ប៉ូលិសអង់គ្លេស ចាប់ខ្លួនបាតុករ ជិត៩០០នាក់ ដែលសម្តែងមតិគាំទ្រអង្គការប៉ាឡេស្ទីន
ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥៖
នៅទីក្រុងឡុងដ៍ ប៉ូលិសអង់គ្លេស បានចាប់ខ្លួនបាតុករ ប្រមាណជិត ៩០០ នាក់ នៅចុងសប្តាហ៍នេះ ពីព្រោះតែពួកគេធ្វើបាតុកម្មសម្តែងការគាំទ្រចំពោះអង្គការសកម្មភាពដើម្បីប៉ាឡេស្ទីន Palestine Action។ អង្គការនេះ បានត្រូវរដ្ឋាភិបាលអង់គ្លេស ហាមឃាត់ ក្រោមច្បាប់ប្រឆាំងភេរវកម្ម។ បើតាមប៉ូលិសអង់គ្លេស បាតុករខ្លះបានប្រព្រឹត្តល្មើស ដោយប្រើហិង្សាទៅលើកម្លាំងសមត្ថកិច្ច។
នគរបាលអង់គ្លេសបានចាប់ឃាត់ខ្លួន បាតុករ សរុប ចំនួន ៨៩០ នាក់។ ក្នុងនោះ ៨៥៧ នាក់បានសម្តែងការគាំទ្រចំពោះអង្គការសកម្មភាពដើម្បីប៉ាឡេស្ទីន Palestine Action ដែលរដ្ឋាភិបាលអង់គ្លេស បានហាមឃាត់ និងចាត់ចូលជាអង្គការភេរវនិយម។ រីឯ ៣៣នាក់ទៀត ក្រៅសម្តែងសមានចិត្តជាមួយអង្គការភេរវកម្ម ថែមទាំងបានប្រើហិង្សាលើប៉ូលិស។ នេះបើតាម ស្នងការរងប៉ូលិសអង់គ្លេស លោកស្រី Claire Smart ដោយបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអាទិត្យ ទី៧កញ្ញា ទៀត ថា តួនាទីនគរបាលត្រូវពង្រឹងការអនុវត្តច្បាប់ និងការពារសិទ្ធិធ្វើបាតុកម្ម ដោយធានាដល់សុវត្ថិភាពបាតុករ។ តាមមន្ត្រីប៉ូលិសជាន់ខ្ពស់ដដែល បាតុករអង់គ្លេសកាលពីថ្ងៃសៅរ៍ ៦កញ្ញា អាចមានចំនួនច្រើនជាង ២ ម៉ឺននាក់ នៅមុខរដ្ឋសភាអង់គ្លេស។
ជាការកត់សម្គាល់ តាំងពីផ្ទុះសង្គ្រាមនៅហ្កាហ្សារវាងអ៊ីស្រាអែលនិងហាម៉ាស់ ចំនួនជាង៧០០ថ្ងៃរួចមក, បាតុកម្មនៅទីក្រុងឡុងដ៍ គ្រានេះ ជាលើកទី១ ដែលបាតុករអង់គ្លេស មានគ្នាច្រើនជាង ២ម៉ឺននាក់។ ក្រៅពីបង្ហាញការគាំទ្រចំពោះអង្គការ Palestine Action ពួកបាតុករក៏ទទូចជំរុញឲ្យរដ្ឋាភិបាលអង់គ្លេស ឈប់លក់អាវុធឲ្យអ៊ីស្រាអែល និងត្រូវបញ្ចេញសកម្មភាពឲ្យផុសផុល ដើម្បីជួយពន្លត់ភ្លើងសង្គ្រាម។
បាតុករអង់គ្លេស បានអះអាងថា ពួកគេពុំមែនជាភេរវជននោះឡើយ ហើយមកធ្វើបាតុកម្មក៏ព្រោះតែប្រឆាំងនឹងអំពើប្រល័យពូជសាសន៍ប្រព្រឹត្តឡើងពីស្នាដៃអ៊ីស្រាអែលទៅលើពលរដ្ឋប៉ាឡេស្ទីន។ មិនតែប៉ុណ្ណោះ បាតុករអង់គ្លេស បានរិះគន់រដ្ឋាភិបាលរបស់ខ្លួនថា ជំនួសឲ្យប្រើកម្លាំងចាប់ខ្លួនបាតុករ រដ្ឋាភិបាលគួរតែទុកពេលវេលានិងកម្លាំង ទៅធ្វើសកម្មភាពរារាំងអំពើប្រល័យពូជសាសន៍នៅហ្កាហ្សា។ នោះទើបជារឿងត្រឹមត្រូវគួរធ្វើ។
កាលពីខែកក្កដា កន្លងទៅនេះ អង្គការ Palestine Action ត្រូវរដ្ឋាភិបាលអង់គ្លេស ចាត់ចូលក្នុងបញ្ជីអង្គការភេរវនិយម ហើយក៏ហាមឃាត់មិនឲ្យធ្វើសកម្មភាព ក្រោមអំណាចច្បាប់ប្រឆាំងអំពើភេរវកម្ម។ តាមអាជ្ញាធរអង់គ្លេស អង្គការនេះបានធ្វើសកម្មភាពបំផ្លិចបំផ្លាញនៅមូលដ្ឋានទ័ពអាកាសអង់គ្លេស ហើយត្រូវផាកពិន័យទឹកប្រាក់ ប្រមាណ ១០លានដុល្លារ ដើម្បីជួសជុលការខូចខាត។
Nº.0992