ឧត្តមស្នងការសិទ្ធិមនុស្សព្រមានថា ច្បាប់អន្តរជាតិ និងច្បាប់នៃសង្រ្គាមកាន់តែធ្លាក់ចុះខ្សោយ
ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥៖
ការឃោសនាផ្សព្វផ្សាយដើម្បីសង្រ្គាមកកើតមាននៅគ្រប់ទីកន្លែងក្នុងពិភពលោក។ ប្រធានឧត្តមស្នងការសិទ្ធិមនុស្សអន្តរជាតិបានទាញសញ្ញាអាសន្នយ៉ាងដូច្នេះ នៅថ្ងៃចន្ទទី ៨កញ្ញា ដែលជាថ្ងៃបើកកិច្ចប្រជុំលើកទី៦០របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ។ ដោយលើកឡើងពីសង្រ្គាមនៅហ្កាហ្សា សង្រ្គាមអ៊ុយក្រែន និងជម្លោះប្រដាប់អាវុធនៅស៊ូដង់ ប្រធានឧត្តមស្នងការសិទ្ធិមនុស្សអន្តរជាតិថ្លែងព្រួយបារម្ភពីនិន្នាការលើកស្ទួយការប្រព្រឹត្តអំពើហិង្សា និងការធ្លាក់ចុះខ្សោយនៃច្បាប់អន្តរជាតិ។
សង្រ្គាមបង្ហូរឈាម ភាពតានតឹងជម្លោះប្រដាប់អាវុធ កើតមានសឹងនៅគ្រប់ទ្វីប។ ថ្លែងនៅក្នុងឱកាសបើកកិច្ចប្រជុំលើកទី៦០នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ដែលចាប់បើកទ្វារពីថ្ងៃទី៨កញ្ញា រហូតដល់ថ្ងៃទី ៨តុលា ប្រធានឧត្តមស្នងការសិទ្ធិមនុស្សអន្តរជាតិបាននិយាយថា ការឃោសនាដើម្បីសង្រ្គាមមាននៅគ្រប់ទីកន្លែងក្នុងពិភពលោក។
នៅក្នុងសុន្ទរកថាថ្លែងបើកកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ប្រធានឧត្តមស្នងការសិទ្ធិមនុស្សអន្តរជាតិ លោក វ៉ុលក័រ តួកបាននិយាយយោងដល់ការបង្ហាញសាច់ដុំយោធា តាមរយៈការបង្ហាញក្បួនកងទ័ព និងសព្វាវុធ។ ប្រសាសន៍របស់លោកធ្វើឡើងនៅតែប៉ុន្មានថ្ងៃក្រោយដែលមហាយក្សចិន រៀបចំក្បួនកងទ័ពដ៏ធំសម្បើមនៅក្រោមអធិបតីភាពរបស់ប្រធានាធិបតីចិន ប្រធានាធិបតីរុស្ស៊ី និងមេដឹកនាំកូរ៉េខាងជើង។
មួយវិញទៀត ប្រធានឧត្តមស្នងការសិទ្ធិមនុស្សមិនលាក់ពីក្តីបារម្ភរបស់លោកដែលថា ទន្ទឹមគ្នានឹងការកើនឡើងនៃអំពើហិង្សា ច្បាប់អន្តរជាតិ និងច្បាប់ស្តីពីសង្រ្គាមធ្លាក់ចុះខ្សោយនៅទូទាំងសកលលោក។
“ច្បាប់អន្តរជាតិជាមូលដ្ឋានគ្រឹះនៃសន្តិភាព ធានាសណ្តាប់ធ្នាប់ពិភពលោក ច្បាប់ធ្វើពាណិជ្ជកម្ម និងសិទ្ធិជាមូលដ្ឋានរបស់មនុស្សជាតិទាំងមូល។ ប៉ុន្តែ ច្បាប់អន្តរជាតិធ្លាក់ចុះខ្សោយ ក៏ព្រោះថា រដ្ឋាភិបាលមួយចំនួន មិនឲ្យតម្លៃ មិនគោរព និងចាប់ដោះដៃម្តងមួយៗ” នេះជាប្រសាសន៍របស់ ប្រធានឧត្តមស្នងការសិទ្ធិមនុស្សអន្តរជាតិ មុននឹងបរិហាររិះគន់ សង្រ្គាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន សង្រ្គាមស៊ីវិលនៅស៊ូដង់ និងសង្រ្គាមបង្ហូរឈាមដ៏ហិង្សារបស់អ៊ីស្រាអែល នៅទឹកដីហ្កាហ្សា។
ដោយមិននិយាយចំឈ្មោះប្រទេស លោកវ៉ុលក័រ តួកបានព្រមានថា ប្រទេសមួយចំនួនកំពុងក្លាយជាឈ្នាន់នៃការពង្រីកអំណាចផ្ទាល់ខ្លួនរបស់ថ្នាក់ដឹកនាំ ខណៈពេលដែលប្រទេសខ្លះទៀតបានដកខ្លួនចេញពីស្ថាប័នអន្តរជាតិ និងកិច្ចព្រមព្រៀង។ នៅត្រង់ចំណុចនេះ ប្រធានឧត្តមស្នងការសិទ្ធិមនុស្សអន្តរជាតិនិយាយដល់ការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើចៅក្រមនិងរដ្ឋអាជ្ញារបស់តុលាការព្រហ្មទណ្ឌកម្មអន្តរជាតិ និងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅទឹកដីប៉ាឡេស្ទីន។ រុស្ស៊ីឯណោះវិញ បានចេញដីកា ចង់ចាប់មន្រ្តីរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ដើម្បីសងសឹកនឹងតុលាការអន្តរជាតិមួយនេះ ដែលបានចេញដីកាតាមចាប់ខ្លួនមេដឹកនាំរុស្ស៊ី លោកពូទីន។
Nº.0995