ទំនងជា គ្មានអ្នកនៅរស់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះឥណ្ឌាមួយគ្រឿងដឹកអ្នកដំណើរជាង ២៤០នាក់
ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥៖
មានគ្រោះថ្នាក់យន្តហោះមួយគ្រឿងនៅជិតអាកាសយានដ្ឋានក្រុងអាម៉េដាបាត (Ahmedabad) រដ្ឋគូចារ៉ាត់ (Gujarat) ស្ថិតប៉ែកពាយ័ព្យប្រទេសឥណ្ឌា។ នៅពេលភ្លាមៗ នគរបាលឥណ្ឌា បញ្ជាក់ថា អ្នកជិះនៅក្នុងយន្តហោះទាំងអស់នោះ ទំនងជា ស្លាប់ទាំងអស់ ហើយមនុស្សស្នាក់នៅក្នុងអគារដែលយន្តហោះធ្លាក់ចំក៏មានស្លាប់ និងរបួសជាច្រើននាក់ដែរ។
យន្តហោះធ្លាក់នៅប៉ែកពាយ័ព្យប្រទេសឥណ្ឌាជាប្រភេទយន្តហោះ Boeing 787 Dreamliner និងជារបស់ក្រុមហ៊ុនអាកាសចរណ៍ Air India។ ចេញដំណើរ នៅថ្ងៃទី១២ មិថុ នា វេលាម៉ោង ១ និង៣៩នាទីរសៀលម៉ោងនៅស្រុកឥណ្ឌា តែយន្តហោះនោះហោះហើរបានតែប្រមាណនាទីប៉ុណ្ណោះក៏ស្រាប់ជួបគ្រោះថ្នាក់ធ្លាក់មកវិញ ពោលគឺធ្លាក់នៅត្រង់ចំណុចមិនឆ្ងាយប៉ុន្មានពីអាកាសយានដ្ឋានក្រុង អាម៉េដាបាត (Ahmedabad)។ ដោយមិនទាន់អាចប្រាប់លម្អិតពីហេតុការណ៍គ្រោះថ្នាក់ អគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិលឥណ្ឌា គ្រាន់តែបានផ្តល់តម្រុយជាបឋមប្រាប់សារព័ត៌មានក្នុងស្រុកថា ពេលយន្តហោះចេញដំណើរបានបន្តិច មិនដឹងជាមានហេតុការណ៍ ឬបញ្ហាអ្វីទេ ក៏ស្រាប់តែមានសំឡេងមួយក្នុងបណ្តាញទាក់ទងដោយស្រែកក្នុងសំឡេងរន្ធត់ផងថា «ចេញពីគន្លងយន្តហោះហើយ»។ គ្រាន់ឮតែប៉ុណ្ណឹងស្រាប់តែយន្តហោះនោះបានធ្លាក់នៅប៉ុន្មាន វិនាទីបន្ទាប់មក។
ជើងហោះហើរ Air India 171 ដែលជួបគ្រោះថ្នាក់នេះមានគោលដៅឆ្ពោះទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដោយមានផ្ទុកមនុស្សចំនួន ២៤២ នាក់។ ក្រៅពីអ្នកបើកបរ ២នាក់ និងបុគ្គលិកបម្រើការក្នុងយន្តហោះចំនួន ១០នាក់ គឺមានអ្នកដំណើរជនជាតិឥណ្ឌា ១៦៩នាក់ អង់គ្លេស ៥៣នាក់ ព័រទុយហ្កាល់ ៧ នាក់ និងកាណាដាម្នាក់។ «មនុស្សទាំងអស់នៅលើយន្តហោះនោះ ទំនង ជា បានស្លាប់ទាំងអស់ ដោយគ្មាននរណាម្នាក់នៅរស់រានមានជីវិតឡើយ»។ នេះបើតាមការអះអាងរបស់អគ្គស្នងការប៉ូលិសក្រុង Ahmedabad លោក GS Malik។ លោក GS Malik បានបន្ថែមទៀតថា មនុស្សស្លាប់ និងរបួសមានចំនួនច្រើននាក់ទៀត ដោយសារតែយន្តហោះធ្លាក់សង្កត់ និងឆេះលើអគារស្នាក់នៅ។
