មហាសេដ្ឋី អេឡុន ម៉ាស្ក៍ បានប្រកាសជាផ្លូវការដើរចេញពីក្រុមការងារ របស់រដ្ឋបាល លោកដូណាល់ ត្រាំ

7News

មហាសេដ្ឋី អេឡុន ម៉ាស្ក៍ បានប្រកាសជាផ្លូវការដើរចេញពីក្រុមការងារ របស់រដ្ឋបាល លោកដូណាល់ ត្រាំ

ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥៖

មហាសេដ្ឋី អេឡុន ម៉ាស្ក៍ដែលជា ម្ចាស់ក្រុមហ៊ុនតេសស្លា និងក្រុមហ៊ុន Space X បាន ប្រកាស ដកខ្លួន ចេញពី ក្បាលម៉ាស៊ីនក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ថា DOGE។ ដោយ ដើរចេញពីក្រុមការងារ របស់ លោកដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ទី ២៤ ឧសភា លោក អេឡុន ម៉ាស្ក៍ដែលជា មហាសេដ្ឋី មាន លុយច្រើនជាងគេ នៅក្នុងពិភពលោក បាន ប្រកាស បូជាថាមពល និងពេលវេលា ដើម្បីក្រុមហ៊ុន ឯកជនរបស់លោក ជាពិសេស តេសស្លា ដែល ធ្លាក់កូដប្រជាប្រិយភាព ខាតបង់ ប្រាក់ រាប់ពាន់ លាន ដុល្លារ ចាប់តាំង មហាសេដ្ឋី រូបនេះ ចូលរួម ក្នុង រដ្ឋបាល លោកដូណាល់ ត្រាំ ដើម្បីកាន់ ប៉ុស្ត គន្លឹះ ដែលមាន គោលដៅធ្វើកំណែទម្រង់ កាត់បន្ថយ ខ្ទង់ចំណាយ របស់អាមេរិក។

លោកដូណាល់ ត្រាំ បាត់បង់រដ្ឋមន្រ្តីបញ្ញាសិប្បនិម្មិត លោក អេឡុន ម៉ាស្ក៍ ទីប្រឹក្សា ដែលលោក បានតែងតាំង កាលពី ដើមអាណត្តិ ឲ្យ មើលការខុសត្រូវ លើ ក្រសួង ប្រសិទ្ធភាព រដ្ឋាភិបាល ដែលមាន គោលដៅ ធំ គឺ កាត់បន្ថយ ឲ្យបាន អតិបរមា ខ្ទង់ចំណាយ របស់រដ្ឋសហព័ន្ធ។

នៅថ្ងៃ សៅរ៍ ទី ២៤ ឧសភា ពោល គឺ នៅប៉ុន្មានម៉ោង ក្រោយ បណ្តាញ សង្គម X រលត់ មិន ដំណើរការ អស់ជាច្រើន ម៉ោង មហាសេដ្ឋី អេឡុន ម៉ាស្ក៍ បាន ប្រកាស ជាផ្លូវការ ដើរចេញ ពីក្រុមការងារ របស់ រដ្ឋបាល លោកដូណាល់ ត្រាំ ដើម្បី ផ្តោត ការងារ ១០០% ទៅលើ មុខជំនួញរបស់លោក។ ដោយ ប្រកាស ត្រលប់ទៅធ្វើការពេញមួយថ្ងៃ មួយសប្តាហ៍ ៧ថ្ងៃ និង ស្នាក់នៅជាប្រចាំនៅបន្ទប់សន្និសីទ ក្នុង រោងចក្រ ផលិតរថយន្តតេសស្លា ឬ ក្រុមហ៊ុន Space X លោកអេឡុន ម៉ាស្ក៍អះអាងថា លោក ចង់ ស្រោចស្រង់ ក្រុមហ៊ុន X ដែលទើប រងការវាយប្រហារ ពី ក្រុមចោរព័ត៌មានវិទ្យា និង ចង់ស្តារមុខមាត់ របស់ ក្រុមហ៊ុនរថយន្ត អគ្គិសនី តេសស្លា ដែលមានភាគហ៊ុន ធ្លាក់ដាំក្បាលចាប់តាំងពី លោក ចូលរួម ក្នុងរ ដ្ឋាភិបាល លោកដូណាល់ត្រាំ ក្នុងនាម ជា ប្រធាន ក្រសួងដើម្បីប្រសិទ្ធភាព រដ្ឋាភិបាល ហៅកាត់ថា DOGE។ ដោយចំណាយពេល ទាំងស្រុង លើ ក្រុមហ៊ុន ឧស្សាហកម្ម និងគម្រោងកម្មវិធីបញ្ញាសិប្បនិម្មិត មហាសេដ្ឋី ដែលមានទ្រព្យសម្បត្តិ ច្រើនជាងគេ ក្នុងពិភពលោក និយាយ ដែរថា លោក ចង់ ផ្តោតសំខាន់លើបេសកកម្ម របស់ ក្រុមហ៊ុន Space X ដែលត្រូវ បាញ់បញ្ជូនយានអវកាស សាជាថ្មី នៅថ្ងៃអង្គារដើមសប្តាហ៍នេះ។

បន្ទាប់ពី ចំណាយ លុយជាង ១០០លាន ដុល្លារ ដើម្បីជួយ លោកដូណាល់ ត្រាំ នៅក្នុង យុទ្ធនាការ ឃោសនាបោះឆ្នោត លោក អេឡុន ម៉ាស្ក៍ ត្រូវ បាន លោក ដូណាល់ ត្រាំ ជ្រើសរើស ឲ្យ កាន់ក្បាលម៉ាស៊ីន ស្ថាប័ន ដ៏ថ្មីស្រឡាង ជាមួយមហិច្ឆតា កាត់បន្ថយ ប្រាក់បំណុលរដ្ឋ តាមរយៈ ការលុបចោល ការចំណាយ និងការធ្វើឌីជីថល រូបនីយកម្មដោយចាប់បង្ខំនៅតាមបណ្តាស្ថាប័នរដ្ឋ។

