អ.ស.ប និងអង្គការប៉ាឡេស្ទីន ថាអ៊ីស្រាអែលធ្វើអំពើប្រល័យពូជសាសន៍ ដោយកាត់បន្ថយកំណើតទារក

7News

អ.ស.ប និងអង្គការប៉ាឡេស្ទីន ថាអ៊ីស្រាអែលធ្វើអំពើប្រល័យពូជសាសន៍ ដោយកាត់បន្ថយកំណើតទារក

ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥៖

អ៊ីស្រាអែលកំពុងតែ​ធ្វើអំពើប្រល័យពូជសាសន៍ ទៅលើប្រជាជនប៉ាឡេស្ទីន​​នៅតំបន់ហ្កាហ្សា តាមរយៈការប្រើវិធីរារាំង​មិនឲ្យ​អ្នករស់នៅ​តំបន់ហ្កាហ្សា អាចមាន​កូន​។ នេះគឺជាការអះអាងសន្និដ្ឋាន របស់​អង្គការ​ក្រៅរដ្ឋាភិបាល​ប៉ាឡេស្ទីន​មួយ និងក្រុមអ្នកជំនាញ​មួយក្រុម​ នៃអង្គការសហប្រជាជាតិ ដែលបានចេញផ្សាយរបាយការណ៍ កាលពីថ្ងៃទី​២៩មេសា​។ ដោយឡែក អ៊ីស្រាអែលបានបរិហារបាយការណ៍នេះ ថាជារបាយការណ៍​បែប​ ស្អប់ខ្ពើមមកលើប្រជាជនជ្វីហ្វអ៊ីស្រាអែល​។

អ្នកទទួលខុសត្រូវម្នាក់ ដោយសុំមិនបញ្ចេញឈ្មោះ នៃអង្គការប៉ាឡេស្ទីន Miftah បានអះអាងថា អ៊ីស្រាអែលកំពុងធ្វើឲ្យ​ប្រជាជននៅតំបន់ហ្កាហ្សាត្រូវផុតពូជ តាមរយៈការប្រើវិធីរារាំងមិន​ឲ្យ​ប្រជាជនប៉ាឡេស្ទីនមាន​កូន​តពូជ​។ របាយការណ៍​ របស់​​អង្គការប៉ាឡេស្ទីន​មួយនេះ បានលើកឡើងទៀតថា អាជ្ញាធរអ៊ីស្រាអែល​មិនដែលលាក់ទេ នូវចេតនា​ចង់​ធ្វើ​ឲ្យ​តំបន់​ហ្កាហ្សា លែងមាន​ប្រជាជនប៉ាឡេស្ទីនរស់នៅតទៅទៀត។ ដូច្នេះ ការជម្លៀសមនុស្សចេញ និង​ការ​កាត់បន្ថយ​អត្រាកំណើតទារក នៅក្នុងតំបន់ហ្កាហ្សា គឺជា​មធ្យោបាយ​ដែល​អ៊ីស្រាអែល​កំពុងតែធ្វើ​។

គួរបញ្ជាក់ថា របាយការណ៍នេះ ត្រូវបានបង្ហាញជាសាធារណៈ កាលពីថ្ងៃទី​២៩មេសា នៅទីក្រុងរ៉ាម៉ាឡា​។ មន្ត្រី​អង្គការ​ Miftah ខាងលើ បានលើកឡើងថា អ៊ីស្រាអែលបាន​ធ្វើ​ឲ្យ​ការពរពោះ​ ត្រូវប្រឈមគ្រោះថ្នាក់ខ្លាំង ខណៈបណ្តាញសេវាកម្ម​សុខភាពមាតា​និងទារក នៅតំបន់​ហ្កាហ្សា ត្រូវបំផ្លេចបំផ្លាញខ្ទេចខ្ទីរអស់​។

