សាលាឧទ្ធរណ៍​ភ្នំពេញ​៖ សម្រេច​តម្កល់​សាល ក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​អតីត​ឧ​កញ៉ា ស្រី ស៊ី​ណា ដាក់​ពន្ធនាគារ​៣១​ឆ្នាំ ដដែល

7News

សាលាឧទ្ធរណ៍​ភ្នំពេញ​៖ សម្រេច​តម្កល់​សាល ក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​អតីត​ឧ​កញ៉ា ស្រី ស៊ី​ណា ដាក់​ពន្ធនាគារ​៣១​ឆ្នាំ ដដែល

ចេញផ្សាយនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥

ភ្នំពេញ៖ សាលាឧទ្ធរណ៍ នៅថ្ងៃទី៣០ ខែមេសា បានសម្រេចតម្កល់សាលក្រម​របស់​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ទុកជាបានការដដែល។ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ជនជាប់ចោទ ស្រី ស៊ីណា សរុប៣១ឆ្នាំ និងពិន័យជាប្រាក់សរុបជាង២លានដុល្លារ ដល់គ្រួសារជនរងគ្រោះដែលស្លាប់ទាំង២នាក់ និងប្រមាណ ៥០ម៉ឺនដុល្លារ ដល់ជនរងគ្រោះដែលរងរបួស ពាក់ព័ន្ធនឹងសំណុំរឿងចំនួន៣ គឺករណី​ឃាតកម្ម , ប៉ុនប៉ងឃាតកម្ម។ ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងរំលោភលើ​លំនៅឋាន។

​សំណុំរឿងទាំងនោះគឺសំណុំរឿងទី១ សាលាដំបូង បានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ​ ដាក់ពន្ធនាគារ​កំណត់រយៈពេល ១៥ (ដប់ប្រាំ) ឆ្នាំ និងពិន័យ​ជា​ប្រាក់ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល ពីបទឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មាន​ការអនុញ្ញាត បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមមាត្រា១៩៩ ក្រម​ព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ និងបាន​បង្គាប់​ឱ្យ​ ស្រី ស៊ីណា សងសំណងជំងឺចិត្តចំនួន ១ ​លានដុល្លារ​ ទៅដើម​បណ្តឹងរដ្ឋប្បវេណីឈ្មោះ ម៉ាំង បូណា ត្រូវជាឪពុកជនរងគ្រោះ ឃីន កញ្ចនា ដែលបាន​ស្លាប់ និងបង្គាប់ឱ្យសងសំណង​ជំងឺចិត្តចំនួន ១ ​លានដុល្លារ​​ទៀត ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ជា អញ្ជលី ត្រូវជាម្តាយ​ជន​រងគ្រោះឈ្មោះ ឡុង លីសុង ដែលបានស្លាប់។ 

សំណុំរឿងទី២ តុលាការបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទ​ ស្រី ស៊ីណា ​ ដាក់​ពន្ធនាគារកំណត់រយៈពេល១៥ឆ្នាំ និងពិន័យជាប្រាក់​ចំនួន ២ ​លានរៀល ពីបទប៉ុនប៉ង​ឃាត​កម្ម និងប្រើប្រាស់អាវុធដោយគ្មាន​ការអនុញ្ញាត បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា២៧ មាត្រា១៩៩ ក្រមព្រហ្ម​ទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និង​គ្រាប់រំសេវ និងបានបង្គាប់​ឱ្យ​​សងសំណងជំងឺចិត្តចំនួន ៣០ម៉ឺនដុល្លារ​ ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ សុខុម ចរណៈ ដែលជាអ្នករងរបួស និងចំនួន ២០ម៉ឺនដុល្លារ ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ហុង រិទ្ធារ័ក្ស ដែលជាអ្នក​រង​របួស។ 

សំណុំរឿងទី៣ តុលាការបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទ​ ស្រី ស៊ីណា  ដាក់​ពន្ធ​នា​គារ​កំណត់រយៈពេល ១ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ លានរៀល ពីបទ រំលោភលើ​លំ​នៅ​ឋាន បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោស តាមមាត្រា២៩៩ ក្រម​ព្រហ្មទណ្ឌ​កម្ពុជា និង​បាន​បង្គាប់ឱ្យ​ ស្រី ស៊ីណា សងសំណងជំងឺចិត្តចំនួន ៥ម៉ឺនដុល្លារ​ ទៅ​ដើម​បណ្តឹង​រដ្ឋប្បវេណីឈ្មោះ ជា អញ្ជលី ត្រូវជាម្តាយម្ចាស់ផ្ទះ។

ជនជាប់ចោទ រី ស៊ីណា បានបាញ់ទៅលើជនរងគ្រោះ៤នាក់ ដោយក្នុងនោះយុវជន២នាក់ ដែលជាគូដណ្ដឹងនឹងគ្នាបានស្លាប់​ និងមនុស្ស២នាក់ទៀតរងរបួស។ ជនរងគ្រោះទាំង៤នាក់ ក្នុងហេតុការណ៍នេះ រួមមានលោក ឡុង លីសុង និងកញ្ញា ឃីម កញ្ចនា ដែលជាគូដណ្ដឹងនឹងគ្នា បានបាត់បង់ជីវិត។ ចំណែកយុវជន សុខុម រ៉ាចាណៈ និង ហុង រិទ្ធធារ័ក្ស រងរបួសធ្ងន់ និងស្រាល។ ពួកគេទាំង៤នាក់ មានមុខរបរជាជាងថតរូប ស្នាក់នៅផ្ទះកើតហេតុខាងលើ។

សមត្ថកិច្ច បានឃាត់ខ្លួនខ្មាន់កាំភ្លើងភ្លាមៗក្រោយកើតហេតុ ដោយរូបគេបានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនដកកាំភ្លើងបាញ់ប្រហារលើជនរងគ្រោះ ព្រោះតែទំនាស់រឿងប្រើប្រាស់ស្នួហាលខោអាវ និងការចតឡានមុខផ្ទះ៕

Nº.0641



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top