នេប៉ាល់៖ លោកស្រីនាយករដ្ឋមន្រ្តីថ្មីសន្យាជីករំលើងឫសគល់នៃអំពើពុករលួយក្នុងប្រទេស

7NEWS

នេប៉ាល់៖ លោកស្រីនាយករដ្ឋមន្រ្តីថ្មីសន្យាជីករំលើងឫសគល់នៃអំពើពុករលួយក្នុងប្រទេស

ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥៖

ស្ថានការណ៍នៅប្រទេសនេប៉ាល់ចាប់ផ្តើមវិលទៅរកភាពប្រក្រតីឡើងវិញ តាំងពីថ្ងៃសៅរ៍ ទី១៣ កញ្ញា ក្រោយពីនាយករដ្ឋមន្រ្តីថ្មី លោកស្រី ស៊ូស៊ីឡា កាគី ចូលកាន់តំណែង។ ជាមនុស្សស្រីលើកដំបូងដែលកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់នេប៉ាល់ លោកស្រី ស៊ូស៊ីឡា កាគី មានភារកិច្ចដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន ដើម្បីការរួបរួមជាតិ និងរៀបចំការបោះឆ្នោត នៅខែមីនា ឆ្នាំ២០២៦។

នៅនេប៉ាល់ លោកស្រី ស៊ូស៊ីឡា កាគី ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីបណ្តោះអាសន្ន នៅយប់ថ្ងៃសុក្រ ទី១២ កញ្ញា។ នៅឯវិមានប្រធានាធិបតី លោកស្រីបានស្បថចូលកាន់តំណែង នៅចំពោះមុខប្រធានាធិបតី មន្រ្តីជាន់ខ្ពស់នេប៉ាល់ និងមន្រ្តីអង្គទូត។ លោកស្រីមានភារកិច្ចដ៏ធំធេងដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន ដើម្បីការរួបរួមជាតិ និងរៀបចំការបោះឆ្នោត នៅថ្ងៃទី ៥ មីនា ឆ្នាំ២០២៦ បន្ទាប់ពីផ្ទុះបាតុកម្មនៅក្រុង Katmandou ប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំដោយលោក Khadga Prasad  Sharma Oli នៅដើមសប្តាហ៍នេះ។ បាតុកម្មហិង្សានេះបានបណ្តាលឲ្យមនុស្សស្លាប់ យ៉ាងហោចណាស់ ជាង៧០នាក់ និងរបួសជាង ១៩០នាក់ ព្រមទាំងបានបំផ្លិចបំផ្លាញវិមានរដ្ឋសភា និវេសនដ្ឋានរបស់លោកអតីតនាយករដ្ឋមន្រ្តី និងផ្ទះឥស្សរជនជាន់ខ្ពស់នេប៉ាល់ ជាច្រើនកន្លែង។ នេះបើយោងតាមតុល្យការរបស់អាជ្ញានេប៉ាល់ នៅថ្ងៃអាទិត្យ ទី១៤ កញ្ញា។

នៅថ្ងៃអាទិត្យ ដដែល លោកស្រីនាយករដ្ឋមន្រ្តីបណ្តោះអាសន្នបានធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូង។ លោកស្រីបានសន្យាជីករំលើងឫសគល់នៃអំពើពុករលួយក្នុងប្រទេស រៀបចំប្រទេសឲ្យល្អប្រសើរ និងព្យាយាមធ្វើឲ្យមានសមភាពសេដ្ឋកិច្ច ដើម្បីឆ្លើយតបទៅនឹងទាមទាររបស់បាតុករនេប៉ាល់ ដែលសុទ្ធសឹងជាយុវជនមានវ័យចន្លោះពី ១៥ឆ្នាំ ទៅ២៥ឆ្នាំ។ លោកស្រីមិននឹកស្មានថា ទទួលបានការគាំទ្រយ៉ាងភ្លក់ទឹកភ្លឹកដីពីសំណាក់យុវជនយ៉ាងដូច្នេះឡើយ ដោយឃើញឈ្មោះរបស់លោកស្រី នៅតាមដងផ្លូវនៃទីក្រុង Katmandou។ លោកស្រីក៏បានអះអាងថា ទោះបីជាស្ថានការណ៍នយោបាយក្នុងប្រទេសនេប៉ាល់ប្រែក្លាយទៅជាយ៉ាងណាក្តី ក៏រដ្ឋាភិបាលបណ្តោះអាសន្នរបស់លោកស្រីនឹងមិនដឹកនាំប្រទេសលើសពី ៦ខែឡើយ ពោលគឺកាន់អំណាចរហូតដល់ត្រឹមថ្ងៃបោះឆ្នោត នៅខែមីនា ឆ្នាំក្រោយ។ បន្ទាប់មក លោកស្រីនឹងផ្ទេរអំណាចទៅរដ្ឋាភិបាលដែលជាប់ឆ្នោតថ្មី។

ប៉ុន្មានម៉ោងក្រោយពីការប្រកាសតែងតាំងនាយករដ្ឋមន្រ្តីថ្មី នៅថ្ងៃសៅរ៍ ទី១៣ កញ្ញា ទាហាននេប៉ាល់បានបន្ធូរបន្ថយបំរាមគោចរនៅក្រុង Katmandou និងបណ្តាក្រុងផ្សេងៗទៀត។ ស្ថានការណ៍ប្រទេសចាប់ផ្តើមវិលទៅរកភាពប្រកតីឡើងវិញ។ ប្រជាជននេប៉ាល់ភាគច្រើនបានសាទរ ចំពោះការតែងតាំងលោកស្រី ស៊ូស៊ីឡា ដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន ហើយពួកគេសង្ឃឹមថាលោកស្រីនឹងអាចដឹកនាំប្រទេសឲ្យល្អប្រសើរឡើងវិញ។

វ័យ៧៣ឆ្នាំ និងជាស្រីដំបូងគេដែលកាន់តំណែងជានាយករដ្ឋមន្រ្តីនេប៉ាល់ លោកស្រីស៊ូស៊ីឡា កាគី ​ ត្រូវ​គេ​ទទួល​ស្គាល់​និងចាត់ទុកថា​ជាមនុស្សទៀងត្រង់​​ ​​សុចរិត និង​ល្បីល្បាញ​ខាង​ប្រឆាំង​អំពើ​ពុករលួយ។ ជាក់ស្តែង នៅឆ្នាំ២០១២ លោកស្រីអតីតប្រធានចៅក្រមតុលាការកំពូលរូបនេះ បានកាត់ទោសរដ្ឋមន្រ្តីក្រសួងព័ត៌មាន ពីបទពុករលួយ។ 

Nº.1007

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top