ក្រុមហ៊ុនSpaceX បាញ់បង្ហោះរ៉ុកកែត Starship ផ្ទុះបរាជ័យ
ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥៖
ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះយានរ៉ុកកែតអវកាស Starship នៅយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ ទី១៩មិថុនា តែបរាជ័យដោយផ្ទុះនិងបង្កជាភ្លើងផ្សែងយ៉ាងសន្ធោសន្ធៅក្នុងរដ្ឋតិចសាស់។ ក្នុងការបាញ់សាកល្បងរ៉ុកកែតអវកាសនេះ លោក អេឡុន ម៉ាស្ក៍ (Elon Musk) ម្ចាស់ក្រុមហ៊ុន SpaceX មានក្តីស្រមៃ និងមហិច្ឆតាចង់បញ្ចូនមនុស្សទៅភពព្រះអង្គារ។
កាលពីខែឧសភា តួរ៉ុកកែតកំណាត់ទីមួយ (Super Heavy Booster) យាន Starship បានផ្ទុះ មុននឹងត្រឡប់ ចុះមកផែនដី។ ពេលនេះទៀត ក្រុមហ៊ុន SpaceX បាញ់បង្ហោះរ៉ុកកែត Starship ផ្ទុះបរាជ័យ និងបង្កឲ្យមានភ្លើងផ្សែងឆេះយ៉ាងសន្ធោសន្ធៅនៅមូលដ្ឋានបាញ់រ៉ុកកែត។ ការបាញ់បង្ហោះសាកល្បងនេះ បានធ្វើឡើងនៅម៉ោងប្រមាណ ១១យប់ ថ្ងៃពុធ ទី១៨ មិថុនា ចេញមូលដ្ឋានទីតាំងរ៉ុកកែតអវកាស Starbase របស់ក្រុមហ៊ុន SpaceX ស្ថិតនៅភាគខាងត្បូងរដ្ឋតិចសាស់ជាប់នឹងឈូងសមុទ្រម៉ិកស៊ិក។
ក្រុមហ៊ុន SpaceX បានទទួលស្គាល់ហេតុការណ៍ផ្ទុះមិនប្រក្រតីរបស់ Starship តែបាន បញ្ជាក់ថា គ្មានប៉ះពាល់ដល់បរិវេណក្បែរនោះ និងគ្មានបង្កគ្រោះថ្នាក់ដល់មនុស្ស ឡើយ។ អាជ្ញាធរមូលដ្ឋានក៏បញ្ជាក់ស្រដៀងគ្នាដែរថាគ្មានអ្នករបួស និងបានប្រកាសបន្ថែមបើកការស៊ើបអង្កេតជាបន្ទាន់ដើម្បីរកមើលហេតុផលពិតប្រាកដ ។
នៅពេលភ្លាមៗ គេនៅមិនទាន់អាចវាយតម្លៃពីទំហំនៃការខូចខាត និងផលប៉ះពាល់បាននៅឡើយទេ ហើយក៏មិនទាន់ដឹងថា ភាពបរាជ័យនេះនឹងជះផលវិបាកយ៉ាងដូចម្តេចចំពោះគម្រោងអវកាសរបស់ SpaceX នោះដែរ។ ក៏ប៉ុន្តែ លោក អេឡុន ម៉ាស្ក៍ ចៅកែក្រុមហ៊ុន SpaceX បានអញ្ជើញទៅដល់កន្លែងទីតាំងបាញ់រ៉ុកកែត នៅថ្ងៃព្រហស្បតិ៍ ទី១៩ មិថុនា និងបានប្រកាសយ៉ាងខ្លីថា គ្មានបញ្ហាអ្វីធំដុំឡើយ។ លោក អេឡុន ម៉ាស្ក៍ ធ្លាប់បាននិយាយកន្លងមកថា ការបរាជ័យភ្លាមៗក្នុងពេលបាញ់បង្ហោះក៏អាចឲ្យគេទទួលបានមេរៀនភ្លាមៗដែរ។
ទោះជាយ៉ាងនេះក្តី បរាជ័យក្នុងការបាញ់បង្ហោះ Starship ពេលនេះ បានបណ្តាលឲ្យមានមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល ជាពិសេសប្រជាជនរស់នៅរដ្ឋតិចសាស់។ ពលរដ្ឋអាមេរិកបានចោទសួរអំពីបញ្ហាសុវត្ថិភាព និងបរិស្ថាននៅក្នុងគម្រោងបាញ់សាកល្បងរ៉ុកកែតរបស់មហាសេដ្ឋី អេឡុន ម៉ាស្ក៍។
គួររម្លឹកដែរថា អាជ្ញាធរសហព័ន្ធគ្រប់គ្រងអាកាសចរណ៍អាមេរិក (FAA) បានចេញសេចក្តីអនុញ្ញាតផ្តល់សិទ្ធិឲ្យក្រុមហ៊ុន SpaceX អាចបាញ់សាកល្បងបាញ់រ៉ុកកែតអវកាសចំនួនច្រើនជាងមុន ពោលពី ៥ ដង ទៅ ២៥ ដងក្នុងមួយឆ្នាំ និងថា ការបាញ់រ៉ុកកែតញឹកបែបនេះ ក៏មិនប៉ះពាល់ដល់បរិស្ថាននោះដែរ។
ការលើកឡើងរបស់អាជ្ញាធរសហព័ន្ធគ្រប់គ្រងអាកាសចរណ៍អាមេរិកដូចនេះបានធ្វើឡើងក្នុងខែឧសភា ពោលគឺ មុនពេលដែលលោក អេឡុន ម៉ាស្ក៍ ដកខ្លួនចេញពីក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល ដោយរឹតត្បិត និងកាត់បន្ថយការចំណាយ ហៅកាត់ថា DOGE ហើយ មុនពេលដែលលោក អេឡុន ម៉ាស្ក៍ ឈ្លោះទាស់ទែងពាក្យសម្តីជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន។
គួរជ្រាបថា Starship របស់ក្រុមហ៊ុន SpaceX ជារ៉ុកកែតអវកាសដែលមានកម្លាំងដ៏ខ្លាំងបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តអវកាស។ មានប្រវែង ១២៣ ម៉ែត្រ Starship ជារ៉ុកកែតវែងជាងគេបំផុតក្នុងលោក និងមានកម្លាំងខ្លាំងជាងរ៉ុកកែត SLS ក្នុងគម្រោងអារតេមីស (Artemis program) របស់ក្រុមហ៊ុនណាសា (NASA) សព្វថ្ងៃ និងខ្លាំងជាងរ៉ុកកែតធុន Saturn V ក្នុងគម្រោងអាប៉ូឡូ (Apollo) ជំនាន់ទសវត្សរ៍ ១៩៦០ និង១៩៧០ ទៅទៀត៕
Nº.0790