ក្នុងបរិបទសង្គ្រាមពាណិជ្ជកម្ម ចិនមានកំណើនសេដ្ឋកិច្ចល្អជាងការរំពឹង
ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥៖
អាជ្ញាធរចិននឹងចេញសេចក្តីប្រកាសផ្លូវការបញ្ជាក់អំពីលទ្ធផលនៃកំណើនសេដ្ឋកិច្ចប្រចាំត្រីមាសទីពីរនៅសប្តាហ៍ក្រោយ។ ប៉ុន្តែបើតាមក្រុមអ្នកវិភាគ ទោះបីជាមានសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក និងសេចក្តីត្រូវការក្នុងស្រុកមិនសូវល្អក៏ដោយក៏សេដ្ឋកិច្ចចិននៅតែបន្តមានកំណើនប្រមាណ ៥%។
ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទីពីរពិភពលោក ចិនប្រឹងរកគ្រប់វិធីដើម្បីជំរុញកំណើនសេដ្ឋកិច្ចឱ្យស្ថិតនៅប្រមាណ៥% ក្នុងឆ្នាំ២០២៥។ ជាកម្មវត្ថុប្រកបដោយមហិច្ឆតាខ្លាំងដែលពិបាកសម្រេចបានណាស់ក្នុងបរិបទនៃសង្គ្រាមពាណិជ្ជកម្មបង្កឡើងដោយអាមេរិករបស់លោកត្រាំ។ ក៏ប៉ុន្តែ បើតាមការព្យាករណ៍របស់ក្រុមអ្នកវិភាគ ផលិតផលសរុបក្នុងស្រុករបស់ចិននៅតែមានកំណើនល្អប្រមាណ ៥,២% នៅត្រីមាសទីពីរ ទល់នឹង៥,៤%នៅត្រីមាសទីមួយ។ សេដ្ឋកិច្ចចិនមានតួលេខល្អលើសការរំពឹងទុកនេះ ដោយសារតែឥទ្ធិពលបញ្ច្រាសនៃសង្គ្រាមពាណិជ្ជកម្មដែលបានជំរុញឱ្យការនាំចេញចិនមានសកម្មភាពខ្លាំង និងនយោបាយទ្រទ្រង់ការចាយក្នុងស្រុករបស់រដ្ឋាភិបាល។
នៅខែមេសា ខែដែលលោកដូណាល់ត្រាំបានប្រកាសដំឡើងពន្ធដ៏ខ្ពស់មហិមារលើផលិតផលនាំចូលពីចិន ការនាំចេញរបស់ចិនមានសកម្មភាពខ្លាំងល្អជាពិសេសតែម្តង។ ក្រុមហ៊ុនចិនបានបង្កើនការនាំចេញ និងបំប៉ោងការបញ្ជាទិញ ជាវិធានការបង្ការឱ្យបានមុនការដំឡើងពន្ធអាមេរិកចូលជាធរមាន។ នៅពាក់កណ្តាលខែមិថុនា ចិន និងអាមេរិកបានព្រមព្រៀងដោះស្រាយជម្លោះពាណិជ្ជកម្ម។ ភាពស្វាហាប់នៃការនាំចេញរបស់ចិននេះបានលើកទឹកចិត្តឱ្យធនាគារសើរើ និងដំឡើងការព្យាករកំណើនសេដ្ឋកិច្ច។ នេះបើតាមការពន្យល់របស់សេដ្ឋវិទូ ដោយរំឭកអំពីហានិភ័យមានកំណើនសេដ្ឋកិច្ច ចុះទាប នៅ៦ខែខាងមុខ។
អ្នកវិភាគរបស់វិទ្យាស្ថានវាយតម្លៃហានិភ័យឈ្មោះ Moody’s Analytics អ្នកស្រី Sarah Tan បានអះអាងថា ពាណិជ្ជកម្មក្រៅប្រទេសមិនអាចបំពេញភាពទន់ខ្សោយនៃសេចក្តីត្រូវការក្នុងស្រុកបានទេ។ បើគ្មានការកែទម្រង់ស៊ីជម្រៅសម្រាប់ពង្រឹងចំណូល និងទំនុកចិត្តពលរដ្ឋទេ កំណើនសេដ្ឋកិច្ចអាចនឹងបាត់បង់សន្ទុះនៅឆមាសទីពីរ។ តាំងពីប៉ុន្មានខែចុងក្រោយមកនេះ រដ្ឋចិនបានចេញវិធានការបំប៉នលទ្ធភាពចាយវាយ តាមរយៈកម្មវិធីផ្តល់ជំនួយឧបត្ថម្ភសាធារណៈ ក្នុងការទិញផ្ទះ។ ប៉ុន្តែសម្រាប់អ្នកវិភាគសេដ្ឋកិច្ចដដែលនេះ ផែនការផ្តល់ជំនួយឧបត្ថម្ភជាដំណោះស្រាយបណ្តោះអាសន្នទេ។
ចំណែកផែនការផ្តល់សន្ទុះទ្រង់ទ្រាយធំប្រកបដោយមហិច្ឆតានយោបាយដើម្បីគេចផុតពីកងបរិត្តផរណាបច្ចុប្បន្ន ទំនងគ្មានថ្ងៃចេញជារូបរាងឡើយ ដរាបណាការនាំចេញនៅស្វាហាប់រឹងមាំនោះ។ នេះបើតាមការវិភាគរបស់សេដ្ឋវិទូនៅវិទ្យាស្ថានMacquarie ដោយសន្និដ្ឋានសរុបថា ប្រមុខដឹកនាំចិនចង់ត្រឹមសម្រេចកម្មវត្ថុមានកំណើនសេដ្ឋកិច្ចម្តុំ ៥% និងមិនឱ្យលើសពីនេះទេ៕
Nº.0843