លោកត្រាំ ចុះហត្ថលេខាលើបម្រាមថ្មី ហាមមិនឲ្យ១២ប្រទេសក្នុងបញ្ជីហាមឃាត់ធ្វើដំណើរចូលទឹកដីអាមេរិក
ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥៖
ចាប់ពីថ្ងៃចន្ទ ទី៩ មិថុនា ពលរដ្ឋរបស់ប្រទេសចំនួន១២ នឹងលែងមានសិទ្ធិទទួលបានទិដ្ឋាការធ្វើដំណើរទៅសហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ទើបតែចុះហត្ថលេខាលើបម្រាមថ្មី កាលពីថ្ងៃពុធទី ៤មិថុនា ដោយលើកយកព្រឹត្តិការណ៍វាយប្រហារទៅលើក្រុមបាតុករនៅរដ្ឋកូឡូរ៉ាដូ មកធ្វើជាហេតុផលសំខាន់។ យោងតាមអាជ្ញាធរអាមេរិក ការវាយប្រហារដោយប្រើគ្រឿងផ្ទុះទៅលើក្រុមបាតុករជ្វីហ្វកាលពីថ្ងៃអាទិត្យ ទី១ មិថុនាថាជាស្នាដៃរបស់បុរសដើមកំណើតអេហ្ស៊ីបម្នាក់ដែលលួចស្នាក់នៅដោយខុសច្បាប់ក្នុងទឹកដីអាមេរិក។
នៅក្នុងខ្សែវីដេអូខ្លីបង្ហោះនៅលើបណ្តាញសង្គមX កាលពីថ្ងៃពុធទី ៤មិថុនា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានប្រកាសថា លោកទើបចុះហត្ថលេខាលើបម្រាមថ្មីដែលនឹងបិទខ្ទប់ ហាមមិនឲ្យពលរដ្ឋរបស់ប្រទេសចំនួន១២ ធ្វើដំណើរចូលទឹកដីអាមេរិក។ បើតាមសេចក្តីប្រកាសរបស់សេតវិមាន វិធានការថ្មីដែលនឹងចូលជាធរមានចាប់ពីថ្ងៃចន្ទទី ៩មិថុនានឹងប៉ះពាល់ដល់ប្រទេសអាហ្វហ្កានីស្ថាន ភូមា ឆាត សាធារណរដ្ឋកុងហ្គោ ហ្គីណេអេក្វាទ័រ អេរីត្រេ ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។ ចំណែកប្រទេសចំនួន៧ផ្សេងទៀត ដូចជាប៊ូរុនឌី គុយបា ឡាវ សេរ៉ាឡេអូន តូហ្គោ តួមេនីស្ថាន និងវ៉េណេស៊ុយអេឡាស្ថិតក្នុងបញ្ជីរឹតត្បិតការផ្តល់ទិដ្ឋាការចូលទឹកដីអាមេរិក។
ដោយអនុវត្តនយោបាយកណ្តាប់ដៃដែកប្រឆាំងអន្តោប្រវេសន៍ខុសច្បាប់ រដ្ឋបាលដូណាល់ ត្រាំអះអាងថា ប្រទេសដែលជាប់ក្នុងបញ្ជីហាមឃាត់មិនឲ្យធ្វើដំណើរមកទឹកដីអាមេរិកជាប្រទេសដែលគ្មានសមត្ថភាពគ្រប់គ្រងរដ្ឋបាល ប្រទេសដែលគាំទ្រក្រុមភេរវនិយមដូចជាអ៊ីរ៉ង់ជាដើម ឬជាប្រទេសដែលមានពលរដ្ឋរបស់ខ្លួនចូលចិត្តលួចរស់នៅអាមេរិកដោយខុសច្បាប់ បន្ទាប់ពីទិដ្ឋាការទេសចរណ៍ផុតកំណត់។ ប៉ុន្តែនៅក្នុងខ្លីបវីដេអូខ្លីដដែល លោកដូណាល់ ត្រាំបានលើកយកករណីវាយប្រហារនៅរដ្ឋកូឡូរ៉ាដូកាលពីថ្ងៃអាទិត្យ ទី១ មិថុនាថា ជាហេតុផលសំខាន់មួយដែលធ្វើឲ្យលោកសម្រេចចិត្តចាត់វិធានការបិទខ្ទប់សាជាថ្មីដើម្បីការពារសន្តិសុខអាមេរិកពីភេរវជនបរទេស។
ចំពោះលោកត្រាំ បម្រាមកាលពីឆ្នាំ២០១៧ បានជួយឲ្យអាមេរិករួចផុតពីទុក្ខសោក និងមិនរងគ្រោះដោយការវាយប្រហារភេរវកម្មដូចទឹកដីអឺរ៉ុប។ ប្រតិកម្មនឹងចំណាត់ការថ្មីរបស់រដ្ឋបាលអាមេរិកពេលនេះត្រូវបានអ៊ីរ៉ង់ តាមរយៈប្រធានក្រុមប្រឹក្សាអ៊ីរ៉ង់ អាមេរិកខកចិត្ត និងសោកស្តាយ ព្រោះជាចំណាត់ការដែលនឹងធ្វើឲ្យពលរដ្ឋអាមេរិក ជាពិសេសសហគមន៍ជនជាតិអ៊ីរ៉ង់រងគ្រោះមិនអាចជួបជុំគ្រួសារនៅក្នុងឱកាសបុណ្យសំខាន់ៗនៅទឹកដីអាមេរិក។ ដោយឡែក វ៉េណេស៊ុយអេឡាដែលជាប់ក្នុងបញ្ជីរឹតត្បិតរបស់រដ្ឋបាលលោកដូណាល់ត្រាំដែរនោះបានវាយបកខ្លាំងៗ តាមរយៈរដ្ឋមន្រ្តីក្រសួងមហាផ្ទៃដែលថា គឺអាមេរិកដែលគ្រោះថ្នាក់ចំពោះជនបរទេស។ ដូច្នេះប្រជាជនវ៉េណេស៊ុយអេឡាមិនត្រូវធ្វើដំណើរទៅអាមេរិកទេ។
តាមលោក ដូណាល់ ត្រាំ ចំនួនប្រទេសដែលអាចជាប់ក្នុងបម្រាមមិនឲ្យចូលក្នុងទឹកដីអាមេរិកនឹងអាចប្រែប្រួលទៅតាមស្ថានការណ៍ជាក់ស្តែង។ យ៉ាងណាក៏ដោយ វិធានការបិទខ្ទប់មិនផ្តល់ទិដ្ឋាការសម្រាប់ចូលទឹកដីអាមេរិកនឹងលើកលែងដល់ជនបរទេសដែលត្រូវធ្វើដំណើរទៅអាមេរិកក្នុងឱកាសការប្រកួតកីឡាបាល់ទាត់ពិភពលោក នៅឆ្នាំ ២០២៦ និងកីឡាអូឡាំពិកនៅឆ្នាំ២០២៨។ រដ្ឋបាលលោកដូណាល់ត្រាំនឹងលើកលែងផងដែរដល់ជនបរទេសដែលនាំយកប្រយោជន៍មកឲ្យអាមេរិក នោះបើទោះបីជាប្រទេសកំណើតរបស់ជនបរទេសជាប់ក្នុងបញ្ជីបម្រាមរបស់អាមេរិកក្តី៕
Nº.0744