រដ្ឋមន្ត្រីសេដ្ឋកិច្ចស្វ៊ីស ទៅវ៉ាស៊ីនតោន ដើម្បីចរចាបញ្ចុះអត្រាពន្ធគយ
ចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥៖
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចស្វ៊ីស ត្រូវជជែកចរចា ជាមួយមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកទទួលបន្ទុកពាណិជ្ជកម្ម នៅថ្ងៃសុក្រ ទី៥កញ្ញា។ នេះបើតាមការបញ្ជាក់របស់ ក្រុមប្រឹក្សាសហព័ន្ធស្វ៊ីស។ កម្មវត្ថុនៃកិច្ចពិភាក្សា គ្មានអ្វីផ្សេង ក្រៅពីចង់ស្នើឲ្យអាមេរិកបញ្ចុះរនាំងពន្ធគយ ដែលស្វ៊ីសយល់ថា ខ្ពស់ខ្លាំងពេក។ ពោលអាមេរិកដាក់អត្រាពន្ធគយ ចំនួន ៣៩% ចំពោះទំនិញស្វ៊ីស។
រដ្ឋមន្ត្រីសេដ្ឋកិច្ចស្វ៊ីស លោក Guy Parmelin បានលុបចោលវត្តមាន ក្នុងវេទិកាសេដ្ឋកិច្ចស្វ៊ីស "Day of the Economy" ដែលរៀបចំដោយ Economiesuisse ដើម្បីធ្វើដំណើរជាបន្ទាន់ ហោះតម្រង់ឆ្ពោះទៅកាន់ក្រុងវ៉ាស៊ីនតោន។ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចស្វីល ពុំបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា រដ្ឋមន្ត្រីរបស់ខ្លួននឹងត្រូវជួបតទល់នឹងរដ្ឋមន្ត្រីអាមេរិករូបណាទេ ហើយក៏មិនបង្ហាញថា ស្វ៊ីសនិងអាមេរិក ត្រូវជជែកគ្នាលម្អិតទៅសំណុំរឿងអ្វីខ្លះទេ។ តែមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចស្វីល គ្រាន់តែបានអះអាងថា ពិតជានឹងមានជំនួបរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចស្វ៊ីស និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលក្រុងវ៉ាស៊ីតោន នៅថ្ងៃសុក្រ ទី៥ កញ្ញា។
រនាំងពន្ធគយអាមេរិកចំពោះស្វ៊ីស មានអត្រារហូតដល់ ៣៩% ដែលជាកម្រិតពន្ធដ៏ខ្ពស់ ក្នុងចំណោមអត្រាពន្ធគយដែលវ៉ាស៊ីនតោនអនុវត្តចំពោះទំនិញបរទេស។
ម្ល៉ោះហើយ រដ្ឋាភិបាលស្វ៊ីស តាមរយៈរដ្ឋមន្ត្រីសេដ្ឋកិច្ច លោក Guy Parmelin គឺនឹងស្នើវិធានការសេដ្ឋកិច្ចថ្មីទៅអាមេរិក។ ពោលគឺអាចជាការសន្យាជាមួយវ៉ាស៊ីនតោន ក្នុងការប្តេជ្ញាចិត្តជំរុញក្រុមហ៊ុនស្វ៊ីស ឲ្យបង្កើនការវិនិយោទុននៅលើទឹកដីសហរដ្ឋអាមេរិក និងថែមទាំងបង្កើនការទិញគ្រឿងសព្វាវុធអាមេរិក រួមទាំងបើកច្រកផ្លូវឲ្យទូលាយក្នុងទីផ្សារស្វ៊ីស ដើម្បីឲ្យទំនិញនិងថ្នាំពេទ្យអាមេរិក អាចជ្រៀតចូលស្វ៊ីស ក្នុងចំនួនច្រើនជាងពីមុន។ មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីសេដ្ឋកិច្ចស្វ៊ីស លោក Guy Parmelin ក៏ត្រូវបញ្ចុះបញ្ចូលផ្លុំត្រចៀកវ៉ាស៊ីនតោន កុំឲ្យដំឡើងពន្ធកប់ពពកខ្លាំងពេក ចំពោះវិស័យឱសថស្វ៊ីស។
ផលិតផលឱសថ ជាវិស័យគន្លឹះដ៏ចម្បងចំពោះក្បាលម៉ាស៊ីនសេដ្ឋកិច្ចស្វ៊ីស ព្រោះវាតំណងឲ្យស្ទើរតែពាក់កណ្តាល នៃទំនិញស្វ៊ីសនាំចេញទៅសហរដ្ឋអាមេរិក។ នេះបើតាមទិន្នន័យ ឆ្នាំ២០២៤ ដែលស្វ៊ីសនាំទំនិញទៅអាមេរិក សរុបទំហំទឹកប្រាក់ ជិត ៧០ ពាន់លានអឺរ៉ូ (៦៥ ពាន់លានហ្វ្រង់ស្វ៊ីស)។
ដំណើររបស់រដ្ឋមន្ត្រីស្វ៊ីស ទៅក្រុងវ៉ាស៊ីនតោន គ្រានេះ គឺជាលើកទី២ គិតត្រឹមតែក្នុងអំលុងរយៈពេលជាង១ខែ ដែលលោក Guy Parmelin អញ្ជើញទៅអាមេរិក ដើម្បីចរចាពាណិជ្ជកម្ម៕
Nº.0986