បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត តម្លៃជាង២,៤លានដុល្លារ បានដាក់ឱ្យដំណើរការ
ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥៖
ថ្លែងនៅក្នុងពិធីសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់សញ្ញាបត្រ ជូនដល់ និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី២១ ខែឧសភានេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានញ្ជាក់ថា អគារបណ្ណាល័យនេះ មានកម្ពស់៥ជាន់ ស្មើនឹង៣៧បន្ទប់ ត្រូវបានសាងសង់ឡើង ក្រោម កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត ត្រូវបានរចនាឡើង ដោយឈរលើទស្សនាទានបីរួមគ្នាគឺ អប់រំ វប្បធម៌ និងសាសនា។ អគារនេះមានទម្រង់ ជាអក្សរ «រ» នៅពីលើអក្សរ «អ» ដែលតំណាងឱ្យការអប់រំ ដោយប្រើប្រាស់ខឿន និងផ្កាភ្ញីប្រាសាទអង្គរ ដែលតំណាងឱ្យវប្បធម៌ជាតិ និងមានដំបូលលើមាត់ទ្វាររាងដូចដំបូលព្រះវិហារ ដែលតំណាងឱ្យព្រះពុទ្ធសាសនា។
បណ្ណាល័យបានប្រមូលផ្តុំឯកសារ ស្តីពីការអប់រំរបស់កម្ពុជា ចាប់តាំងពីមុនសម័យអណនិគមបារាំង រហូតដល់ពេលបច្ចុប្បន្ន និងរួមទាំងបណ្ណាល័យទូរនិម្មិត ដែលសិស្ស និស្សិត គ្រូបង្រៀន និងអ្នកស្រាវជ្រាវអាចចូលមើល និងស្រាវជ្រាវបានដោយសេរី។ នេះបើតាមរដ្ឋមន្ត្រីក្រសួងអប់រំ ដោយលោកបន្ថែមដូច្នេះ៖ « បណ្ណាល័យ មានបំពាក់សៀវភៅពាក់ព័ន្ធនឹងការអប់រំ ជាង២ម៉ឺនក្បាល សាលអានដែលមាន ច្រើនទម្រង់ បន្ទប់ស្វ័យសិក្សា និងធ្វើការជាក្រុម បន្ទប់ស្ទូឌីយោសម្រាប់ស្តាប់ និងមើលវីដេអូ បន្ទប់កុំព្យូទ័រសម្រាប់ស្រាវជ្រាវឯកសារ បន្ទប់ប្រជុំ ការិយាល័យធ្វើការរបស់បណ្ណារក្ស បន្ទប់រក្សាឯកសារក្រោមដី បន្ទប់ថែទាំទារកសម្រាប់ស្ត្រីមានកូនតូ ច។ បណ្ណាល័យនេះ នឹងក្លាយទៅជាបណ្ណាល័យឯកទេសអប់រំសតវត្សរ៍ទី២១ ដំបូងបង្អស់នៅកម្ពុជា។»។
សូមរំឭកថា អគារបណ្ណាល័យនេះ ត្រូវបានបញ្ចុះបឋមសីលាសាងសង់ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
បណ្ណាល័យ សម្តេច ព្រះសង្ឃរាជ ជួន ណាត ដែលត្រូវបានបើកសម្ពោធដាក់ឱ្យដំណើរការនៅថ្ងៃទី២១ ខែឧសភា គឺជាផ្នែកមួយនៃសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ ជាច្រើនទៀត ដូចជា ការសាងសង់អគារសិក្សាមហាវិទ្យាល័យគរុកោសល្យ, ជួសជុលអគារបេតិកភណ្ឌ អគារសិក្សា និងអគារការិយាល័យចំនួន ១៦, ការសាងសង់ខ្លោងទ្វារ របងព័ទ្ធជុំវិញ និងខឿនព័ទ្ធជុំវិញ ដោយរក្សារចនាបទដើម, ការបំពាក់សម្ភារពិសោធន៍មុខវិជ្ជាវិទ្យាសាស្ត្រ (រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងផែនដីនិង បរិស្ថានវិទ្យា) និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ជាច្រើនទៀត ក្នុងគោលដៅចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស និងវិស័យអប់រំនៅកម្ពុជា៕
Nº.0698