សេចក្តីសន្និដ្ឋានខាងលើរបស់​អង្គការប៉ាឡេស្ទីនេះ ក៏មានមានខ្លឹមសារដូចគ្នាទៅនឹងការសន្និដ្ឋាន​របស់​​ ​ក្រុមអ្នកជំនាញ​នៃអង្គការសហប្រជាជាតិ។ លោក Chris Sidoti មេធាវីម្នាក់នៅក្រុមអ្នកជំនាញ​អង្គការសហប្រជាជាតិ បានលើកឡើងថា មន្ទីរពេទ្យសម្ពពនៅហ្កាហ្សា​ បានរងការខូចខាតដោយ​ការបាញ់​ប្លោងទម្លាក់គ្រាប់របស់អ៊ីស្រាអែល ក្នុងនោះគឺមាន​គ្លីនិក​​បង្កកំណើតទារកក្នុងកែវ ដ៏ធំបំផុត​នៅហ្កាហ្សា។ យ៉ាងហោច​ អំប៊្រីយ៉ុងចំនួន​៤០០០​ត្រូវបាន​កំទេច។ លោកមេធាវីរូបនេះអះអាងថា ទង្វើនេះអាចចាត់ទុកបានថាជា​សង្គ្រាម​ប្រឆាំង​អត្រាកំណើតទារក​ ដែលអ៊ីស្រាអែលធ្វើទៅលើប្រជាជននៅហ្កាហ្សា​។ លោក Chris Sidoti អះអាងទៀតថា មានករណីទារុណកម្ម​ជាច្រើនបង្កឡើងដោយ​ភាគីអ៊ីស្រាអែល ដែលមាន​លក្ខណៈជាការបៀតបៀនផ្លូវភេទ ការគំរាមផ្លូវភេទៗផ្សេងៗទៀត។

យ៉ាងណាក៏ដោយ អ៊ីស្រាអែលបាន​បរិហារសេចក្តីសន្និដ្ឋាននៃរបាយការណ៍ខាងលើ ដោយចាត់ទុកថាជារបាយការណ៍​កុហក​បោក​ប្រាស់ និង​មានលក្ខណៈស្អប់ខ្ពើម​មកលើ​ប្រជាជនជ្វីហ្វអ៊ីស្រាអែល​។

សូម​បញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍​នេះ តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បាន​បើកសវនាការរបស់ខ្លួន ដែល​នឹងមានរយៈពេល​៥០ថ្ងៃ ដើម្បីជំរំជំរះ​សំណុំរឿងដែលអ៊ីស្រាអែល ត្រូវគេចោទថាបានបិទខ្ទប់​តំបន់ហ្កាហ្សា ក្នុងចេតនា​ប្រល័យពូជសាសន៍ ឬអាចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ​។ នៅចំពោះមុខ​អង្គចៅក្រម តំណាងរដ្ឋាភិបាលបារាំង លោក Diégo Colas បានថ្លែងថា អ៊ីស្រាអែលត្រូវតែដកចេញជាបន្ទាន់ នូវការបិទខ្ទប់​ការដឹកជញ្ជូនស្បៀងចូលទៅតំបន់ហ្កាហ្សា ព្រោះថាទង្វើនេះជាទង្វើធ្វើ​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​សា្លប់​ដោយ​ដាច់ពោះ​។

ដោយឡែក លោក Josh Simmons តំណាងរដ្ឋាភិបាលអាមេរិកវិញ បាន​ថ្លែងនៅមុខចៅក្រមតុលាការក្រុងឡាអេ ថា​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិទទួល​បន្ទុក​ជនភៀសខ្លួនប៉ាឡេស្ទីន ហៅកាត់ថា UNRWA បានធ្វើសកម្មភាពលំអៀងទៅខាង​ក្រុមភេរវកម្មហាម៉ាស ព្រោះទីភ្នាក់ងារនេះបានអនុញ្ញាត​ឲ្យ​ក្រុមហាម៉ាសយកទីតាំងខ្លួន ​ប្រើជាកន្លែងលាក់ខ្លួន និង​ជាទីតាំងស្តុកអាវុធជាដើម​។ មន្ត្រីអាមេរិករូបនេះ អះអាងទៀតថា អង្គការនេះមិនមែនជាជម្រើសតែមួយគត់ ក្នុងការចាត់ចែងបែងចែកស្បៀងអាហារនិងជំនួយ​មនុស្សធម៌​ នៅតំបន់​ហ្កាហ្សានោះឡើយ​៕

Nº.0642

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top