លោក ត្រាំ គំរាម វាយបកវិញ បើអ៊ីរ៉ង់ វាយប្រហារ មូលដ្ឋានយោធាអាមេរិក

7News

លោក ត្រាំ គំរាម វាយបកវិញ បើអ៊ីរ៉ង់ វាយប្រហារ មូលដ្ឋានយោធាអាមេរិក

ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥៖

ជម្លោះប្រដាប់អាវុធ រវាង អ៊ីស្រាអែល និង អ៊ីរ៉ង់ កាន់ តែ រីករាល ដាលខ្លាំង។ អ៊ីរ៉ង់ អះអាង ថា មាន ភស្តុតាង ដែល បញ្ជាក់ ថា សហរដ្ឋ អាមេរិក នៅ ពីក្រោយ ខ្នង នៃការ វាយប្រហារ របស់ អ៊ីស្រាអែលទៅលើ មូលដ្ឋាន យោធា និង នុយក្លេអ៊ែរ អ៊ីរ៉ង់។ ជាការ សងសឹក រដ្ឋអំណាច ក្រុង តេហេរ៉ង់ ក៏ បាន ព្រមាន វាយប្រហារ មូលដ្ឋាន យោធាអាមេរិក នៅ តំបន់ មជ្ឈិមបូព៌ា។ ក៏ប៉ុន្តែ ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ បានគំរាមថា ប្រសិន បើ អ៊ីរ៉ង់ ហ៊ាន ប៉ះពាល់ មូលដ្ឋាន ទ័ពអាមេរិក នោះ កងទ័ព មហាអំណាច យោធា អាមេរិកនឹងសងសឹក អ៊ីរ៉ង់យ៉ាងពេញទំហឹង ។

ថ្ងៃជាប់គ្នា មកហើយ ដែល គូសត្រូវ អ៊ីស្រាអែល និងអ៊ីរ៉ង់ បន្ត វាយប្រហារ ដ្រូន និង បាញ់ ប្លោង មីស៊ីល ដាក់ គ្នាទៅវិញទៅមក។ ក្រៅពី ដៅស៊ីប យោធាអ៊ីរ៉ង់ នៅថ្ងៃអាទិត្យ ទី១៥មិថុនា អ៊ីស្រាអែល បាន វាយប្រហារ លើ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល របស់ អ៊ីរ៉ង់។ អ៊ីរ៉ង់ ចាត់ទុកថា អ៊ីស្រាអែល កំពុងតែ ពង្រីក ភ្លើងសង្គ្រាម។

បើមិន គិត ពី តម្លៃ សម្ភារៈ មាន មនុស្ស ស្លាប់ ច្រើននាក់ តែ រៀងៗខ្លួន។ ភាគី អ៊ីរ៉ង់ ចាប់ពី ថ្ងៃ សុក្រមក មា នស្លាប់ មនុស្ស ពី ៦០នាក់ ទៅ ៨០នាក់ ក្នុងមួយថ្ងៃ ៗ។ ចំណែកភាគីអ៊ីស្រាអែល ស្លាប់មនុស្ស យ៉ាងហោច ១៣ នាក់ និងអ្នករបួសធ្ងន់ធ្ងរ ៩ នាក់។ ឯ អ្នករបួសមធ្យម និងស្រាល ជាង ៣៧០ នាក់ គិតត្រឹមព្រឹកថ្ងៃអាទិត្យ ទី១៥មិថុនា។ នេះបើតាម នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមិន នេតាន់យ៉ាហ៊ូ ដោយសន្យាវាយកម្ទេចគោលដៅសំខាន់ៗ ដែលជាបង្គោលនៃរបបដឹកនាំផ្តាច់ការអ៊ីរ៉ង គ្រប់គ្រងដោយប្រមុខ សាសនា អាលី ខាមេណី។

អាមេរិក ជា សម្ព័ន្ធមិត្ត អ៊ីស្រាអែល និងជា គូ សត្រូវ ចាស់វស្សារប ស់ អ៊ីរ៉ង់។ ម្ល៉ោះឡើយ អ៊ីរ៉ង់ បាន ចោទប្រកាន់រដ្ឋាភិបាល ក្រុង វ៉ាស៊ីនតោន ថា នៅ ពីក្រោយ ខ្នង នៃការ វាយប្រហារ របស់ អ៊ីស្រាអែល ទៅលើ ជំរំ មូលដ្ឋាន យោធា និង ស្ថានីយនុយក្លេអ៊ែរ របស់ ខ្លួន។ រ ដ្ឋអំណាចក្រុងតេហេរ៉ង់ អះអាងទៀត ថា ខ្លួន មានភស្តុតាង ដែល អាច បញ្ជាក់រឿង នេះ ព្រម ទាំង ព្រមានសងសឹកដោយវាយប្រហារមូលដ្ឋានយោធាអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ដូចជា នៅ អ៊ីរ៉ាក់ អារ៉ាប៊ី សាអូឌីត និង ហ្ស័កដានី ។ ក៏ប៉ុន្តែ រដ្ឋាភិបាល អ៊ីរ៉ាក់ ឋិតនៅក្បែរខាងអ៊ីរ៉ង់ បាន ថ្លែង អំពាវនាវក្នុង ថ្ងៃ សៅរ៍ ទី ១៤មិថុនា សូមកុំ ឲ្យ អ៊ីរ៉ង់ វាយប្រហារ ទីតាំង យោធា អាមេរិក ដែល មាន នៅ លើ ទឹកដីខ្លួន។

