កូរ៉េខាងត្បូង៖ គណបក្សប្រឆាំងជ្រើសរើសលោក លី ចែម្ញុង ជាបេក្ខជនប្រធានាធិបតី

7News

កូរ៉េខាងត្បូង៖ គណបក្សប្រឆាំងជ្រើសរើសលោក លី ចែម្ញុង ជាបេក្ខជនប្រធានាធិបតី

ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥៖

នៅកូរ៉េខាងត្បូង គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងដ៏ធំជាងគេ បានតែងតាំងលោក លី ចែម្ញុង ជាបេក្ខជនសម្រាប់ប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ក្រោយពីលោក យូន ស៊ុកយោល ត្រូវតុលាការធម្មនុញ្ញទម្លាក់ចេញពីកៅអីប្រធានាធិបតី កាលពីដើមមេសា កន្លងទៅ។ ការបោះឆ្នោតប្រធានាធិបតីមុនអាណ្ណតិនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី៣ មិថុនា ខាងមុខ។

នៅកូរ៉េខាងត្បូង ការសម្រេចតែងតាំង លោក លី ចែម្ញុង ជាបេក្ខជនប្រធានាធិបតី ធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៧ មេសា នៅទីក្រុង Goyang ដែលស្ថិតនៅភាគខាងលិចទីក្រុងសេអ៊ូល ក្នុងសមាជរបស់គណបក្សប្រជាធិបតេយ្យដែលជាបក្សដ៏ប្រឆាំងដ៏ធំជាងគេ។ លោក លី ទទួលបានសម្លេងគាំទ្រយ៉ាងច្រើនលើសលប់ រហូតដល់ ៨៩,៧%។ ថ្លែងនៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួន បេក្ខជនប្រធានាធិបតីរូបនេះបានសន្យាដោះស្រាយវិបត្តិនយោបាយជាប់គាំងនៅកូរ៉េខាងត្បូង ដោយសារការប្រកាសច្បាប់អាជ្ញាសឹក លោក យូន ស៊ុកយោល កាលពីដើមខែធ្នូ ឆ្នាំ២០២៤។ លោក លី ក៏បានសន្យាកែប្រែស្ថានការណ៍ដ៏អាក្រក់នេះឲ្យប្រសើឡើងវិញ ព្រមទាំងកសាងសាធារណរដ្ឋកូរ៉េឲ្យក្លាយជាប្រទេសពោរពេញដោយក្តីសង្ឈឹមនិងក្តីស្រឡាញ់។

ចំណែកឯគណបក្សអំណាចប្រជាជនរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយោល ត្រូវជ្រើសតាំងបេក្ខភាពរបស់ខ្លួន នៅថ្ងៃសៅរ៍ សប្តាហ៍ក្រោយ ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតី ដែលប្រព្រឹត្តទៅ នៅថ្ងៃអង្គារ ទី៣ មិថុនា ខាងមុខ។

គួររំឭកថា លោកលី ជា អតីត មេធាវី និង ជា មេដឹកនាំ ខេត្ត Gyonggi ដែលមានមនុស្ស រស់ ច្រើន ជាង គេ បំផុត របស់ប្រទេសកូរ៉េខាងត្បូង។ ធ្លាប់ ជា បេក្ខជន ប្រធានាធិបតីពីរដងរួចមក ពោលគឺ នៅ ឆ្នាំ ២០១៧ និង ឆ្នាំ២០២២។ ក៏ប៉ុន្តែ លោក លី បានចាញ់ឆ្នោតទាំងពីរលើក ហើយលើកចុងក្រោយ ពោលគឺនៅឆ្នាំ២០២២ គឺចាញ់លោក យូន ស៊ុកយោលតែប៉ុន្មានសំឡងប៉ុណ្ណោះ ដោយសារតែនៅពេលនោះ លោក លី រួបរឹត ដោយរឿងអាស្រូវ ពុករលួយ ជាច្រើន នៅក្នុង ពេល លោក កាន់ តំណែង ជា ចៅហ្វាយខេត្ត Gyonggi។ ទោះ បរាជ័យ នៅក្នុង ការបោះឆ្នោត ប្រធានាធិបតី និង ជាប់សំណាញ់តុលាការ ដោយសារ រឿងអាស្រូវពុករលួយ លោក លី ចែម្ញុង នៅតែមាន ប្រជាប្រិយភាព នៅ កូរ៉េខាងត្បូង ដោយមកពី គោលនយោបាយ របស់ លោក ដែល ចង់ បង្កើន ប្រាក់ចំណូល សកល ជា អប្បបរមា សម្រាប់ ប្រជាជន កូរ៉េខាងត្បូង។

បើតាមការស្ទាបស្ទង់មតិបង្ហាញថា លោក លី ចែម្ញុង អាចនឹងទទួលបានសម្លេងគាំទ្រ រហូតដល់ ៣៨% បើប្រៀបធៀបគូប្រជែងរបស់លោកទាំងអស់ដែលទទួលបានសម្លេងគាំទ្រ តិចជាង ១០%។ ដូច្នេះ បេក្ខជនប្រធានាធិបតីវ័យ៦០ឆ្នាំរូបនេះ អាចមានសង្ឈឹមឈ្នះឆ្នោតធ្វើជាប្រធានាធិបតីកូរ៉េខាងត្បូង នាពេលខាងមុខ៕

Nº.0634

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top