ញ្ជួយដី​នៅអាហ្វហ្កានីស្ថាន ស្លាប់ជាង​៨០០នាក់​ របួស​​យ៉ាងហោច​ជិត​៣០០០​នាក់

7NEWS

រញ្ជួយដី​នៅអាហ្វហ្កានីស្ថាន ស្លាប់ជាង​៨០០នាក់​ របួស​​យ៉ាងហោច​ជិត​៣០០០​នាក់

ចេញផ្សាយនៅថ្ងៃទី២​ ខែកញ្ញា ឆ្នាំ២០២៥៖

គ្រោះរញ្ជួយដី​កម្រិត ៦នៃមាត្រដ្ឋានរិចទែរ​ បានកើតឡើង​នៅភាគខាងកើតប្រទេសអាហ្វហ្កានីស្ថាន​ កាលពីយប់ថ្ងៃអាទិត្យ​ឈានចូលថ្ងៃចន្ទ ទី១​កញ្ញានេះ​។ យោងតាម​ព័ត៌មានបឋម ពីអាជ្ញាធរតាលីបង់ មានមនុស្សស្លាប់យ៉ាងហោច ៨០០នាក់ និង​របួសយ៉ាងហោចជិត​៣០០០​នាក់​។

យប់ថ្ងៃអាទិត្យ ទី​៣១សីហា គ្រោះរញ្ជួយដី​កម្រិត ៦នៃមាត្រដ្ឋាន​រិចទែរ បន្តដោយ​ការរំញោចផ្ទួន​ៗគ្នា​ដល់ទៅ​៥ដង​ បា​ន​កើតឡើងនៅខេត្ត Kounar និង​​ Nangarhar ភាគខាងកើតអាហ្វហ្កានីស្ថាន មិនឆ្ងាយ​ប៉ុន្មាន​ពីព្រំដែន​ជាមួយ​ប៉ាគីស្ថាន​។ ចំណុចកណ្តាល​នៃ​គ្រោះរញ្ជួយដីនេះ មានជម្រៅប្រមាណ​តែ​៧គីឡូម៉ែត្រក្នុងដី ស្ថិតនៅ​ចម្ងាយ​ប្រមាណ​តែ​២៧​គីឡូម៉ែត្រប៉ុណ្ណោះ ពីទីក្រុង​ចាឡាឡាបាត។ 

យោងតាមតួលេខបឋមផ្តល់​ឲ្យដោយ​អាជ្ញាធរតាលីបង់ គិតត្រឹម​រសៀលថ្ងៃ​ចន្ទទី​​១កញ្ញា ចំនួន​មនុស្សស្លាប់មានប្រមាណ ៨០០នាក់ និង​មានមនុស្សរបួសយ៉ាងហោច២៨០០នាក់​។ ចំនួនមនុស្សស្លាប់និងរបួស នឹងកើនឡើងលើសនេះទៀត ខណៈក្រុម​សង្គ្រោះ​កំពុងស្វះស្វែងរកអ្នកបាត់ខ្លួន​។ ក្នុងរូបភាពវីដេអូ បង្ហាញឲ្យឃើញ​ផ្ទះសំបែងប្រជាជនបាក់រលំ ដែលភាគច្រើនសង់ពី​ឈើនិងដី ដ៏​ផុយស្រួយជាទី​បំផុត។ តំបន់រងគ្រោះដែលជាតំបន់ភ្នំដាច់ស្រយាល មិន​សូវ​មានផ្លូវ​ថ្នល់​ អាជ្ញាធរតាលីបង់បានប្រើឧទ្ថម្ភាគចក្រដើម្បីដឹកអ្នករបួស និងជម្លៀសមនុស្ស​ ដែលជាកត្តាមួយ​បង្កការយឺតយ៉ាវបន្ថែមទៀត ដល់​ប្រតិបត្តិ​ការសង្គ្រោះ​។

គួរបញ្ជាក់ថា អាហ្វហ្កានីស្ថាន មានទីតាំងស្ថិតនៅក្បែរចំណុចប្រសព្វ ​រវាង​ស្រទាប់ទ្វីបអឺរ៉ាស៊ី និងស្រទាប់ឧបទ្វីបឥណ្ឌា ដែលធ្វើ​ឲ្យ​ប្រឈមនឹងគ្រោះរញ្ជួយដី​។ បូកបន្ថែម​នឹងហេដ្ឋារចនាសម្ព័ន្ធ​មិនរឹងមាំ ឆ្លើយតបទៅនឹងស្តង់ដារ​រញ្ជួយដីទៀតនោះ បានធ្វើ​មានមនុស្ស​ស្លាប់ច្រើននាក់នៅក្នុងពេលមានករណី​រញ្ជួយដីម្តងៗ។ កាលពីខែតុលា​​ឆ្នាំ​២០២៣ គ្រោះរញ្ជួយដីកម្រិត ៦,៣រិចទែរ ​នៅតំបន់ Hérat ភាគខាងលិចប្រទេស​​ក្បែរព្រំដែន​អ៊ីរ៉ង់ បានផ្តាច់ជីវិតមនុស្ស​ជាង​១៥០០នាក់ និងបានកម្ទេចផ្ទះសំបែងប្រមាណ​៦៣០០០ខ្នង​។

សូមបញ្ជាក់ដែរថា បន្ទាប់ពីក្រុមអ៊ីស្លាមជ្រុលនិយម តាលីបង់​ បានត្រលប់​មកកាន់អំណាច​នៅអាហ្វហ្កានីស្ថាន អង្គការ​ក្រៅរដ្ឋាភិបាល​​ និង​ស្ថាប័នមនុស្ស​ធម៌​អន្តរជាតិ បានដ​កខ្លួនចេញជាបន្តបន្ទាប់។ បេសកកម្ម​អង្គការសហប្រជាជាតិប្រចាំអាហ្វហ្កានីស្ថាន បានបង្ហាញការព្រួយបារម្ភជាខ្លាំង ខណៈតម្រូវ​ជំនួយមនុស្ស​ធម៌​កាន់តែអាសន្ន​ឡើង ក្រោយ​គ្រោះ​រញ្ជួយដី​នេះ​។ មុននឹងរងគ្រោះរញ្ជួយដី ខេត្ត Nangarhar បានរងគ្រោះដោយគ្រោះទឹកជំនន់​រួចទៅហើយ កាលពីសប្តាហ៍​កន្លងទៅ។ គ្រោះទឹកជំនន់ ដែល​បានផ្តាច់ជីវិត​មនុស្ស​៥នាក់ បំផ្លាញ​ផ្ទះសំបែង និងដំណាំ​កសិផល​យ៉ាងសន្ធឹកសន្ធាប់។ ផ្អែកតាម​ធនាគារពិភពលោក ក្នុងចំណោម​ប្រជាជនអាហ្វហ្កានីស្ថានចំនួន៤៥លាននាក់ មាន​ពាក់​កណ្តាលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ​៕

Nº.0975

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top