ស៊ីរី និង​បក្សពួកចំនួន​៦នាក់។

តុលាការបារាំង​បាន​ចេញកាលពីពាក់កណ្តាល​ខែ​សីហាកន្លងទៅ ដីកាចាប់ខ្លួន​អតីត​មេដឹកនាំ​ប្រទេស​ស៊ីរី ចំនួន​៧នាក់ ក្នុងនោះ មាន​អតីតប្រធានាធិបតី​លោកបាស្ហា អាល់អាសាដ ដែលពេលនេះ​កំពុង​រត់គេចខ្លួនទៅជ្រកកោន​នៅ​ប្រទេស​សម្ព័ន្ធមិត្ត​រុស្ស៊ី។

យោងតាម​មេធាវី​របស់​អង្គការ​សហព័ន្ធអន្តរជាតិផ្នែកសិទ្ធិមនុស្ស​ ហៅកាត់ជាភាសា​បារាំងថា FIDH តុលាការ​បារាំង​ចេញដីកា​ចាប់ខ្លួនអតីតប្រធានាធិបតីស៊ីរី​ ក្នុង​សំណុំរឿង​សម្លាប់អ្នកកាសែតអាមេរិកម្នាក់ និងអ្នកថតរូបបារាំងម្នាក់​នៅទីក្រុង​Homs ​កាលពី១៣ឆ្នាំមុន។

​នៅថ្ងៃទី ២២​ខែ​កុម្ភៈ ឆ្នាំ ២០១២ នៅពេល​ដែល​ចលនាបះបោរប្រឆាំង​រដ្ឋាភិបាល​ផ្ទុះរាលដាលកាន់តែខ្លាំង​នៅប្រទេស​ស៊ីរី លោកស្រីMarie Colvin ជនជាតិ​អាមេរិក​ដែល​ជាប់ឈ្មោះជាអ្នកកាសែតសង្រ្គាម និងធ្វើការ​ឲ្យកាសែត​អង់គ្លេសThe Sunday Times បាន​ព្យាយាម​ចូលទៅយក​ព័ត៌មាន​នៅទីក្រុង​Homs ជាទីដែល​ក្រុម​បាតុករ​ប្រឆាំងរដ្ឋាភិបាល​រងការបង្រ្កាប​ដ៏ហិង្សា​ពីសំណាក់​អាជ្ញាធរ។ លោកស្រី Marie Colvin បាន​រត់ចូលក្នុងមណ្ឌល​ព័ត៌មាន​ជាមួយ​អ្នកកាសែតបរទេស​ផ្សេងទៀត ​​ដើម្បីគេចពីគ្រាប់កាំភ្លើង​របស់​ទាហាន​រដ្ឋាភិបាល។ ប៉ុន្តែ ដោយសារមណ្ឌលរងគ្រាប់ខ្លាំងពេក លោកស្រីបាន​រត់ចេញពី​អគារមុនគេ ជាមួយ​អ្នកថតរូបបារាំង គឺ​លោក Rémi Ochlik មុននឹងត្រូវ​គ្រាប់ប្លោងផ្តាច់យកសង្ខាររបស់អ្នកទាំងពីរ។ មនុស្ស​៣នាក់​ទៀត គឺអ្នកកាសែត​បារាំង អ្នកថតរូបអង់គ្លេស អ្នកបកប្រែស៊ីរី​បាន​រងរបួសធ្ងន់។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការការពារ​សិទ្ធិមនុស្ស​FIDH នៅក្រោយ​ហេតុការណ៍នេះភ្លាម រដ្ឋអាជ្ញានៅទីក្រុង​ប៉ារីស​​បាន​បើក​ការស៊ើបអង្កេត​លើការឃាតកម្ម​លើជនជាតិបារាំង។ នៅ​ឆ្នាំ ២០១៤ ការស៊ើបអង្កេតក្នុងសំណុំរឿង​ឃាតកម្ម​ត្រូវ​បាន​ពង្រីកទៅជា​រឿងឧក្រិដ្ឋកម្ម​សង្រ្គាម មុននឹង​វិវឌ្ឍទៅជា​បទល្មើសប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​ឆ្នាំ ២០២៤។

បន្ទាប់ពីស៊ើបអង្កេត​អស់​១៣ឆ្នាំ ចៅក្រមស៊ើបអង្កេត​ផ្នែក​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​​នៅ​តុលាការក្រុងប៉ារីស​បាន​សម្រេច​ចេញដីកា​ចាប់ខ្លួន អតីតប្រធានាធិបតី​ស៊ីរី គឺលោក​បាស្ហា អាល់អាសាដ និង​បក្សពួក​៦នាក់ផ្សេងទៀត ដែលពាក់ព័ន្ធ​នឹង​ការបំប្លោងគ្រាប់សម្លាប់អ្នកកាសែត។ ក្នុងចំណោម​អ្នកទាំងនោះ មាន​ប្អូនប្រុស​របស់អតីតប្រធានាធិបតីស៊ីរី គឺ​​ លោក Maher al Assad ដែល​ជាប្រធានអង្គភាព​ក្រុមរថពាសដែក និង​ប្រធាន​សន្តិសុខ​ផ្ទៃក្នុង រួមទាំង​ប្រធា​នអង្គភាពទ័ព​ស៊ីរី​នៅទីក្រុង​Homs។

គេ​មិន​ច្បាស់ថា ដីការបស់​តុលាការ​បារាំង​នឹង​អាចមាន​ប្រសិទ្ធភាពចាប់អូសក ជនល្មើស​មក​កាត់ទោស​ដែរឬយ៉ាងណានោះទេ។ អតីតប្រធានាធិបតី​ស៊ីរី លោកបាស្ហា អាល់អាសាដ​បាន​រត់ទៅម៉ូស្គូ និងបានទទួលសិទ្ធិជ្រកកោនពីរុស្ស៊ីដែលជា​សម្ព័ន្ធមិត្ត ខណៈ​ប្អូនប្រុស និង​មេយោធា​ផ្សេងទៀត រត់គេចខ្លួនបាត់ស្រមោល នៅបន្ទាប់ពីរបបបាស្ហា អាល់អាសាដដួលរលំនៅ​ចុងឆ្នាំ​២០២៤ ដោយសារការវាយប្រហារ​របស់​​ក្រុមឧទ្ទាម​ប្រឆាំង។

Nº.0978



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top