សាក្សីនៅកន្លែងកើតហេតុបានប្រាប់អ្នកសារព័ត៌មានថា យ៉ាងហោចមានខូចខាតអគារចំនួន ៣។ អគារទាំងនោះ រួមមានអន្តេវាសិកដ្ឋានរបស់និស្សិតពេទ្យ និងកន្លែងស្នាក់នៅក្រុមគ្រួសារគ្រូពេទ្យ ព្រមទាំងអាហារដ្ឋាន។ បើតាមសាក្សីនៅកន្លែងកើតហេតុ ក្រោយយន្តហោះធ្លាក់លើអគារ គឺមានមនុស្សខ្លះខំប្រឹងលោតចុះពីអគារតាំងពីជាន់ទី២ និងទី៣ មក។
បន្ទាប់ពីគ្រោះថ្នាក់ធ្លាក់យន្តហោះនេះ ទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីងធ្លាក់ចុះយ៉ាងគំហុកនៅទីផ្សារភាគហ៊ុន Wall Street ក្នុងក្រុងញូវយ៉ក។ ទន្ទឹមនឹងនេះ អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ Air India លោក Campbell Wilson បានប្រកាសបើកចំហផ្តល់ព័ត៌មានដែលចាំបាច់ និងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងក្រុមអ្នកជំនាញស៊ើបអង្កេត តែលោកក៏បញ្ជាក់ថា ដំណើរការស៊ើបអង្កេតគ្រោះថ្នាក់ធ្លាក់យន្តហោះនេះច្បាស់ជាត្រូវស៊ីពេលយូរជាពុំខាន។
នាយករដ្ឋមន្ត្រីអង់គ្លេស គៀរ ស្តាមឺរ អះអាងថា លោកតាមដានការវិវត្តស្ថានការណ៍សោកនាដកម្មនេះយ៉ាងកៀកកិតបំផុត។ រដ្ឋាភិបាលអង់គ្លេសក៏បានប្រកាសផ្តល់ជំនួយសហការដោយបញ្ជូនក្រុមអ្នកជំនាញស៊ើបអង្កេតគ្រោះថ្នាក់ធ្លាក់យន្តហោះឲ្យទៅជួយស៊ើបអង្កេតនៅឥណ្ឌា។ មហាក្សត្រអង់គ្លេស ព្រះអង្គម្ចាស់ ឆាលស៍ ទី៣ ក៏មានព្រះរាជបន្ទូលថា ទ្រង់ស្លុតរន្ធត់ជាខ្លាំងក្រោយទទួលដំណឹងដ៏ទុក្ខសោក។ ក្រៅពីការចែករំលែកទុក្ខព្រួយជាមួយក្រុមគ្រួសារជនរងគ្រោះ នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី បានបង្ហាញទុក្ខព្រួយតាមបណ្តាញសង្គម X ថា ដំណឹងសោកនាដកម្មនេះធ្វើឲ្យមនុស្សគ្រប់គ្នាស្រឡាំងកាំង និងសោកស្តាយជាទីបំផុត។
ចំណែកប្រទេសប៉ាគីស្ថាន ទោះបីជាទើបតែប៉ះទង្គិចប្រដាប់អាវុធជាមួយឥណ្ឌាកាលពីខែមុននេះក្តីក៏លោកនាយករដ្ឋមន្ត្រី Shehbaz Sharif បានចេញសាររំលែកទុក្ខចំពោះអ្នកស្លាប់ និងជនរងគ្រោះនៅឥណ្ឌា ហើយសម្តែងស្មារតីសាមគ្គីភាពជាមួយគ្រួសារសព៕
Nº.0770