នៅ ដើមអាណត្តិ លោក អេឡុន ម៉ាស្ក៍ ដែលគេ ជឿថា ជាអ្នកផ្លុំ ខ្សឹបដាក់ត្រចៀក លោកដូណាល់ ត្រាំ ឲ្យ លុបបំបាត់ ចោល ទីភ្នាក់ងារ ផ្តល់ជំនួយបរទេស USAID បាន សន្យា កាត់ច្រិបគ្រប់វិស័យ ដើម្បី ឲ្យ រដ្ឋបាល លោកដូណាល់ ត្រាំ អាច សន្សំសំចៃប្រាក់ប្រមាណ ២ទ្រីលាន ដុល្លារក្នុងអាណត្តិរបស់លោកដូណាល់ ត្រាំ។ ប៉ុន្តែ នៅក្នុង រយៈពេល ៤ខែ ដើមអាណត្តិ របស់ លោកដូណាល់ ត្រាំ គម្រោងកាត់បន្ថយ ខ្ទង់ចំណាយ ដ៏អប្រជាប្រិយភាព របស់ លោកដូណាល់ ត្រាំ ក្រោម ការជំរុញ របស់ លោក អេឡុន ម៉ាស្ក៍ ត្រូវគេប្រមាណថា នឹងអាច ធ្វើ ឲ្យ រដ្ឋបាល លោកត្រាំ កាត់បន្ថយ ថវិកា ប្រមាណតែ១៦០ពាន់លាន ដុល្លារ ពោល គឺ តិចឆ្ងាយជាងការសន្យា របស់ លោកអេឡុន ម៉ាស្ក៍។

នៅក្នុងក្រសែភ្នែក របស់ អ្នកជំនាញ អ្នកប្រវត្តិសាស្រ្ត ដូចជា លោក Henry Brands នៃសកលវិទ្យាល័យតិចសាស់ ការដកខ្លួន របស់មហាសេដ្ឋី អេឡុន ម៉ាស្ក៍ ពី ក្រុមលោកដូណាល់ ត្រាំ មិនមែនជា រឿងថ្មីទេ។ អ្នកជំនួញជាច្រើន នាក់ ដូចជា មហាសេដ្ឋី ម្ចាស់ក្រុមហ៊ុន ប្រេង Rex Tillerson ជាដើម ដែលធ្លាប់ មាន ឆន្ទៈចង់ ជួយ រដ្ឋបាល លោកដូណាល់ ត្រាំ ធ្វើកំណែទម្រង់កាលពីអាណត្តិទី ១ ក៏ត្រូវ ខ្ទាតចេញពីរង្វង់ នយោបាយ ដែរ។ ក្នុងនាមជា អ្នកជំនួញ និង មាន ចក្ខុវិស័យ លោក អេឡុន ម៉ាស្ក៍ផ្ទាល់ ចង់ធ្វើកំណែទម្រង់ កាត់បន្ថយការចំណាយ ដែល ចាត់ទុក ថា ខ្ជះខ្ជាយ ដូចជា នៅក្នុង វិស័យកងទ័ព កេសប្រាក់អ្នកចូលនិវត្តន៍ ជាដើម។ លោកអេឡុន ម៉ាស្ក៍មាន ឆន្ទៈ ចង់ធ្វើកំណែទម្រង់ស៊ីជម្រៅ ប៉ុន្តែ នៅទីបំផុត ត្រូវ បរាជ័យ។

ចំពោះអ្នកជំនាញ បរាជ័យរបស់ លោកអេឡុន ម៉ាស្ក៍ មិនមែនមកពីបញ្ហា បច្ចេកទេស ប៉ុន្តែ ជា បញ្ហា នយោបាយ។ ដោយ ចង់ កាត់បន្ថយ ខ្ទង់ចំណាយ របស់ ក្រសួងការពារ ជាតិ និងហិបប្រាក់និវត្ត ន៍ របស់ ប្រជាជន អាមេរិក លោក អេឡុន ម៉ាស្ក៍ កំពុង គំរាមកំហែង ប្រយោជន៍ របស់ ក្រុមហ៊ុន ផលិតអាវុធអាមេរិក និង អ្នកនយោបាយ ដែល ត្រូវ ការសំឡេងឆ្នោតពីប្រជាជនអាមេរិក។ ដោយ បរាជ័យ មិនអាច ធ្វើកំណែទម្រង់ គាស់រំលើងឬសគល់នៃបញ្ហា លោកអេឡុន ម៉ាស្ក៍ មានតែ ត្រូវ ដកខ្លួនចេញពី ពិភពនយោបាយ។

នៅក្រោយ ការប្រកាស ដកខ្លួន របស់ មហាសេដ្ឋី អេឡុន ម៉ាស្ក៍ អ្នកនាំពាក្យ របស់ សេតវិមាន បាន អះអាងធានាថា ក្រសួង ដើម្បីប្រសិទ្ធភាព រដ្ឋាភិបាល DOGE នៅតែ បន្តបេសកក ម្ម របស់ ខ្លួន ដើម្បីកាត់បន្ថយ ការចំណាយខ្ជះខ្ជាយ ការរំលោភអំណាច និងការលួចបន្លំ៕

Nº.0716




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top