កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង បង្រ្កាបបានជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ
ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥៖
កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយអាវុធហត្ថស្រុកមណ្ឌលសីមា បានបង្រ្កាបឃាត់ខ្លួនក្រុមសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងទទួលផលចោរកម្មដែលជាមុខសញ្ញាសកម្ម។
លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដាក់បទបញ្ជាដល់កម្លាំងរបស់ខ្លួន បើកប្រតិបត្តិការស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនមនុស្សចំនួន៣នាក់ ក្នុងនោះស្រី ១នាក់ ស្ថិតនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពណ៌ក្រហមលាយខ្មៅ គ្មានស្លាកលេខ។
សកម្មភាពចោរលួច និងទទួលផលចោរកម្មនេះ ធ្វើឡើងនៅចំណុចមុខហាងម៉ាស្សាយីហោ យ៉ាងស្ស៊ីន ស្ថិតនៅក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។ លោកលោកវរសេនីយ៍ឯក នួន វុត្ថា មេបញ្ជាការរង ទទួលការងារនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១៥ ខែមិថុនា នេះ ថា វត្ថុតាងដកហូតរួមមាន៖ ១/- ម៉ូតូសរុបចំនួន ០៥គ្រឿង ក្នុងនោះ ម៉ាក HONDA WAVE ចំនួន ០៤គ្រឿង (ស្ថានភាពល្អ ០២គ្រឿង និងស្ថានភាពដោះបំបែក ០២គ្រឿង) ម៉ាក HONDA C125 ចំនួន ០១គ្រឿង (ស្ថានភាពល្អ) ២/. ទូរសព្ទដៃចំនួន ០២ គ្រឿង (ម៉ាកAICAMERA ចំនួន០១គ្រឿង , ម៉ាកIphone ចំនួន ០១គ្រឿង) និងគ្រឿងបំបែកម៉ូតូមួយចំនួនធំ
បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង ៣រូបខាងលើ ត្រូវបានបញ្ជូនទៅតុលាការបន្តអនុវត្តតាមនីតិវិធី។ ទន្ទឹមនោះ មន្រ្តីកងរាជអាវុធហត្ថហត្ថកោះកុង សូមប្រកាសស្វែងរកម្ចាស់ម៉ូតូដែលបាត់ម៉ូតូ សូមមកទំនាក់ទំនងយកម៉ូតូរបស់ខ្លួនត្រឡប់ទៅវិញ ដោយមានភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ៕
Nº.0776