អ៊ីស្រាអែលបើកការវាយប្រហារទម្លាក់គ្រាប់បែកសាជាថ្មី ប្រមាណ២០លើក ទៅលើទីតាំងយោធាស៊ីរី

7News

អ៊ីស្រាអែលបើកការវាយប្រហារទម្លាក់គ្រាប់បែកសាជាថ្មី ប្រមាណ២០លើក ទៅលើទីតាំងយោធាស៊ីរី

ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥៖

ក្រោយពីអ៊ីស្រាអែលបានវាយប្រហារទម្លាក់គ្រាប់ទៅលើតាំងយោធាស៊ីរីជាច្រើនកន្លែង នៅយប់ថ្ងៃសុក្រ ឈានចូលថ្ងៃសៅរ៍ ទី៣ ឧសភា ប្រេសិតពិសេសអង្គការសហប្រជាជាតិប្រចាំនៅស៊ីរី បានអំពាវនាវឲ្យកងទ័ពអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់រាល់ការវាយប្រហារទៅលើប្រទេសស៊ីរី។ ចំណែកឯ កងទ័ពអ៊ីស្រាអែលវិញបានអះអាងអំពីការដាក់ពង្រាយកងទ័ពរបស់ខ្លួននៅតំបន់ប៉ែកខាងត្បូងប្រទេសស៊ីរី ហើយបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារភូមិរបស់ជនជាតិភាគតិចស៊ីរី Druzes។

នៅវេលាយប់ថ្ងៃសុក្រ ឈានចូលថ្ងៃសៅរ៍ ទី៣ ឧសភា កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារទម្លាក់គ្រាប់បែកសាជាថ្មី ប្រមាណ២០លើក ទៅលើទីតាំងយោធាស៊ីរីជាច្រើនកន្លែង។ ទង្វើរបស់អ៊ីស្រាអែល គឺជាការវាយប្រហារដ៏ហិង្សាបំផុតក្នុងឆ្នាំ២០២៥។ នេះបើយោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ ប្រេសិតពិសេសអង្គការសហប្រជាជាតិប្រចាំនៅស៊ីរី បានថ្កោលទោសចំពោះអំពើហិង្សាឥតឈប់ឈររបស់រដ្ឋាភិបាលអ៊ីស្រាអែល មកលើប្រទេសស៊ីរី។ ប្រសិតពិសេសរូបនេះក៏បានអំពាវនាវឲ្យកងទ័ពអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារនេះជាបន្ទាន់។ ជាមួយគ្នានេះ មេដឹកនាំស៊ីរីថ្មីក៏បានចេញមុខថ្កោលទោសចំពោះការវាយប្រហារដ៏ឃោរឃៅរបស់កងទ័ពអ៊ីស្រាអែល នៅទីក្រុង Damas ក្បែរវិមានប្រធានាធិបតីស៊ីរី ។


ចំណែកឯ ភាគីអ៊ីស្រាអែលវិញបានប្រកាសថាការវាយប្រហារតាមផ្លូវអាកាសនេះ គ្រាន់តែជាការផ្ញើសារព្រមានដល់របបដឹកនាំស៊ីរីថ្មីប៉ុណ្ណោះ។ អ៊ីស្រាអែលនឹងទប់ស្កាត់រាល់អំពើហិង្សាណាមួយពីសំណាក់កងកម្លាំងស៊ីរី មកលើសហគមន៍ជនជាតិភាគតិច Druzes នៅតំបន់ប៉ែកខាងត្បូងស៊ីរី។ រដ្ឋាភិបាលអ៊ីស្រាអែលក៏បានអះអាង ថាបានដាក់ពង្រាយកងទ័ពរបស់ខ្លួននៅតំបន់នោះ។ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្រី្ត និង រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល។

ដោយឡែក អ្នកទទួលខុសត្រូវម្នាក់របស់ជនជាតិភាគតិច Druzes នៅខេត្ត Soueïda ដែលស្ថិតនៅភាគត្បូងស៊ីរី បានអះអាងថាគេនៅពុំទាន់ឃើញមានការដាក់ពង្រាយកងទ័ពអ៊ីស្រាអែល ដូចការលើកឡើងរបស់ប្រមុខដឹកនាំអ៊ីស្រាអែលឡើយ។ វត្តមានរបស់កងទ័ពអ៊ីស្រាអែល គឺនៅត្រឹមតំបន់សប៉ុណ្ណោះ ដែលស្ថិតនៅខ្ពង់រាបហ្គោឡានស៊ីរី ខេត្ត Quneitra តាមបណ្តាយព្រំដែនខាងត្បូងស៊ីរីជាប់អ៊ីស្រាអែល។ គួរបញ្ជាក់ថា កងទ័ពអ៊ីស្រាអែល​បាន​ចូលទៅ​គ្រប់គ្រងតំបន់ខ្ពង់រាបហ្គោឡាន នៅក្រោយ​ការដួលរលំ​របបបាស្ហា អាល់អាសាដ កាលពីដើមខែធ្នូ ឆ្នាំ២០២៤។

គួររំឭកថា កងទ័ពស៊ីរីនិងកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច Druzes បានប៉ះទង្គិចអាវុធគ្នា នៅជំរំជនភៀសខ្លួន Jaramana ដែលស្ថិតនៅចម្ងាយប្រមាណ ១៥គីឡូម៉ែត ភាគខាងត្បូងទីក្រុង Damas។ ការប្រយុទ្ធគ្នាដ៏ហិង្សាកាលពីចុងខែមីនា បានផ្តាច់ជីវិតមនុស្សជាង ១០០នាក់ ភាគច្រើនជាជនជាតិភាគតិច Druzes។ នេះបើយោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី៕

Nº.0651




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top