វៀតណាមសម្រេចដំឡើងពន្ធដ៏ច្រើន ដល់ចំនួន ៩០% ចំពោះស្រា ស្រាបៀរ
ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥៖
រដ្ឋសភាវៀតណាម បានអនុម័តច្បាប់ស្តីពីកាតព្វកិច្ចបង់ពន្ធចំពោះក្រុមហ៊ុននិងអ្នកប្រើប្រាស់។ ក្នុងនោះ រដ្ឋសង្គមនិយមវៀតណាម បានសម្រេចដំឡើងពន្ធដ៏ច្រើនសម្បើម រហូតដល់៩០%ក្នុងរយៈពេល ៥ឆ្នាំ ចំពោះស្រា ស្រាបៀរ និងភេសជ្ជៈដែលមានផ្ទុកសារជាតិស្រវឹង។ រដ្ឋាភិបាលទីក្រុងហាណូយ បាន ពន្យល់ថា វិធានការដំឡើងពន្ធ នេះ ដើម្បីគិតគូរដល់សុខុមាលភាពប្រជាជន និងបញ្ជៀសគ្រោះថ្នាក់ផ្សេងៗ។
វៀតណាមសម្រេចដំឡើងពន្ធដ៏ច្រើន ដល់ចំនួន ៩០% ចំពោះស្រា ស្រាបៀរ និងភេសជ្ជៈដែលមានផ្ទុកសារជាតិស្រវឹង។ ច្បាប់នេះជា វិសោធនកម្ម ថ្មីនិងរៀបចំ ដោយ ក្រសួង ហិរញ្ញវត្ថុ វៀតណាម ។ ថ្ងៃសៅរ៍ ទី១៤មិថុនា អ្នកតំណាងរាស្ត្រ ចំនួន ៤៥២ នាក់ បានបោះឆ្នោតឯកភាព ពោលគឺស្មើនឹង ៩៤,៥៦% នៃសំឡេងសមាជិកសភាដែលមានវត្តមាន ក្នុងកិច្ចប្រជុំសភាពេញអង្គ លើកទី១៥ នៃ នីតិកាលទី៩។
ការដំឡើងពន្ធលើគ្រឿងស្រវឹង ស្រា និងស្រាបៀរនៅវៀតណាម ត្រូវធ្វើឡើង ជា ដំណាក់កាល និងនៅតាមចំណុះឯកត្តាផ្សេងៗគ្នា។ ជាក់ស្តែង ច្បាប់ ថ្មី បានចែងថា ចំណីអាហារនិងភេសជ្ជៈដែលមានផ្ទុកសារជាតិស្រាវឹង លើសពី២០% ក្នុង១ឯកត្តា ១ដប ឬ១កំប៉ុង គឺត្រូវជាប់ពន្ធ ចំនួន៦៥% ចាប់ពី ឆ្នាំ២០២៦ ហើយត្រូវបន្តដំឡើងពន្ធបន្ថែម ៥%ទៀត ជារៀងរាល់ឆ្នាំ រហូតដល់ចំនួន ៩០% នៅឆ្នាំ២០៣១។ ផ្ទុយទៅវិញ ប្រសិនបើ ភេសជ្ជៈ ផ្ទុកសារជាតិស្រវឹង តិចជាង២០% ក្នុង១ឯកត្តា ១ ដប ឬ១កំប៉ុង ក៏ត្រូវជាប់ពន្ធដែរ តែត្រឹម៣៥%នៅឆ្នាំ២០២៦ ហើយត្រូវ ដំឡើងជាបន្តបន្ទាប់ ឲ្យដល់៦០% នៅឆ្នាំ២០៣១។
មានប្រជាជន១០០លាននាក់ វៀតណាមជាប់ចំណាត់ថ្នាក់លេខ៧នៅលើពិភពលោក ដែលទទួលទានស្រាបៀរច្រើនជាងគេ។ នេះបើតាមទិន្នន័យឆ្នាំ២០២២ របស់ក្រុមហ៊ុនភេសជ្ជៈជប៉ុន Kirin Holdings។ ទិន្នន័យរបស់ក្រសួងសុខាភិបាលវៀតណាម ក៏ បានបង្ហាញថា យ៉ាងហោច ពលរដ្ឋវៀតណាម ចំនួន ៤១ ០០០ ស្លាប់ជារៀងរាល់ឆ្នាំ ព្រោះតែប្រើប្រាស់សុរាមេរ័យ។
អាស្រ័យហេតុដូច្នេះហើយ ទើបនៅក្នុងឯកសារតម្រង់ទិសសម្រាប់ អនុម័ត ច្បាប់ថ្មី ក្រសួងហិរញ្ញវត្ថុវៀតណាមអះអាងថា វិធានការកំណត់ពន្ធទៅលើការប្រើប្រាស់គ្រឿងស្រាវឹង ស្រា និងស្រាបៀរ នៅពេលនេះ នឹង ចូល រួមចំណែកគិតគូរដល់សុខុមាលភាពរបស់ប្រជាជនវៀតណាម ហើយក្នុងករណីដែលពលរដ្ឋ ទទួលទានគ្រឿងស្រាវឹងជ្រុលហួសកម្រិត បង្កផលវិបាកប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន ប៉ះពាល់ដល់សន្តិសុខនិងសណ្តាប់ធ្នាប់សង្គម។ បើតាមការ អះអាង របស់ ក្រសួងហិរញ្ញវត្ថុដដែល ដើម្បីបញ្ជៀសផលវិបាកទាំងអស់នោះ ការដំឡើងពន្ធក៏ចូលរួមកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងដែរ ។
យន្តការដំឡើងពន្ធលើស្រា ស្រាបៀរ និងគ្រឿងស្រវឹងនេះ បានធ្វើឲ្យឧស្សាហកម្មផលិតភេសជ្ជៈ ធ្លាក់ចុះប្រាក់ចំណូលជាខ្លាំង និងខាតបង់ ប្រាក់ចំណេញ ២៣% នៅឆ្នាំ២០២៤។ នេះបើតាមការវាយតម្លៃរបស់សមាគមវៀតណាមខាង ផលិត ស្រាបៀរ ស្រា និងភេសជ្ជៈ ដោយបញ្ជាក់ទៀតថា ការដំឡើងពន្ធ កាន់តែ នាំឲ្យតម្លៃគ្រឿងស្រវឹងឡើងថ្លៃខ្ពស់ តែមិន ប្រាកដថា វាជួយធ្វើ ឲ្យផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបថនៃអ្នកប្រើប្រាស់នោះឡើយ។
កត់សម្គាល់ឃើញថា ពលរដ្ឋវៀតណាមបានកែប្រែរបៀបផឹកស៊ីគ្រឿងស្រវឹងខ្លះៗដែរ ដោយប្តូរទម្លាប់ មិនសូវ ទៅ ផឹកស៊ីនៅបនបាររង្គសាលក្លិបកម្សាន្តញឹកញាប់ ច្រើនដូចពីមុន ហើយគេបែរមកជួបជុំគ្នាផឹកស៊ីនៅតាមផ្ទះសម្បែងវិញ។
នៅឆ្នាំ២០១៩ រដ្ឋអំណាចវៀតណាមបានអនុម័តច្បាប់កំហិតមិនឲ្យផឹកស្រា និងគ្រឿងស្រាវឹងទាល់តែសោះ “Zero-Alcohol” ចំពោះអ្នកបើកបរយានយន្ត៕
Nº.0775