ម៉ាឡេស៊ី រឹតត្បិតការនាំចេញបន្ទះឈីប AI ផលិតនៅអាមេរិក ពីប្រទេសរបស់ខ្លួនទៅចិន
ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥៖
រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសនៅថ្ងៃចន្ទ ទី១៤ កក្កដា អំពីការដាក់កំហិតនាំចេញបន្ទះឈីប AI ទំនើបចុងក្រោយ ផលិតនៅសហរដ្ឋអាមេរិក ដោយតម្រូវឲ្យមានលិខិតអនុញ្ញាតិ ជាមុនសិន។ វិធានការរបស់អាជ្ញាធរម៉ាស៊ី ធ្វើឡើងដើម្បីទប់ស្កាត់រាល់ការនាំចេញខុសច្បាប់នៃបន្ទះឈីប AI អាមេរិក ពីប្រទេសរបស់ខ្លួន ទៅប្រប្រទេសដទៃ ជាពិសេស ប្រទេសចិន ព្រោះខ្លាចក្រែងរដ្ឋាភិបាលវ៉ាស៊ីនតោនឈប់លក់បន្ទះឈីប AI ឲ្យប្រទេសរបស់ខ្លួន។
នៅម៉ាឡេស៊ី ក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មបានប្រកាសក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃ ចន្ទ ទី១៤ កក្កដា អំពីការដាក់កំហិតរាល់ការដឹកជញ្ជូនបន្ទះឈីប AI ទំនើបចុងក្រោយ ផលិតនៅសហរដ្ឋអាមេរិក ឆ្លងកាត់ប្រទេសរបស់ខ្លួន ទៅប្រទេសចិន។ សម្រាប់រាល់ការនាំចេញ និងការដឹកជញ្ជូនទំនិញណាមួយដែលមិនបានចុះក្នុងបញ្ជីទំនិញយុទ្ធសាស្តរបស់ម៉ាឡេស៊ី គឺតម្រូវឲ្យមានលិខិតអនុញ្ញាតិពាណិជ្ជកម្ម ហើយត្រូវផ្តល់ដំណឹងជូនអាជ្ញាធរម៉ាឡេស៊ី ឲ្យបានមុន ៣០ថ្ងៃ ជាកំហិត។ អាជ្ញាធរម៉ាឡេស៊ីក៏បានសង្កត់ធ្ងន់ថា បើសិនជា បុគ្គល ឬក្រុមហ៊ុនណាមួយ ល្មើសនឹងបទបញ្ញត្តិនេះ នឹងត្រូវប្រឈមមុខនឹងវិធានការផ្លូវច្បាប់ដ៏តឹងរឹងបំផុត។
ការដាក់ចេញវិធានការដ៏តឹងរឹងរបស់រដ្ឋាភិបាលម៉ាឡេស៊ី គឺដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនបន្ទះឈីប AI របស់អាមេរិក ដោយខុសច្បាប់ ឆ្លងកាត់ទឹិកដីម៉ាឡេស៊ី ចូលទៅប្រទេសចិន ពីព្រោះខ្លាចក្រែងអាមេរិកផ្អាកការផ្គត់ផ្គង់បន្ទះឈីប AI ដល់ប្រទេសខ្លួន។
កាលពីខែមិថុនា កន្លងទៅ អាជ្ញាធរម៉ាឡេស៊ីបានបញ្ជាក់ថា រដ្ឋាភិបាលរបស់ខ្លួនកំពុងពិនិត្យមើលព័ត៌មាន ពាក់ព័ន្ធនឹងក្រុមហ៊ុនចិនមួយបានពង្វាងការរឹតបន្តឹងការនាំចេញបន្ទះឈីប AI របស់សហរដ្ឋអាមេរិក ដោយប្រើបណ្តាញ Serveurs ដំណើរការដោយបន្ទះឈីប AI របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក NVIDIA នៅក្នុងប្រទេសម៉ាឡេស៊ី។
ដោយឡែក សារព័ត៌មាន Wall Street បានបញ្ជាក់ ថាមានវិស្វករជនជាតិចិនមួយចំនួនបានធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី កាលពីខែមីនា ដើម្បីលួចយកទិន្នន័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ពីមជ្ឈមណ្ឌលស្តុកទិន្នន័យ ដែលប្រើបន្ទះឈីប AI របស់ក្រុមហ៊ុន NVIDIA។ ក្រុមវិស្វករចិនទាំងនោះគ្រោងនាំយកទិន្នន័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ទៅប្រទេសចិន។
ចំណែកឯ សាព័ត៌មានអង់គ្លេស The Financial Times បានឲ្យដឹងថា ប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ កំពុងរឹតបន្តឹងច្បាប់ស្តីអំពី ឧបករណ៍សម្ភារៈបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ សឺមីកុងឌុចទ័រ ដើម្បីទប់ស្កាត់ការនាំចេញបន្ទះឈីប AI អាមេរិក ពីប្រទេសរបស់ខ្លួន ទៅប្រទេសចិន ក្រោមសម្ពាធរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ រដ្ឋាភិបាលម៉ាឡេស៊ី ក៏ធ្លាប់បានស៊ើបអង្កេតអំពីបណ្តាញនាំចេញបន្ទះឈីប AI ខុសច្បាប់ ជាមួយនឹងប្រទេសសិង្ហបុរី ពីព្រោះសិង្ហបុរីអាចមានបន្ទះឈីប AI ទំនើបចុងក្រោយ ផលិតនៅសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា នៅបុ៉ន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានខិតខំរឹតបន្តឹងការនាំចេញបន្ទះឈីប AI ទំនើបចុងក្រោយរបស់ខ្លួន ទៅប្រទេសចិន ដោយបានលើកឡើងពីការព្រួយបារម្ភ ខ្លាចក្រែងចិនយកបន្ទះឈីបនេះ បម្រើក្នុងវិស័យយោធា ហើយអាមេរិកចង់រក្សាដំណែងជាប្រទេសឈានមុខគេ ក្នុងវិស័យបញ្ញាសិប្បនិម្មិត។
Nº.0849