វៀតណាមគ្រោងហាមឃាត់ការជិះម៉ូតូក្នុងក្រុងដើម្បីកាត់បន្ថយផ្សែងពុលបរិយាកាស

7News

វៀតណាមគ្រោងហាមឃាត់ការជិះម៉ូតូក្នុងក្រុងដើម្បីកាត់បន្ថយផ្សែងពុលបរិយាកាស

ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥៖

វៀតណាមចង់បិទបញ្ចប់ការប្រើប្រាស់ម៉ូតូដែលបញ្ចេញផ្សែងពុល។ ដើម្បីសម្រេចកម្មវត្ថុកាត់បន្ថយផ្សែងបំពុលបរិយាកាស រដ្ឋាភិបាលវៀតណាមគ្រោងនឹងហាមឃាត់មិនឱ្យទោចក្រយានយន្តដើរដោយប្រេងសាំង ឬម៉ាហ្សូតធ្វើចរាចរណ៍ក្នុងក្រុងហាណូយចាប់ពីខែកក្កដា ឆ្នាំ២០២៦ទៅ។

ជាលទ្ធផលនៃសន្ទុះកំណើនសេដ្ឋកិច្ច និងកំណើនជីវភាពប្រជាជនដ៏លឿនរហ័ស របស់វៀតណាម ដែលកាលពី៣០ឆ្នាំមុនក្រីក្រ មានតែកង់ រដ្ឋធានីហាណូយបច្ចុប្បន្ន កំពុងក្លាយជាក្រុងដ៏ចង្អៀតណែនកកស្ទះចរាចរណ៍ស្ទើរជារៀងរាល់ថ្ងៃដោយយានយន្តច្រើនពេក។ ក្រុងហាណូយដែលមានប្រជាជនជាង៨លាននាក់ ម៉ូតូជាង៧លានគ្រឿង និងឡានជាង១លានគ្រឿង តែងរងខ្យល់ពុល ក្នុងអត្រាធាតុល្អិត​២,៥PMខ្ពស់គួរជាទីអាសន្ន ជាញឹកញយ និងបានក្លាយជាក្រុងដែលពុលខ្លាំងជាងគេបំផុតមួយនៅលើពិភពលោក។

ដូច្នេះដើម្បីកាត់បន្ថយផ្សែងពុលក្នុងបរិយាកាស រដ្ឋាភិបាលវៀតណាម​គ្រោងនឹងហាមឃាត់មិនឱ្យទោចក្រយានយន្ត (ម៉ូតូឬ scooter) ធ្វើចរាចរណ៍ក្នុងក្រុងទៀតទេចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ទៅ។ នៅក្នុងសារាចរណ៍ណែនាំលេខ២០ ចេញថ្ងៃទី១២ កក្កដា ២០២៥ នាយករដ្ឋមន្ត្រីវៀតណាមបានស្នើសុំឱ្យគណៈកម្មាធិការប្រជាជនក្រុងហាណូយ ចាប់រកដំណោះស្រាយ និងអនុវត្តតាមវិធានការរបស់រដ្ឋាភិបាលធ្វើយ៉ាងណាឱ្យស្ថាប័ន និងប្រជាពលរដ្ឋប្តូរផ្លូវ ប្តូរទម្លាប់ឈប់ប្រើម៉ូតូឯកជន ដែលចាក់សាំង ឬម៉ាហ្សូតចូលដល់តំបន់កណ្តាលក្រុង គិតត្រឹមផ្លូវខ្សែក្រវ៉ាត់ក្រុងជុំទីមួយ។ ការហាមឃាត់ចរាចរណ៍ម៉ូតូក្នុងក្រុងត្រូវពង្រីកទៅទល់នឹងផ្លូវខ្សែក្រវ៉ាត់ក្រុងទី ២ ចាប់ពីឆ្នាំ២០២៨ ទៅ និងរហូតដល់ផ្លូវខ្សែក្រវ៉ាត់ក្រុងទី ៣ នៅឆ្នាំ២០៣០។

មានពេលតែមួយឆ្នាំប៉ុណ្ណោះសម្រាប់ធ្វើអន្តរកាល អាជ្ញាធរវៀតណាមរំពឹងលើវិធានការ និងដំណោះស្រាយមួយចំនួនដូចជាជំរុញការប្រើប្រាស់យានយន្តអគ្គិសនី។ សាលាក្រុងហាណូយគ្រោងជួយឧបត្ថម្ភជាប្រាក់មួយភាគដល់អ្នកមានអាជ្ញាបណ្ណរកស៊ីដឹកជញ្ជូន ប្រមាណ ៤៥០ ០០០នាក់ ក្នុងការប្តូរទៅប្រើម៉ូតូអគ្គិសនី។ ដើម្បីសម្រេចកម្មវត្ថុនេះ វៀតណាមសង្ឃឹមផងដែរលើការអភិវឌ្ឍមធ្យោបាយដឹកជញ្ជូនសាធារណៈ។

ហាណូយមានបណ្តាញរថយន្តក្រុង ១០ខ្សែ និងរថភ្លើងក្រោមដី (មេត្រូ) ចំនួន ២ខ្សែហើយ។ ដោយមានជំនួយពីបារាំង វៀតណាមគ្រោងនឹងពង្រីកខ្សែមេត្រូនេះទៅកាន់តំបន់ជាយក្រុងខាងលិចដែលអាចចូលរួមកាត់បន្ថយចរាចរណ៍លើផ្លូវថ្នល់ផង និងជាជម្រើសថ្មីដ៏ល្អប្រពៃសម្រាប់បរិស្ថានជាងប្រើម៉ូតូចាស់ស៊ីសាំងបំពុលបរិយាកាស។

ប៉ុន្តែសេចក្តីសម្រេចរបស់រដ្ឋាភិបាលបានកន្ទ្រាក់មតិសាធារណៈយ៉ាងខ្លាំង ព្រោះវិធានការនេះប៉ះពាល់ដោយផ្ទាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាច្រើនលាននាក់ផង និងជារបត់ថ្មីដ៏ស្មុគស្មាញសម្រាប់អាជ្ញាធរក្នុងការចាត់វិធានការហាមឃាត់មិនឱ្យម៉ូតូចូលកណ្តាលក្រុងផង។ តាមការពិត គម្រោងរបស់រដ្ឋាភិបាលមានអាយុជិត១០ឆ្នាំហើយ ដោយគ្រោងហាមឃាត់បន្តិចម្តងៗមិនឱ្យទោចក្រយានយន្តធ្វើចរាចរណ៍ក្នុងក្រុងត្រង់សង្កាត់ខ្លះ ហើយហាមឃាត់ទាំងស្រុងចាប់ពីឆ្នាំ២០៣០ទៅ។ ប៉ុន្តែរដ្ឋាភិបាលបានប្តូរចិត្ត ពន្លឿនការហាមឃាត់ទាំងស្រុងចាប់ពីឆ្នាំ២០២៦ តែម្តង។ ហេតុដូច្នេះហើយបានជាអ្នកបើកបរខ្លះរន្ធត់ចិត្តខ្លាំងនៅពេលបានឮសេចក្តីប្រកាសរបស់រដ្ឋាភិបាល៕

Nº.0862

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top