តាមរយៈ បណ្តាញ សង្គម Trust social ពីទីក្រុងវ៉ាស៊ីនតោន ចៅហ្វាយ សេតវិមាន អាមេរិក ដូណាល់ ត្រាំ បាន កំញើញរដ្ឋអំណាច អ៊ីរ៉ង់ថា ប្រសិនបើអ៊ីរ៉ង់ហ៊ានប៉ះពាល់មូលដ្ឋានទ័ពអាមេរិក មិនថា ធ្វើឡើង ដោយ មធ្យោបាយ ណា១ ក៏ដោយ នោះមហាអំណាច យោធា អាមេរិកនឹងប្រមូល ផ្តុំ កម្លាំង សងសឹក ដោយ វាយ សង្គ្រុប អ៊ីរ៉ង់យ៉ាងពេញទំហឹងតែម្តង។ 

ក្នុង សម្តី បែប ការទូត រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ Abbas Araqchi បាន លើកឡើង បែប កែសម្រួល នៅថ្ងៃអាទិត្យ ទី ១៥មិថុនា ថា  រដ្ឋាភិបាល តេហេរ៉ង់ គ្មាន ចេតនានឹង ពង្រីក ជម្លោះ ទៅដល់ ប្រទេស ជិត ខាង ក្នុង តំបន់ មជ្ឈិម បូព៌ា នោះទេ។ ប្រមុខទូត អ៊ីរ៉ង់ រម្លឹកដែរ ថា ការបាញ់ តបតរបស់ អ៊ីរ៉ង់ គឺគ្រាន់តែ ដើម្បី «ការពារខ្លួន »តែប៉ុណ្ណោះ។

ទោះបីជា យ៉ាងណាក្តី លោកប្រធានាធិបតី អាមេរិក បាន បង្ហាញ ច្រកផ្លូវ សន្តិភាព មួយ ដោយ លើកឡើងថា គេ អាច បញ្ចប់ ជម្លោះ បង្ហូរ ឈាម គ្នា នេះ យ៉ាង ងាយស្រួល បំផុត តាមរយៈ ការ ចុះកិច្ចព្រមព្រៀង រវាង អ៊ីរ៉ង់ និងអ៊ីស្រាអែល។ តែ លោក ដូណាល់ ត្រាំ មិន លម្អិតថា កិច្ចព្រមព្រៀង នោះ មាន លក្ខខណ្ឌ ចែង ម្តេច នោះ ឡើយ។

ខណៈ ពេល នេះ អ៊ីរ៉ង់ហាក់ គ្មាន ជំនឿលើការ ចរចាទេ ដ្បិត ថា រដ្ឋាភិបាលទីក្រុង តេហេរ៉ង់ បាន ប្រកាស លុប ចោល គម្រោង ជួប ចរចាគ្នា ជាថ្មី ក្នុងសំណុំ រឿងកម្មវិធី នុយក្លេអ៊ែរ អ៊ីរ៉ង់ ជាមួយ ភាគី អាមេរិក ដែល គ្រោង ធ្វើ នៅថ្ងៃអាទិត្យ ទី ១៥មិថុនា ក្នុង ប្រទេស អូម៉ង់។ ក្នុង សំណុំ រឿងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់នេះដែរ ប្រទេស បារាំង អាល្លឺម៉ង់ និងអង់គ្លេស បាន ប្រកាសរួម គ្នា ថា ត្រៀម ខ្លួន ជាស្រេច ដើម្បី ជួយ សម្រុះសម្រួល កិច្ច ចរចា ជាបន្ទាន់   និង ដើម្បីសម្រាល ភាព តានតឹង នៅ មជ្ឈិមបូព៌ា។

ក្រោយ ផ្ទុះ ជម្លោះ បីថ្ងៃរួច មក ពួកឧទ្ទាមហ៊ូទីនៅយេម៉ែន ដែល ជា សម្ព័ន្ធមិត្ត ដៃជើងរបស់អ៊ីរ៉ង់ បានប្រកាសសាមគ្គី ភាព ជាមួយ តេហេរ៉ង់ ថា ត្រៀម មីស៊ីល បាលីស្ទិក ជាច្រើនគ្រាប់ សម្រាប់ បាញ់ កម្ទេច ទីតាំង យោធាអ៊ីស្រាអែល នៅឆ្នេរ ហ្សាហ្វហ្វា ( Jaffa ឬ Japho)៕

Nº.0778




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top